ព័ត៌មានជាតិ
កម្ពុជានាំចេញទៅអាមេរិក មានទំហំទឹកប្រាក់ជាង ៩,៣ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ ខែ
ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានទឹកប្រាក់ជាង ៩,៣ ពាន់លានដុល្លារក្នុងរយៈពេល១១ខែកន្លងមកនេះ កើនឡើងជាង១១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ៩,៣ ពាន់លានដុល្លារ កើនឡើង ១១ ភាគរយ ក្នុងនោះកម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃជាង ៩ ពាន់លានដុល្លារ កើនឡើងជាង ១១ ភាគរយ និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃជាង ២៤៤ លានដុល្លារ កើនឡើង ៩,៨ ភាគរយ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ជាមួយនឹងការនាំចេញទំនិញពីកម្ពុជាទៅសហរដ្ឋអាមេរិកនៅតែរក្សាបាននូវកំណើនដ៏ល្អប្រសើរ ទោះបីជាមានអស្ថិរភាពនៅក្នុងតំបន់ និងមជ្ឈឹមបូព៌ាក្តី ក៏លោកបានសង្កេតឃើញថាមានលំហូរនៃការវិនិយោគលើវិស័យឧស្សាហកម្ម ជាពិសេសវិស័យកាត់ដេរ។
ជាមួយគ្នានេះដែរ កម្ពុជាក៏បានធ្វើការនាំចេញនូវផលិតផលកសិកម្មមួយចំនួនទៅកាន់ទីផ្សារអាមេរិកផងដែរ ស្របពេលដែលការិយាល័យតំណាងសភាពាណិជ្ជកម្មរបស់កម្ពុជាបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយអំពីវិស័យសក្តានុពល និងផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក។
លោកបានថ្លែងថា៖«យើងឃើញថាទីផ្សារអាមេរិកនៅតែជាដៃគូរពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា ខណៈដែលយើងក៏មានតំណាងការិយាល័យសភាពាណិជ្ជកម្មដែលយើងបានរៀបចំនូវជំនួបពាណិជ្ជកម្មដើម្បីផ្សព្វផ្សាយនូវផលិតផលកសិកម្មរបស់យើងទៅកាន់អ្នកទិញនិងក្រុមហ៊ុននាំចូលផ្ទាល់តែម្តង។ យើងសង្ឃឹមថាយើងនឹងមើលឃើញនូវទំនិញកម្ពុជាយើងកាន់តែច្រើនទៅកាន់ទីផ្សារអាមេរិកនាពេលខាងមុខ»។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរ ដែលផ្តល់នូវបរិយាកាសនៃការវិនិយោគ និងការដោះដូរពាណិជ្ជកម្មរវាងប្រទេសពីរកាន់អំណោយផល។
លោកថា៖«យើងរំពឹងថា កម្ពុជាយើងនឹងនៅតែទទួលបាននូវការអនុគ្រោះពន្ធនានាលើការនាំចូលមុខទំនិញជាច្រើនទៀត។ ការណ៍នេះមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញការវិនិយោគពីបណ្តាប្រទេសនានាដើម្បីផលិតនាំចេញទៅកាន់ទីផ្សារអាមេរិក»។
បើយោងតាមក្រសូងពាណិជ្ជកម្ម ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ