ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កម្ពុជាប្តេជ្ញាចិត្តប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងប្រព្រឹត្តអំពើជួញដូរមនុស្ស
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងប្រព្រឹត្តអំពើជួញដូរមនុស្សនៅកម្ពុជាតាមគ្រប់រូបភាព។

លោកស្រីបានលើកឡើងបែបនេះ ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០២៤ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» ដែលបានប្រារព្ធធ្វើឡើងនៅ សាលសន្និសីទ្ធ សុខាសៀមរាប នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
ការប្រារព្វទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នេះ ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងយ៉ាងទូលំទូលាយអំពីអំពើជួញដូរមនុស្ស កលល្បិចជនល្មើស ស្ថានភាពបទល្មើស ដែលមានការវិវត្តន៍កាន់តែស្មុគស្មាញ និងសាហាវឃោរឃៅ ព្រមទាំងដើម្បី បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបានជ្រួតជ្រាបកាន់តែទូលំទូលាយ និងចូលរួម សហការ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះជនរងគ្រោះ និងផ្តល់សេវាគាំពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស។ នេះបើតាមលោកស្រី ជូ ប៊ុនអេង ។

លោកស្រី បានបន្តថា ការជួបជុំនេះជាការបង្ហាញនូវស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប និងការការពារ សិទ្ធិមនុស្សនៅកម្ពុជាដោយឥតងាករេ។ សកម្មភាពនៃបទល្មើសឧក្រិដ្ឋទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងជាអវិជ្ជមាន លើដំណើរការអភិវឌ្ឍរីកចម្រើន សេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ ហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងបង្កវិនាសកម្មនៅកម្ពុជាតាមគ្រប់រូបភាព ជាពិសេសប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល។
លោកស្រី ជូ ប៊ុនអេង បានបន្ថែមថា បញ្ហាទាំងនេះ មិនមែនបញ្ហាសម្រាប់កម្ពុជានោះឡើយ គឺបានជះឥទ្ធិពលនៅក្នុងតំបន់ និងពិភពលោក និងនៅតាមបណ្តាប្រទេសដែលមាន ស្ថានភាពសេដ្ឋកិច្ចទាប ព្រមទាំងបង្កើតនូវគ្រោះមហន្តរាយដ៏អាក្រក់ ដោយការបម្រែបម្រួលអាកាសធាតុ បានបង្កើតឱ្យមានគ្រោះធម្មជាតិ និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋជួបនូវមន្តរាយធ្ងន់ធ្ងរទៀតផង។ ដូច្នេះ ដើម្បីឱ្យមានភាពកក់ក្តៅ ប្រជាពលរដ្ឋ ត្រូវការយល់ដឹងបន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិនានា ដែលបានរួមគ្នាប្រឹងប្រែងការពារសុវត្ថិភាព និងសេចក្តីសុខ ក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និងមនុស្សជាតិទូទៅ ដោយប្រយុទ្ធប្រឆាំងដាច់ខាតអំពើជួញដូរមនុស្ស គ្រប់ទម្រង់ លើមនុស្សគ្រប់ភេទ គ្រប់វ័យ គ្រប់ស្ថានភាព និងគ្រប់ទីកន្លែង យ៉ាងសាហាវឃោរឃៅ តាមរយៈ ការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប ផ្តន្ទាទោសជនល្មើសដែលបាន និងកំពុងប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងការធ្វើសកម្មភាពកេងប្រវ័ញ្ចកម្លាំងពលកម្ម ធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសដទៃទៀត។

ក្នុងឱកាសនេះដែរ លោកស្រីរដ្ឋលេខាធិការ សង្ឃឹមថា គ្រប់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានជាតិ និងអន្តរជាតិ នឹងចូលរួមសហការ ក្នុងការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា និងជាមធ្យោបាយក្នុងការ បង្ការទប់ស្កាត់ ឈានទៅលុបបំបាត់អំពើជួញដូរមនុស្ស ការពារសុខ សុវត្ថិភាព ប្រជាពលរដ្ឋគ្រប់ភេទ គ្រប់វ័យ គ្រប់ ស្ថានភាព គ្រប់ពណ៌សម្បុរ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិកម្ពុជា ឱ្យកាន់តែរុងរឿងតរៀងទៅ៕
ដោយ៖ គឿន វេត


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ