ព័ត៌មានជាតិ
សហជីព និងអ្នកជំនាញថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយលើកកម្ពស់ជីវភាព និងជំរុញការអប់រំបណ្តុះបណ្តាលជំនាញដល់ពួកគាត់
ភ្នំពេញ ៖ សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, និងអ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អនុក្រឹត្យរបស់រាជរដ្ឋាភិបាល សម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជារឿងចាំបាច់សម្រាប់កម្ពុជា ដើម្បីលើកកម្ពស់ជីវភាព និងជំរុញការអប់រំបណ្តុះបណ្តាលជំនាញដល់ពួកគាត់ឱ្យកាន់តែប្រសើរ។

ការលើកឡើងបែបនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាផ្លូវការ។

ការរៀបចំឱ្យមានការចុះបញ្ជីថ្នាលឌីជីល សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានគោលបំណងសំខាន់ គឺដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយសម្រាប់ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

នេះជាយន្តការដែលរាជរដ្ឋាភិបាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋាភិបាលក្នុងការគិតគូរ និងជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។

ក្នុងចំណោមគុណតម្លៃ និងកញ្ចប់អត្ថប្រយោជន៍ នៃការចុះឈ្មោះចូលក្នុងប្រព័ន្ធចំនួន ៨ ដែលរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងរៀបចំជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនោះក៏មានការផ្តល់លទ្ធភាពឱ្យបងប្អូនមានលទ្ធភាពក្នុងការចូលជាសមាជិករបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), រួមនិងការបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈ និងបច្ចេកទេស តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញថ្មីផងដែរ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់( IDEA) បានគូសបញ្ជាក់ថា យន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល គឺមានសារសំខាន់ណាស់សម្រាប់បងប្អូនពលរដ្ឋដែលស្ថិតនៅក្នុងក្រុមក្រៅប្រព័ន្ធ។ វាជាជំហានថ្មីបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់លើសុខទុក្ខ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោក វន់ ពៅ មើលឃើញថាការចងក្រងទិន្នន័យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការប្រមូលផ្តុំពួកគេនៅជាក្រុមដើម្បីតភ្ជាប់ពលរដ្ឋ និងរាជរដ្ឋាភិបាលមានភាពជិតស្និទ្ធជាមួយគ្នា ដែលផ្តល់ភាពងាយស្រួលក្នុងការអន្តរាគមន៍ ផ្តល់កិច្ចគាំពារ ផ្តល់អត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល។ កន្លងមកតែងតែមានការលើកឡើងពីផលលំបាកនៃការទំនាក់ទំនងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូច្នេះយន្តការចុះឈ្មោះមួយនេះនឹងផ្តល់ភាពងាយស្រួលជាងមុនដើម្បីទំនាក់ទំនងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាមួយរាជរដ្ឋាភិបាល។
ប្រធានសមាគមរូបនេះ បានគូសបញ្ជាក់ថា ការផ្តល់ឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនូវការបណ្តុះបណ្តាលជំនាញបន្ថែម និងការផ្តល់កិច្ចគាំពារសង្គមតាមរយៈ ប.ស.ស. ជារឿងដ៏មានសារសំខាន់ និងជាឧត្តមប្រយោជន៍សម្រាប់ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចង់បានបំផុតនាពេលកន្លងមក។
ទន្ទឹមនេះ ក្នុងនាមជាអ្នកតំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធសូមស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងនូវគោលនយោបាយចុះឈ្មោះក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពពួកគេ។
ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា ការចេញអនុក្រឹត្យចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺមានសារសំខាន់សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍។ គោលនយោបាយមួយនេះដើម្បីគ្រប់គ្រងឱ្យបាននូវប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានមុខរបរតូចៗ មានចំណូលតិចតួច ក្នុងគោលបំណងមិនទុកពលរដ្ឋណាម្នាក់ចោលដោយគ្មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនោះឡើយ។
លើសពីនោះ អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះក៏មើលឃើញថា ការកំណត់អត្តសញ្ញាណ ប្រភេទការងារ មុខរបរ អាជីវកម្ម និងព័ត៌មានរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជារឿងចាំបាច់មួយដើម្បីបើកចំហឱ្យក្រុមពលរដ្ឋទាំងនោះទទួលបានកិច្ចគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាល និងការលើកកម្ពស់សមត្ថភាព ដើម្បីពង្រឹងជីវភាពគ្រួសាររបស់ពួកគេ ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?