ព័ត៌មានជាតិ
ពលរដ្ឋ និងអ្នកទេសចរ លែងលំបាកចរាចរណ៍លើកំណាត់ផ្លូវសិរីកា ហើយ ខណៈកំពុងអ៊ុតកៅស៊ូប្រភេទ AC
ប្រជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ ព្រមទាំងអ្នកទេសចរគ្រប់ទិសទី លែងលំបាកធ្វើដំណើរលើកំណាត់ផ្លូវសិរីកា ទៀតហើយ ខណៈកំពុងមានការអ៊ុតកៅស៊ូប្រភេទ AC លើកកម្ពស់គុណភាពផ្លូវថ្នល់ ដើម្បីសុវត្ថិភាពបើកបរ។

អំណឹះតទៅ កំណាត់ផ្លូវសិរីកា ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលធ្លាប់តែមានជង្ហុកជ្រៅលំបាកធ្វើដំណើរមិនថាតែរដូវប្រាំង ឬវស្សាទេ បច្ចុប្បន្នកំពុងត្រូវបានអ៊ុតជាកៅស៊ូប្រភេទ AC ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាពហើយ។

អ្នកស្រី ប៊ុត យៀត ជាអ្នកលក់ទឹកអំពៅ និងអ្នកស្រី ម៉ារី ជាពលរដ្ឋរស់នៅភូមិឆ្មាបាត់ សង្កាត់ស្ទឹងវែង លើកឡើងថា នៅពេលមានផ្លូវស្អាតល្អងាយស្រួលធ្វើដំណើរយ៉ាងដូច្នេះ ពួកគាត់សប្បាយរីករាយណាស់ ដោយសង្ឃឹមថាការលក់ដូរកាន់តែដាច់ច្រើនជាងមុន និងធ្វើដំណើរមិនជួបគ្រោះថ្នាក់អ្វីឡើយ។

តំណាងប្រជាពលរដ្ឋទាំង ២ នាក់ អះអាងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នេះ ទៀតថា កន្លងទៅ កំណាត់ផ្លូវសិរីកា ប្រវែងជាង ២ គីឡូម៉ែត្រនេះ លំបាកធ្វើដំណើរខ្លាំង ពិសេសរដូវវស្សាមានទឹកដក់លិចច្រើនកន្លែង ហើយពួកគាត់ក៏ធ្លាប់ស្នើសុំឱ្យរដ្ឋបាលខេត្ត ក្រុង និងមន្ទីរពាក់ព័ន្ធ ជួយជួសជុលកែលម្អឱ្យបានល្អប្រសើរផងដែរ ប៉ុន្តែបានដូចក្តីបំណងរបស់ពួកគាត់ហើយ។

ទន្ទឹមនោះ ពលរដ្ឋ ក៏ស្នើសុំដល់អ្នកប្រើប្រាស់ទាំងអស់ មេត្តាបើកបរប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនបំផុត ដើម្បីបញ្ចៀសគ្រោះថ្នាក់តាមដងផ្លូវពេលបានផ្លូវស្អាតហើយ។ កុំបើកបរលើសល្បឿនកំណត់ កុំវ៉ាជែងក្នុងស្ថានភាពប្រថុយប្រថាន និងសេពគ្រឿងស្រវឹង ជាដើម…។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឱ្យដឹងថា ក្រុមការងាររបស់លោកទទួលខុសត្រូវអ៊ុតកៅស៊ូលើកំណាត់ផ្លូវសិរីកាដែលរងខូចខាតមានប្រវែងជាង ១ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ និងកម្រាស់ ៧ ហ៊ុន។ ដោយឡែកប្រមាណជា ១ គីឡូម៉ែត្រទៀត ត្រូវទទួលខុសត្រូវដោយក្រុមហ៊ុនម៉ៅការស្ថាបនាផ្សេងទៀត។ បច្ចុប្បន្នកំណាត់ផ្លូវដែលមន្ទីរកិច្ចសន្យាកែលម្អ ត្រូវបានជួសជុលចប់អស់ហើយ។

លោក អន ដាវុធ បន្តថា រដ្ឋបាលខេត្តកោះកុង និងមន្ទីរសាធារណការ បានរួមសហការគ្នា ដើម្បីលើកកម្ពស់គុណភាពផ្លូវមានសុវត្ថិភាពសម្រាប់ការធ្វើចរាចរណ៍ ពិសេសបង្កើនភាពទាក់ទាញអ្នកទេសចរមកលេងកម្សាន្តនៅខេត្តកោះកុងកាន់តែច្រើន។

ចំណែកឯក្រុមហ៊ុនម៉ៅការ KLK ទទួលការអ៊ុតកៅស៊ូ AC ប្រវែងជាង ៤០០ ម៉ែត្រ ដែលនៅសេសសល់ បានឱ្យដឹងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ក្រុមការងាររបស់លោកកំពុងមមាញឹកអ៊ុតកៅស៊ូលើកំណាត់ផ្លូវសិរីកានេះដែលនៅសេសសល់តែប្រវែងជាង ៤០០ ម៉ែត្រ ឱ្យទាន់ទៅតាមគម្រោងផែនការ ចាប់ពីផ្លូវកែងស្ថានីយប្រេងសូនឹង រហូតដល់កែងផ្លូវចូលស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័នប្រចាំខេត្ត។ ជាក់ស្ដែង មូលហេតុមានយឺតយ៉ាវបន្តិច ក៏ព្រោះតែក្រុមការងារ ដឹកជញ្ជូនកៅស៊ូពីខេត្តព្រះសីហនុរយៈចម្ងាយឆ្ងាយទម្រាំដល់ទីតាំងស្ថាបនាផ្លូវ និងម្យ៉ាងទៀតសម្រុកអ៊ុតកៅស៊ូចូលទៅផ្ទះ សម្តេចពិជ័យសេនា ប្រវែងជាង ៤ គីឡូម៉ែត្រ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


