ព័ត៌មានជាតិ
និស្សិតបងប្អូនស្រីភ្លោះមកពីខេត្តត្បូងឃ្មុំ ប្រឹងប្រែងចាប់ជំនាញវិស្វកម្មអគ្គិសនី ដោយមិនខ្វល់ពីអ្នកភូមិរិះគន់
ភ្នំពេញ ៖ និស្សិតបងប្អូនស្រីភ្លោះពីរនាក់ មកពីខេត្តត្បូងឃ្មុំ កំពុងខិតខំប្រឹងប្រែងចាប់យកជំនាញវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដោយមិនខ្វល់ពីអ្នកភូមិរិះគន់ ខណៈដែលជំនាញមួយនេះ មិនសូវមានការចាប់អាម្មណ៍ពីសិស្សនិស្សិតជានារីនោះទេ។
និស្សិតបងប្អូនភ្លោះទាំងពីរបានបញ្ជាក់ដូចគ្នាថា «វាជារឿយៗអ្នកជិតខាងខ្ញុំតែងតែសួរថា រៀនធ្វើអីនារីរៀនខាងអគ្គិសនី រៀងខាងជាងភ្លើង? ប៉ុន្ដែពួកខ្ញុំប្រាប់ពួកគាត់ថា ឥឡូវនឹងជឿនលឿនហើយ ពួកខ្ញុំទៅរៀនជំនាញបច្ចេកទេស មិនមែនត្រឹមតែឡើងលើបង្គោលភ្លើងហ្នឹងនោះទេ ហើយពួកខ្ញុំធ្វើការងារតែជាមួយកុំព្យូទ័រ ដែលទាក់ទងនឹងការងារវិស័យអគ្គិសនីហ្នឹង មិនមែនទៅឡើងបង្គោលភ្លើងដូចមីងគិតនោះទេ»។

កញ្ញា គូ ចន្ថាត ជានិស្សិតនៅវិទ្យាស្ថាន NPIC នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននិយាយថា នៅពេលសួរអំពីការសម្រេចចិត្តបន្តការសិក្សាផ្នែកវិស្វកម្មអគ្គិសនី កញ្ញាបានបង្ហាញពីទំនុកចិត្តខ្ពស់ទាក់ទងនឹងទីផ្សារការងារដ៏ធំក្នុងវិស័យនេះ ដោយសារបានស្វែងយល់ពីឱកាសការងារដែលមានសក្តានុពលតាមរយៈសិស្សច្បងណែនាំកញ្ញាបានស្គាល់ជំនាញនេះកាន់តែច្បាស់។
កញ្ញាបន្តថា ការចាប់ផ្ដើមនៃការសិក្សារដំបូង គឺមិនសូវយល់ច្បាស់ពីមេរៀនដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀននោះទេ ហើយថែមទាំងមានមេរៀនទាក់ទងនឹងបច្ចេកទេស ដែលត្រូវការអនុវត្តជាមួយនឹងប៊ិចភ្លើង ព្រីភ្លើង និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងវិស័យអគ្គិសនីថែមទៀត។

បំណាច់ស្រលាញ់ជំនាញមួយនេះ កញ្ញា ចន្ថាត បានដាក់ចិត្តដាក់កាយខិតខំប្រឹងប្រែង រហូតមានរយៈពេលពីរឆ្នាំ ហើយថា កញ្ញាបានត្រៀមខ្លួន ដើម្បីទទួលយកភាពជោគជ័យក្នុងការប្រឡងជាបន្តបន្ទាប់ខាងមុខនេះ ដែលជាការសាកល្បងសមត្ថភាព ខណៈកញ្ញាមានជំនឿចិត្តចំពោះការប្រឹងប្រែងរបស់ខ្លួនកន្លងមកនេះ។
កញ្ញានិយាយដោយជឿជាក់ថា ការប្រឹងប្រែងរបស់ខ្លួននឹងនាំទៅរកលទ្ធផលជាវិជ្ជមាន ខណៈដែលកញ្ញាបានទន្ទឹងរង់ចាំ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។ ការសិក្សានេះ នឹងផ្តល់បទពិសោធន៍គ្រប់គ្រាន់ ដើម្បីជួយឱ្យកញ្ញាមានជំនាញ និងមានឱកាសស្វែងរកការងារ។
ចំណែកកញ្ញា គូ ចន្ថាន ដែលត្រូវជាប្អូនស្រីរបស់កញ្ញា ចន្ថាត ក៏មានក្ដីសង្ឃឹមផងដែរថា កញ្ញានឹងអាចទទួលបានការងារដែលសាកសមនឹងជំនាញរបស់ខ្លួន និងផ្តល់ប្រាក់បៀវត្សរ៍សមរម្យដែលអាចឱ្យកញ្ញាអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារនៅស្រុកកំណើត។
កញ្ញាបានជឿជាក់ថា៖«ខ្ញុំក៏មិនខុសពីបងស្រីខ្ញុំដែរ គឺអ្នកភូមិតែងសួរពីការរៀនជំនាញអគ្គិសនី។ យ៉ាងណាខ្ញុំនៅតែជឿជាក់ថា ខ្ញុំនឹងអាចរកប្រាក់ច្រើនក្នុងអាជីពរបស់ខ្លួន ដើម្បីជួយផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំបន្ទាប់ពីរៀនចប់ ដោយមិនចាប់អារម្មណ៍ពីការរិះគន់ទេ អ្វីដែលសំខាន់វាជាមុខជំនាញដែលខ្ញុំស្រលាញ់»។
កញ្ញា ចន្ថាន មានមោទនភាពចំពោះឱកាសដែលផ្តល់ដោយ NPIC ដែលចាត់ទុកថា ការជួយបណ្ដុះបណ្ដាលធនធានមនុស្សដ៏សំខាន់។ កញ្ញាថា NPIC គឺជាសាលាដែលសម្បូរទៅដោយជំនាញបច្ចេកទេស សាស្ត្រាចារ្យមានបទពិសោធន៍ គ្រូបង្រៀនមានបច្ចេកវិទ្យា និងឧបករណ៍ចាំបាច់សម្រាប់ការសិក្សាអនុវត្តជាក់ស្តែងតាមស្ដង់ដារអន្តរជាតិ។
កញ្ញាបន្តថា មិត្តភ័ក្តិ និងសិស្សច្បងរបស់កញ្ញាសុទ្ធតែទទួលបានជោគជ័យ ក្រោយពីបញ្ចប់ការសិក្សាដែលអាចបន្តការសិក្សានៅក្រៅប្រទេស ហើយអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងមានសមត្ថភាពប្រឡងចូលជាមន្ត្រីរាជការផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល