ព័ត៌មានជាតិ
កម្មការិនីមានផ្ទៃពោះ នឹងទទួលអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស ជួយលើកកម្ពស់ជីវភាពគ្រួសារកាន់តែប្រសើរ
សមាជិក ប.ស.ស. ដែលជាកម្មការិនីមានផ្ទៃពោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស. ជួយលើកកម្ពស់សុខភាព និងជីវភាពគ្រួសារជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ កាន់តែប្រសើរឡើងបន្ថែមទៀត។
បើតាម ប.ស.ស. បានបញ្ជាក់ថា អត្ថប្រយោជន៍ដែលកម្មការិនីមានផ្ទៃពោះទទួលបានរួមមានទទួលបានសេវាពិនិត្យ និងថែទាំមុន និងក្រោយសម្រាល ទទួលបានសេវាសម្រាលកូនដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ចំនួន ៩០ ថ្ងៃ ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាល និងការចាក់វ៉ាក់សាំងកូនរហូតកុមារអាយុក្រោម ២ ឆ្នាំ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ក្នុងនោះមុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះពីរទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះបីទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។
លោកបានបន្ថែមថា ជាមួយគ្នានេះដែរ ក្រោយពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។
លោកបានបន្ថែមថា «ការទទួលបានប្រាក់ឧបត្ថម្ភនេះ នឹងជួយឱ្យស្ត្រីមានសុវត្ថិភាព និងសុខភាពតាំងពីពពោះរហូតដល់សម្រាលកូន។ មានន័យថាគាត់ទៅពិនិត្យសុខភាពទៀងទាត់ ថែទាំសុខភាពបានល្អ ក្រោមការត្រួតពិនិត្យរបស់គ្រូពេទ្យ ហើយពេលសម្រាលកូនសម្រាលដោយក្រុមគ្រូពេទ្យ ឬឆ្មបមានវិជ្ជាជីវៈ និងបច្ចេកទេសត្រឹមត្រូវ ធានាសុវត្ថិភាពពេលសម្រាល ហើយពេលកូនកើតមកបាន ២ ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំង និងពិនិត្យសុខភាពក្រោយពេលសម្រាល»។
លោកបានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះជាសមាជិក ប.ស.ស មិនខ្វល់ពីការខ្វះខាតប្រាក់ក្នុងការពិនិត្យផ្ទៃពោះពេលសម្រាល និងចាក់វ៉ាក់សាំងដល់កូនឡើយ ព្រោះ ប.ស.ស ធានារ៉ាប់រងទាំងអស់ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលទៀតផងដែលនឹងជួយលើកស្ទួយជីវភាពគ្រួសារកាន់តែប្រសើរ។
លោក កត្តា អ៊ន បានបន្ថែមទៀតថា ប៉ុន្តែមុននឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា 👉 ត្រូវមានប័ណ្ណសមាជិក ប.ស.ស. ដែលមានសុពលភាព ត្រូវទៅទទួលសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យរដ្ឋ) តាមតារាងកម្មវិធី👉 កុមារដែលម្តាយបានចុះឈ្មោះរួចក្នុងកម្មវិធី កុមារនោះត្រូវចូលក្នុងកម្មវិធីដោយស្វ័យប្រវត្តិ ដោយត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសុខភាពកុមារ។
លោកបានឱ្យដឹងទៀតថា ពេលមកស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលនៅ ប.ស.ស. ត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (មានសុពលភាព) ប័ណ្ណសមាជិក ប.ស.ស. (មានសុពលភាព)👉 លេខទូរស័ព្ទ និងលេខគណនីធនាគារអេស៊ីលី កាណាឌីយ៉ា និង អេប៊ីអេ 👉 សៀវ ភៅសុខភាពមាតាបញ្ជាក់ពីអាយុគភ៌ដំបូង ដែលចេញដោយមន្ទីរពេទ្យរដ្ឋ។
គួរបញ្ជាក់ថា សមាជិក ប.ស.ស. ក្នុងវិស័យឯកជន ដើម្បីទទួលបានប្រាក់បំណាច់មាតុភាពខាងលើ លុះត្រាតែបានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ ខែ ក្នុងអំឡុងពេល ១២ ខែចុងក្រោយ គិតមកដល់ខែសម្រាលកូន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន