ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ បទល្មើសឆ្លងដែនខុសច្បាប់ នៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញ
ដោយការវិវត្តបច្ចេកវិទ្យាព័ត៌មាន និងស្ថិរភាពសេដ្ឋកិច្ចសាកល បានរុញច្រានបទល្មើសឆ្លងដែនខុសច្បាប់ នៅតែជាបញ្ហាស្មុគស្មាញ ជាអាទិ៍ បទល្មើសឆបោកនាំទៅការខុសច្បាប់នៅបរទេស ដែលអាចឈានទៅដល់បទល្មើសជួញដូរមនុស្ស។ នេះជាការលើកឡើងរបស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសចូលរួមប្រជុំត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធអំពើជួញដូរមនុស្ស គូសបញ្ជាក់ថា និន្នាការថ្មីៗនៃបរិវត្តកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការប្រែប្រួលស្ថិរភាពសេដ្ឋកិច្ច នយោបាយសាកលលោក កិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងព្រំដែនរួមគ្នានៅមានកម្រិត គឺធ្វើឱ្យជនល្មើសឆ្លៀតឱកាសក្នុងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងប្រតិបត្តិការឆបោកជ្រើសរើសការងារខុសច្បាប់ ព្រមទាំងបង្ខំឱ្យប្រព្រឹត្តបទល្មើសកាន់តែភាពស្មុគស្មាញបន្ថែមទៀតសម្រាប់អាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់ បង្ក្រាប។

ការណ៍នេះបានបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ សន្តិសុខក្នុងតំបន់ និងសាកលលោក ដែលហេតុដូច្នេះ ទើបប្រទេសទាំងបី ចាំបាច់បង្កើតឱ្យមានកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង។ ក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា ឡាវ និងវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ជូ ប៊ុនអេង លើកឡើងថា បទល្មើសជួញដូរមនុស្ស រួមទាំងការធ្វើចំណាកស្រុកមិនស្របច្បាប់ ពលកម្មដោយបង្ខំ និងការបង្ខំប្រព្រឹត្តបទល្មើស នៅតែជាបញ្ហាប្រឈមសំខាន់ មានលក្ខណៈស្មុគស្មាញ និងត្រូវការយកចិត្តទុកដាក់បន្ថែមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប្រជាពលរដ្ឋទន់ខ្សោយ ដោយមានជីវភាពខ្វះខាត ខ្វះព័ត៌មានគ្រប់គ្រាន់ រួមទាំងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងភាសាមានកម្រិត ខ្វះការយល់ដឹងពីល្បិចកលនៃជនល្មើស និងហានិភ័យក្នុងការជ្រើសរើសការងារ គឺនាំឱ្យកើនឡើងការធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារនៅបរទេសដោយប្រថុយប្រថាន។
អាស្រ័យហេតុនេះ ទើបប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ដែលជាប្រទេសជាប់ព្រំដែនគ្នា ជួបប្រជុំគ្នា ក្នុងគោលបំណងសិក្សាអំពីស្ថានភាព នៃភាពងាយរងគ្រោះរបស់ជនទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែននៃប្រទេសទាំងបី ពិនិត្យមើលយន្តការឆ្លើយតបរបស់រដ្ឋាភិបាលនៃប្រទេសទាំងបី និងស្វែងរកដំណោះស្រាយរួមត្រីភាគី ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការគ្រប់គ្រងព្រំដែន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើតយន្តការត្រីភាគីរួម រៀបចំកិច្ចប្រជុំទៀងទាត់ ដើម្បីធានាការចែករំលែកព័ត៌មាន និងកិច្ចសហការបន្ត៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ