ព័ត៌មានជាតិ
ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់
កោះកុង ៖ មន្រ្តីសុខាភិបាលខេត្តកោះកុង បង្ហាញថា ជិតបំណាច់ឆ្នាំ២០២៤នេះ មានពលរដ្ឋទៅធ្វើតេស្តពិនិត្យឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់ និងមានអ្នកផ្ទុកនិងអ្នកជំងឺអេដស៍ ដែលកំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ARV)មាន១.០៣០/ស្រី៥៥៧នាក់។

គិតចាប់ពីខែមករា ដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់ ក្នុងមូលដ្ឋានខេត្តកោះកុង។ នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ និងពិធីសម្ភោធអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា។

លោកស្រីវេជ្ជបណ្ឌិត ប៉ែន អ៊ុងវីរ៉ា បន្ថែមថា ក្នុងចំណោមអ្នកធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់ មានស្រី២.៦៧៥នាក់ ហើយរកឃើញអ្នកមានវិជ្ជមាន ២៩នាក់/ស្រី៖១៣នាក់)។

ជាក់ស្តែងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដែលកំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគ មានជាង១ពាន់/ស្រី៥៥៧នាក់។
មន្រ្តីសុខាភិបាលខេត្តកោះកុង ឱ្យដឹងទៀតថា អ្នកផ្ទុកមេរោគ ក្នុងនោះមានកុមារចំនួន១៧នាក់ និងមានអ្នកទទួលចំនួនប័ណ្ណមូលនិធិសមធម៌ចំនួន៤២៦នាក់ ដោយពួកគាត់កំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុត។

បច្ចុប្បន្នខេត្តកោះកុង មានគ្លីនិកផ្តល់សេវាថែទាំ និងព្យាបាលបន្តគ្រប់ជ្រុងជ្រោយដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ចំនួន២កន្លែង ក្នុងនោះមាននៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
គួរជម្រាបថា រាល់ការផ្តល់សេវាទាំងអស់ដែលទាក់ទងនឹងការស្រាវជ្រាវមេរោគអេដស៍ ការព្យាបាល និងថែទាំជំងឺ គឺមិនត្រូវបានបង់ថ្លៃសេវានោះទេ។ សូមនៅឱ្យឆ្ងាយ និងនិយាយថាទេពីគ្រឿងញៀន ព្រោះគ្រឿងនឹងបំផ្លាញអនាគតរបស់មនុស្សគ្រប់គ្នា និងសង្គមជាតិ។

បង្ការខ្លួនកុំឱ្យឆ្លងមេរោគអេដស៍ និងជំងឺកាមរោគ ដោយកុំឆាប់ប្រឡូករឿងស្នេហា ឬ ផ្លូវភេទ ត្រូវរង់ចាំដល់អាពាហ៍ពិពាហ៍មកដល់។ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានអំពាវនាវដល់ពលរដ្ឋដែលមានការសង្ស័យដែលថា ខ្លួនមានមេរោគអេដស៍ត្រូវប្រញាប់ទៅពិនិត្យឈាម ស្វែងរកមេរោគឱ្យបានពិតប្រាកដ ជៀសវាងលាក់បាំងនាំចម្លងជំងឺរីករាលដាល។

ករណីរកឃើញនឹងមានក្រុមគ្រូពេទ្យរក្សាការសម្ងាត់ជូនមិនបែកធ្លាយជាសាធារណៈនោះទេ។ លោកស្រីអភិបាលខេត្ត លើកទឹកចិត្តថា នៅពេលបានដឹងខ្លួនថា ផ្ទុកមេរោគអេដស៍ ហើយទៅព្យាបាលទាន់ពេលវេលា ជារឿងល្អប្រសើរសម្រាប់សុខភាពរបស់ខ្លួនឯង និងសង្គមជាតិ ដោយធានាមិនបន្តចម្លងទៅមនុស្សដទៃទៀតបាន។
ដោយឡែកលោក សុខ ភិរម្យ ប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា ថ្លែងថា អាជ្ញាធរស្រុកឃុំភូមិរបស់លោក បានគាំទ្រជ្រុំជ្រោមដល់វិស័យសុខាភិបាល និងផ្តល់ព័ត៌មានដល់ពលរដ្ឋពីសេវាធ្វើតេស្តឈាម និងសេវាថែទាំព្យាបាលសុខភាពនៅតាមមណ្ឌលសុខភាព។

បើតាមលោក សុខ ភិរម្យ តែងតែផ្សព្វផ្សាយពីវិធានការបង្ការជំងឺនេះ និងកុំសេពគ្រឿងញៀនដែលធ្វើរុញច្រានបាត់ស្មារតីទៅរកសេវាផ្លូវភេទ ជាហានិភ័យនៃអត្រាឆ្លងមេរោគបានលឿនដោយមិនដឹងខ្លួន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី