Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍​បាល់​ទាត់​មិត្ត​ភាព​ អបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” បានត្រៀមរួចរាល់ ជាមួយមហាជនចូលរួមជាង៥ម៉ឺននាក់

បានផុស

នៅ

ដើម្បី​ឱ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ មានភាពរលូននិងទទួលបានជោគជ័យ រដ្ឋបាល​រាជធានីភ្នំពេញបានបន្តរៀបចំកិច្ចប្រជុំថ្មីម្តងទៀត ដើម្បីពិនិត្យ​ពី​វឌ្ឍនភាព​នៃគម្រោង​នេះ ខណៈ​ដែល​គម្រោងនេះ នឹង​មាន​មហាជន​ចូលរួម​ប្រមាណ​ជាង៥ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំពី​វឌ្ឍនភាព នៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាពខាងលើនេះ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី២៣ធ្នូនេះ នៅ​សាលា​រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក​សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង​លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក​សន្តិបណ្ឌិត នេត សាវឿន បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​ឡើង​នូវ​ព្រឹត្តិការណ៍​បាល់​ទាត់​នេះ គឺដើម្បីអបអរសាទរខួប២៦ឆ្នាំ ទិវា​សន្តិភាព​នៅ​កម្ពុជា។

ដូច្នេះទេព្រឹត្តិការណ៍បាល់ទាត់នេះ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ភាព​គគ្រឹកគគ្រេង​ជា​មួយ​ការ​ប្រគំ​តន្ត្រី សម័យ បុរាណ ដែល​រៀប​ចំ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​បាយ័ន។ ចំពោះ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់វិញ ត្រូវតែពង្រឹង​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដោយ​ព្រឹត្តិការណ៍​នេះ​នឹង​មាន​មហាជន​ចូលរួម ប្រមាណជាង៥ម៉ឺននាក់ តំណាង​អង្គទូត​ចូលរួម ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ប្រគល់បាល់ ថត​រូប​អនុស្សាវរីយ៍និងសំណេះសំណាល ក្នុងព្រឹត្តិការណ៍នេះដែរ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើង​ថា ចំពោះ​ព្រឹត្តិការណ៍បាល់ទាត់​នេះ រដ្ឋបាល​រាជធានីភ្នំពេញ បាន​ត្រៀម​រួច​រាល់ ទាំង​ការ​រៀប​ចំ​សណ្តាប់ធ្នាប់របៀបរៀបរយ ការ​តុបតែង ការ​ដាក់ភ្លើងបំភ្លឺសាធារណៈ ការ​រៀប​ចំ​ចំ​ណត​យានយន្ត និងការត្រៀមកម្លាំងកម្មករ ដើម្បីសំអាត អនាម័យបរិស្ថានជាដើម។ ព្រឹត្តិការណ៍​នេះ មានអ្នកចូលរួមទស្សនាប្រមាណ៥ម៉ឺននាក់ រដ្ឋបាលរាជធានីភ្នំពេញ​ក៏​បាន​ត្រៀម​អាវយឺត​ចំនួន៥ម៉ឺនអាវ ដើម្បី​ចែក​ជូន​ផងដែរ។

លោក ហ៊ុន ម៉ានី ក្នុង​ឱកាស​នោះ បាន​ស្នើ​សុំ​ឱ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​បាល់ទាត់មិត្តភាព​នេះ​ឱ្យ​បាន​ទូលំទូលាយ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋបានយល់ពីខ្លឹមសារនៃព្រឹត្តិការណ៍នេះច្បាស់ ​នោះ​គឺ ការ​អបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ថ្ងៃទី២៩ ខែធ្នូ ខួបទី២៦ឆ្នាំ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡាដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់​តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួត​ជា​មួយក្រុមបាល់ទាត់តារាកម្ពុជា ដោយ​គ្រោង អ្នកចូលរួមប្រមាណ៤ម៉ឺន ទៅ៥​ម៉ឺននាក់​ ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧និង០០នាទី៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម