ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថាសំណងរាប់លានដុល្លារមិនស្មើអាយុជីវិតមនុស្សទេតែនេះជា «យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន»
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ បានលើកឡើងពាក់ព័ន្ធការកាត់ទោសឧក្រិដ្ឋជន ស្រី ស៊ីណា ថាជាប្រវត្តិសាស្រ្តមួយក្នុងវិស័យយុត្តិធម៌កម្ពុជា។ លោកថាថ្វីត្បិតតែសំណង ១លានដុល្លាក្នុងមួយគ្រួសារមិនអាចដោះដូរនឹងតម្លៃអាយុជីវិតមនុស្សទេតែនេះជាអ្វីដែល «យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន»។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសរសេរនៅលើហ្វេសបុកផ្ទាល់ខ្លួនលោកនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអរគុណ និងកោតសរសើរចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសឧក្រិដ្ឋជន ស្រី ស៊ីណា ដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះទាំងឡាយ។
ចំពោះការសម្រេចសេចក្ដីឱ្យទណ្ឌិត ស្រី ស៊ីណា ផ្ដល់សំណងជំងឺចិត្តដល់គ្រួសារអ្នករងគ្រោះដែលបានស្លាប់បាត់បង់ជីវិតចំនួន ១ លានដុល្លារ ក្នុងមួយគ្រួសារ លោកឧបនាយករដ្ឋមន្ត្រីយល់ថា ទោះបីជាលុយមិនអាចដោះដូរនឹងតម្លៃនៃអាយុជីវិតរបស់យុវជនទាំងពីររូបឡើយ ប៉ុន្តែនេះជាអ្វីដែលហៅថា «យុត្តិធម៌ក្នុងយុគសម័យនៃពិភពលោកបច្ចុប្បន្ន»។
លោកសរសេរថា៖ «អាចធ្វើបាន ដើម្បីជាសំណងជំងឺចិត្តដល់គ្រួសារជនរងគ្រោះ និង អ្នករងគ្រោះ បន្ថែមពីលើអ្វីដែលជាការផ្តន្តាទោសដាក់ពន្ធនាគារ។ ផ្អែកតាម «គោលការណ៍សមទណ្ឌោ”, ផ្នែកនៃការសម្រេចអំពីសំណងនេះ គឺ សក្តិសមជាទីបំផុតសម្រាប់ឧកញ៉ាមានលុយ ដែលក្អេងក្អាងប្រមាថជីវិតអ្នកដទៃ និង បានប្រព្រឹត្តអំពើឃាតកម្មដ៏ឃោរឃៅបែបនេះ។ ខ្ញុំសូមបញ្ជាក់ជូនថា “គោលការណ៍សមទណ្ឌោ” នេះ ជាគោលការណ៍មួយនៅក្នុង ពាក្យសច្ចាប្រណិធានដែលចៅក្រមទាំងអស់ ត្រូវស្បថមុនចូលកាន់តំណែង»។

លោកក៏នឹងតាមដានអំពីការអនុវត្តសំណងចំពោះជនរងគ្រោះនៅក្នុងសំណុំរឿងនេះដែរ ជាមួយនឹងការបន្តតាមដានការអនុវត្តច្បាប់ចំពោះករណីនេះមិនត្រឹមតែត្រឹមនៅសាលាជម្រះក្តីជាន់ខ្ពស់ ក្នុងករណីមានបណ្តឹងតវ៉ានឹងសាលក្រមនោះទេ ប៉ុន្តែនឹងបន្តតាមដាននៅពេលអនុវត្តទោសក្នុងពន្ធនាគាររបស់ទណ្ឌិត ពិសេសគឺអ្វីដែលលោកបានលើកឡើងក្នុងសន្និសីទសារព័ត៌មានលើករណីនេះនាពេលកន្លងទៅថា នឹងដាក់ឈ្មោះឧក្រិដ្ឋជនសាហាវឃោរឃៅ ស្រី ស៊ីណា ក្នុងបញ្ជីខ្មៅ ដែលនឹងមិនត្រូវទទួលបាននូវការបន្ធូរបន្ថយទោស ឬលើកលែងទោសឡើយ។

គួរឱ្យដឹងដែរថាសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចផ្ដន្ទាទោសឧក្រិដ្ឋជន ស្រី ស៊ីណា អាយុ៥១ឆ្នាំឱ្យជាប់គុក៣១ឆ្នាំ និងបង្គាប់ឱ្យសងសំណងជូនគ្រួសារជនរងគ្រោះដែលស្លាប់២នាក់ក្នុងមួយគ្រួសារ១លានដុល្លារ និងសំណងចំនួន៥០ម៉ឺនដុល្លារដល់អ្នករងរបួសចំនួន២នាក់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង