ព័ត៌មានជាតិ
កម្ពុជាកំពុងពិនិត្យខ្លឹមសារច្បាប់ថ្មីមួយសម្រាប់ដាក់ទោសជនណាថា គ្មានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម
កម្ពុជា កំពុងរៀបចំ និងពិនិត្យខ្លឹមសារលើសេចក្ដីព្រាងច្បាប់ថ្មីមួយ ដើម្បីកំណត់ការដាក់ទោសចំពោះជនណាដែលមិនទទួលស្គាល់ ក៏ដូចជាបដិសេធថា ពុំមានឧក្រិដ្ឋកម្មក្នុងសម័យប្រល័យពូជសាសន៍។ គោលបំណងនៃច្បាប់នេះ គឺធានាបាននូវយុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។
នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអន្តរក្រសួង លើកមកពិភាក្សាក្នុងកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ក្រោមវត្តមានដឹកនាំលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មុននឹងត្រូវដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅដើមឆ្នាំ២០២៥ ខាងមុខ។
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលមាន៧មាត្រា នឹងទៅជំនួសច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលជាច្បាប់ចាស់ប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។
សេចក្តីព្រាងច្បាប់នេះ គឺកំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្ដីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលសរសេរកាត់ថា «អ.វ.ត.ក.» ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើទិដ្ឋភាពរួមផ្នែកប្រវត្ដិសាស្ដ្រ និងកេរដំណែលនៃការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជា ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម) ទិដ្ឋភាពទម្រង់ និងខ្លឹមសារពាក់ព័ន្ធទៅនឹងភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម ដែលរួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណេវ ថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ព្រហ្មទណ្ឌកម្ពុជា ការរំលោភទៅលើច្បាប់មនុស្សធម៌អន្ដរជាតិ និងទម្លាប់អន្ដរជាតិ ព្រមទាំងរំលោភលើអនុសញ្ញាអន្ដរជាតិដែលកម្ពុជាទទួលស្គាល់។
គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្តន្ទាទោសជនទាំងឡាយណា និយាយថា «កម្ពុជាមិនមានអំពើប្រល័យពូជសាសន៍»។ ថ្លែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការតាក់តែងច្បាប់នេះ គឺមិនមែនជាការរំលោភបំពានលើសេរីភាពបញ្ចេញមតិនោះទេ តែជាការបិទបញ្ចប់ល្បែងនយោបាយរបស់អ្នកនយោបាយមួយចំនួន៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់