ព័ត៌មានជាតិ
លោក នេត សាវឿន៖ បរិស្ថានមួយស្អាតទៅបាន លុះត្រាតែរួមគ្នាសម្អាត មិនមែនម្នាក់សម្អាត ម្នាក់ទៀតឈរមើលឡើយ
លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងគ្រប់ក្រសួងបរិស្ថានទាំងអស់ ត្រូវចាត់ទុកបញ្ហាបរិស្ថាន គឺជាអាយុជីវិត ដែលត្រូវតែចូលរួមក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍដាំដុះបន្ថែម និងត្រូវចងចាំថា ការងារបរិស្ថានមិនមែនតែជាសមត្ថកិច្ចរបស់មន្ត្រីបរិស្ថានតែមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាកាតព្វកិច្ចរួមរបស់ពលរដ្ឋទាំងអស់គ្នា។

លោក នេត សាវឿន លើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

លោក នេត សាវឿន បានគាំទ្រចំពោះការដាក់ចេញនូវផែនការអាទិភាពដ៏សំខាន់ៗរបស់ក្រសួងបរិស្ថានដែលត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតលើយុទ្ធសាស្ត្រស្នូលធំៗ គឺ«ភាពស្អាត ភាពបៃតង និងចីរភាព» ឱ្យមានដំណើរការរលូន និងប្រសិទ្ធភាព ដោយក្នុងនោះ ភាពស្អាត សំដៅលើស្ថានភាព របស់ ទឹក ដី ខ្យល់ ដែលត្រូវផ្តោតដំបូងលើការងារសម្អាត និងគ្រប់គ្រងសំរាម សំណល់រឹង រាវ និងត្រួតពិនិត្យគុណភាពខ្យល់ជាប្រចាំ។ ភាពបៃតង សំដៅទៅលើការគ្រប់គ្រងថែរក្សា ធនធានធម្មជាតិ និងការជំរុញអភិវឌ្ឍបរិស្ថានបៃតង និង ចីរភាព សំដៅលើយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឱ្យវិស័យពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹង និងចូលរួមផុសផុល សំដៅឲ្យមានចីរភាពនៃការអភិវឌ្ឍ។

លោកឧបនាយករដ្ឋមន្ត្រី ក៏លើកទឹកចិត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រើប្រាស់វិធានការ អប់រំជាគោល ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជំរុញឱ្យពួកគាត់ទាំងអស់ចូលរួមសហការ ប៉ុន្តែជាមួយគ្នានោះ ក៏ត្រូវមានវិធានការរដ្ឋបាល និងអាចដល់វិធានការច្បាប់ចំពោះបុគ្គល ឬសហគ្រាស ក្រុមហ៊ុនទាំងឡាយណាដែលមិនសហការ និងបង្កឱ្យមានភាពកខ្វក់ប៉ះពាល់ដល់ភាពស្អាតនៃបរិស្ថានកម្ពុជា។

លោក ក៏បានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បន្តបំផុស ចលនាសម្អាតតាមដងផ្លូវជាតិ ធ្វើយ៉ាងណាឱ្យឆ្នាំ២០២៥ គ្មានសំរាម និងសំណល់ប្លាស្ទិក រាយប៉ាយតាមដងផ្លូវទូទាំងប្រទេស ក៏ដូចជាត្រូវបន្ត ជំរុញ និងលើកទឹកចិត្តការញែកនៅនឹងប្រភព និងការកែច្នៃសំណល់ ជាពិសេសសំណល់ប្លាស្ទិក តាមរយៈការរៀបចំឱ្យមាន «ធនាគារប្លាស្ទិក» នៅតាមសាលារៀន វត្តអារាម ការធ្វើជីកំប៉ុសតាមសហគមន៍ និងការរៀបចំឱ្យមានសហគមន៍គ្មានសំណល់ និងសំរាម។ អាជ្ញាធរមូលដ្ឋានត្រូវបន្តលើកកម្ពស់ ការទុកដាក់សំណល់ចុងក្រោយ តាមរយៈការកែសម្រួលទីលានដែលមានស្រាប់ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រង និងការរៀបចំទីលានថ្មី ឱ្យស្របតាមបទដ្ឋានបច្ចេកទេស។

គួរឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «សម្អាតទន្លេ» និងយុទ្ធនាការ «ផ្ទៃទឹកស្អាត» និងយុទ្ធនាការ«ដាំដើមឈើ ១លានដើមក្នុង១ឆ្នាំ»។ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុបចំនួន ៩,៧លានអង្គ/នាក់ ចំណែកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមសរុបចំនួន ៣,៥លានអង្គ/នាក់។ កាត់បន្ថយការនាំចូលថង់ប្លាស្ទិក រយៈពេល១០ខែក្នុងឆ្នាំ២០២៤នេះ បាន៨៨% បើធៀបនឹងការនាំចូលក្នុងឆ្នាំ២០២៣។ កាត់បន្ថយសំរាម ថង់ប្លាស្ទិករ៉ាយប៉ាយនៅតាមដងផ្លូវសាធារណៈ ក្នុងខេត្តចំនួន១១ បាន៨០%។ ក្រសួងក៏បានត្រួតពិនិត្យ វាយតម្លៃការគ្រប់គ្រងសំណល់រឹងឧស្សាហកម្ម សំណល់វេជ្ជសាស្រ្ត ពិនិត្យសំណាកដី កម្រិតបំពុលពីលោហៈធ្ងន់ និងប្រភពបំពុលនានា និងបានដាក់ចេញយុទ្ធនាការសម្អាតតាមដងផ្លូវជាតិ ធ្វើយ៉ាងណានៅបំណាច់ឆ្នាំ២០២៥ កាត់បន្ថយប្លាស្ទិករ៉ាយប៉ាយតាមដងផ្លូវជាតិឱ្យបានស្អាតផងដែរ៕


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?