Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីលើកទឹកចិត្តអង្គការពង្រីកការបណ្តុះបណ្តាលគ្រូពេទ្យលើជំនាញផ្នែកទារក និងកុមារនៅខេត្តភាគឦសាន

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តអង្គការមណ្ឌលថែទាំសុខភាពកុមារចេន
ឡា បន្ត និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួងសុខាភិបាលក្នុងការបណ្តុះបណ្តាលគ្រូពេទ្យ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពផ្សេងៗទៀត លើជំនាញផ្នែកទារក និងកុមារ នៅខេត្តភូមិភាគឦសាន ដើម្បីទទួលបានលទ្ធផលល្អប្រសើរសំដៅរួមចំណែកលើកកម្ពស់សុខភាពកុមារកាន់តែប្រសើរជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ប្រធានក្រុមប្រឹក្សាភិបាលអង្គការមណ្ឌលថែទាំសុខភាពកុមារ ចេនឡា កាលពីថ្ងៃទី១៧ធ្នូ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អង្គការបានចូលរួមចំណែកសហការ និងគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ជាពិសេសការថែទាំសុខភាពកុមារ និងទារក ក្នុងខេត្តគោលដៅទទួលបានសមិទ្ធិផលជាច្រើននាពេលកន្លងមក។

អង្គការមណ្ឌលថែទាំសុខភាពកុមារ ចេនឡា បានធ្វើការសហការជាមួយមន្ទីរពេទ្យខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ក្នុងការអនុវត្តគម្រោងមណ្ឌលថែទាំសុខភាពកុមារចេនឡាយ៉ាងរលូននាពេលកន្លងមក ផ្នែកសង្គ្រោះបន្ទាន់ទារកទើបនឹងកើត ផ្នែកសង្គ្រោះបន្ទាន់កុមារ ការថែទាំទារកទូទៅ និងការបណ្តុះបណ្តាលជាប់ជាប្រចាំជូនគ្រូពេទ្យ​ និងបុគ្គលិកមន្ទីរពេទ្យដែលទទួលបន្ទុកការងារពនិត្យ ព្យាបាល និងថែទាំ។

លោករដ្ឋមន្រ្តីបានលើកឡើងថា «យើងមានក្តីប្រាថ្នាតែមួយ គឺស្មារតីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រក្សាបាននូវស្ថេរភាព ភាពត្រឹមត្រូវផ្តល់ភាពរីកចម្រើន និងក្តីសង្ឃឹមសម្រាប់សុខភាពកុមារ»។

ឆ្លើយតបនឹងសំណួររបស់លោកវេជ្ជបណ្ឌិត ចំពោះតម្រូវការរបស់ក្រសួងសុខាភិបាល លោករដ្ឋមន្រ្តី បានលើកទឹកចិត្តអង្គការ បន្ត និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួងសុខាភិបាលក្នុងការបណ្តុះបណ្តាលគ្រូពេទ្យ បុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពផ្សេងៗទៀត លើជំនាញផ្នែកទារក និងកុមារដើម្បីទទួលបានលទ្ធផលធំធេងជាងមុន ជាមួយនឹងការចំណាយទាបព្រមទាំងធ្វើការពិចារណាក្នុងការពង្រីកកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកសម្ភពក្នុងការត្រៀមលក្ខណៈ សង្គ្រោះគ្រប់ករណីសម្រាលទាំងអស់។

លោករដ្ឋមន្ត្រី បានគាំទ្រការពង្រីកគម្រោងបន្ថែមទៅខេត្តរតនគិរី និងបណ្តាខេត្តដាច់ស្រយ៉ាលដទៃទៀត ជាពិសេសខេត្តតាមបណ្តោយព្រំដែន។ លោករដ្ឋមន្រ្តី បានស្នើលោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ចែករំលែកបទពិសោធន៍ជោគជ័យរបស់ចេនឡា ក្នុងការអនុវត្តគម្រោងប្រកបដោយនវានុវត្តន៍៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម