ព័ត៌មានជាតិ
ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ
ក្រោយភ្លៀង មេឃក៏ស្រឡះ! អ្នកសារព័ត៌មាន ផាត់ ហ៊ន ដែលគេស្គាល់ថាពូហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានអះអាងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នារាត្រីថ្ងៃទី២៤ ខែធ្នូ នេះ ថា នៅថ្ងៃនេះ តាមរយៈលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកបានទទួលលិខិតរបស់អ្នកកាសែតឈ្មោះ ផាត់ ហ៊ន ហៅ ពូ ហ៊ន។ លោក កើត រិទ្ធ បានឱ្យដឹង ក្នុងលិខិតលោក ផាត់ ហ៊ន បានបង្ហាញនូវសុទ្ធចិត្តទទួលស្គាល់កំហុសរបស់ខ្លួនទាក់ទងនឹងរឿងរ៉ាវនៃការផ្សាយព័ត៌មាន និងការធ្វើអត្ថាធិប្បាយព័ត៌មាន ដោយប្រើប្រាស់ពាក្យសំដីមិនសមរម្យ, ជេរប្រមាថចំពោះស្ថាប័នតុលាការ ព្រមទាំងបានផ្សាយព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនៃស្ថាប័នតុលាការខេត្តកំពង់ចាម ហើយតាមរយៈលិខិតដដែលនេះ លោក ផាត់ ហ៊ន ក៏បានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសនេះ។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានឱ្យដឹងថា ក្រៅពីប្រគល់លិខិតសុំទោសរបស់អ្នកសារព័ត៌មាន ផាត់ ហ៊ន រួចហើយ, រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ក៏បានទាក់ទងជាមួយលោក ដើម្បីជួយបញ្ចប់បណ្ដឹងព្រហ្មទណ្ឌលើអ្នកសារព័ត៌មានផាត់ ហ៊ន។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានឱ្យដឹងទៀតថា ក្រោយជជែកជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានរួច លោកក៏ជាមួយថ្នាក់ដឹកនាំក្រោមដំបូលវិស័យយុត្តិធម៌ និងជាពិសេសប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលជាអ្នកប្ដឹងអ្នកសារព័ត៌មាន ផាត់ ហ៊ន រហូតភាគីដើមបណ្ដឹងយល់ព្រមដកពាក្យបណ្ដឹង។

លោក កើត រិទ្ធ សរសេរលើគណនីហ្វេសប៊ុក នារាត្រីថ្ងៃទី២៤ ខែធ្នូ ក្នុងន័យដើមដូច្នេះ៖«ចំពោះករណីនេះ បន្ទាប់ពីឯកឧត្ដម នេត្រ ភក្រ្តា បានទាក់ទងមកខ្ញុំ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយសមស្របបញ្ចប់ករណីនេះ ជាពិសេស ដើម្បីលើកកម្ពស់កិច្ចសហការល្អរវាងស្ថាប័នតុលាការ និង ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន, ខ្ញុំ ក៏បានពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំនៃវិស័យយុត្តិធម៌ និងបានធ្វើការសម្របសម្រួលជាមួយឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម ដើម្បីដកពាក្យបណ្តឹង និងឈានទៅបញ្ចប់ករណីបណ្តឹងលើអ្នកកាសែតឈ្មោះ ផាត់ ហ៊ន។ ខ្ញុំសូមអរគុណចំពោះឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលមានការយោគយល់ខ្ពស់ យល់ព្រមដកពាក្យបណ្តឹងរបស់ខ្លួនវិញ។»។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ គូសបញ្ជាក់ជូនថា ការណ៍ដែលប្រធានតុលារខេត្តកំពង់ចាម ប្ដឹងលើលោក ផាត់ ហ៊ន គឺដើម្បីរកយុត្តិធម៌ជូនខ្លួនឯង និងដើម្បីតែការពារកិត្តិយស និងភាពថ្លៃថ្នូរនៃស្ថាប័នយុត្តិធម៌ ដែលកំពុងតែធ្វើការតែប៉ុណ្ណោះ ពោលគឺគ្មានចង់បានអ្វីក្រៅពីនេះឡើយ។
លោក កើត រិទ្ធ បន្តសរសេរអះអាងបែបនេះ៖«ប្រសិនបើតុលាការដែលជាស្ថាប័នរកយុត្តិធម៌ជូនប្រជាពលរដ្ឋ បែរជាធ្វើការសម្រេចចិត្តប្តឹងបុគ្គលណាម្នាក់ ឬអង្គភាពណាមួយ ដើម្បីឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ គឺ ច្បាស់ណាស់ ជាការសម្រេចចិត្តដ៏លំបាក និង ដោយសារពុំមានជម្រើសណាល្អផ្សេងពីនេះ ហើយការប្តឹងទៀតសោត គឺពុំមានគោលបំណងអ្វីក្រៅពីការរកយុត្តិធម៌ឱ្យខ្លួនឯង ទៅតាមគន្លងក្នុងសង្គមនីតិរដ្ឋ ពិសេស គឺការការពារកិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ថាប័នរបស់ខ្លួនប៉ុណ្ណោះ។»។

ក្រោយពីបានសម្របសម្រួលចំពោះបណ្ដឹងព្រហ្មទណ្ឌលើអ្នកសារព័ត៌មាន ផាត់ ហ៊ន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឆ្លៀតឱកាសនេះ ស្នើសុំអ្នកសារព័ត៌មានទាំងអស់ មេត្តាផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់ ហើយក្នុងករណីដែលមិនអាចក្តាប់ព័ត៌មានបានគ្រប់ជ្រុងជ្រោយ សូមមេត្តាសាកសួរព័ត៌មានទៅអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ ដើម្បីចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ។
ក្រៅពីស្នើទៅកាន់អ្នកសារព័ត៌មាន ប្រមុខនៃវិស័យយុត្តិធម៌ ក៏បានស្នើមន្ត្រីក្រោមដំបូលនៃវិស័យយុត្តិធម៌ ដូចជាអ្នកនាំពាក្យនៃស្ថាប័នអយ្យការ និង តុលាការ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការផ្តល់ព័ត៌មានចាំបាច់នានា ក្នុងក្របខ័ណ្ឌនៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងស្ថាប័ន, ការមិនធ្វើឱ្យប៉ះពាល់ដល់ជីវិតឯកជននៃបុគ្គលក្នុងសំណុំរឿង និងការគោរពគោលការណ៍សម្ងាត់នៃចំណាត់ការនីតិវិធីរបស់តុលាការ ដែលត្រូវបានការពារដោយច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា.
សូមរម្លឹកថា កាលពី ថ្ងៃទី ២០ និង ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ផាត់ ហ៊ន ហៅ ពូហ៊ន បានផ្សាយផ្ទាល់ និងធ្វើការអត្ថាធិប្បាយព័ត៌មានរឿងវិវាទដីដ្លីមួយកន្លែងក្នុងខេត្តកំពង់ចាម តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ KH Plus News ព័ត៌មានសង្គម។ ខ្លឹមសារនៃការអត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់របស់លោក ផាត់ ហ៊ន ត្រូវបានរកឃើញថាមានចរិត បរិហារកេរ្តិ៍ជាសាធារណៈ ប្រមាថលើស្ថាប័នតុលាការ ការផ្សាយព័ត៌មានមិនពិតបង្ខូចឈ្មោះស្ថាប័នតុលាការ និងការរិះគន់លើសេចក្តីសម្រេចរបស់តុលាការពាក់ព័ន្ធ នឹងការលើកចោលដីកាសម្រេចរក្សាការពារ ប្រព្រឹត្ត និងបន្តប្រព្រឹត្តតាមការផ្សព្វផ្សាយជាសាធារណៈ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។ ការណ៍នេះ លោក ផាត់ ហ៊ន ក៏ត្រូវបានប្រធានសាលាដំបូងខេត្តកំពង់ចាម ដាក់ពាក្យបណ្ដឹង៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ