ព័ត៌មានជាតិ
សហជីពនៅកម្ពុជាសាទរទិវាសន្តិភាព ដោយអះអាងថា សន្តិភាពពេញលេញ ទើបវិស័យការងារកម្ពុជារីកចម្រើនបង្កើតឱកាសការងារច្រើន
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ជាខួបទី២៦ឆ្នាំនៃសន្តិភាពពេញលេញនៅកម្ពុជា ក្រោយពីរាជរដ្ឋាភិបាលជំនាន់នោះដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានស្វែងរកដោយលំបាកជូនប្រជាជាតិកម្ពុជា។ ក្នុងដំណើរសន្ដិភាពរយៈពេល ២៦ឆ្នាំនេះ វិស័យសេដ្ឋកិច្ច វិស័យការងារ រោងចក្រ សហគ្រាស និងវិស័យឯកជននានា ក៏ចាប់ផ្ដើមងើបឡើងវិញយ៉ាងឆាប់រហ័ស។ សន្តិភាព ជាគ្រឹះនៃការអភិវឌ្ឍ ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរអំពីការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។ ទាំងនេះ ជាការអះអាងរបស់ប្រធានសហជីពធំៗនៅកម្ពុជា។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា សុខសន្ដិភាព គឺជាកត្តាចាំបាច់ មិនមែនសំខាន់តែនៅក្នុងប្រទេសយើងទេ ប៉ុន្ដែវាសំខាន់នៅលើពិភពលោក ប្រជាពលរដ្ឋគ្រប់គ្នាប្រាថ្នាសន្ដិភាព។ គុណបំណាច់ និងស្នាដៃដ៏ធំធាងរបស់សម្ដេចតេជោ ហ៊ុន សែន មិនអាចបំភ្លេចបានទេ ការលះបង់របស់សម្ដេចតេជោ បាននាំមកការអភិវឌ្ឍ ការវិនិយោគគ្រប់ទម្រង់ គ្រប់រូបភាពទាំងអស់ និងភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានកត់សម្គាល់ថា ចាប់ពីឆ្នាំ១៩៩៨ មកដល់បច្ចុប្បន្ន គឺមានការប្រែប្រួលយ៉ាងខ្លាំង។ បើនិយាយពីកម្មករយើង គឺត្រូវមកធ្វើការងារឆ្ងាយពីផ្ទះ ឃ្លាតឆ្ងាយពីស្រុកកំណើត មកធ្វើការនៅភ្នំពេញ ប៉ុន្ដែពេលនេះការងារទៅដល់ផ្ទះពួកគាត់អស់ហើយ គឺរោងចក្រ បានបើកនៅក្បែរផ្ទះពួកគាត់ដូចជា ខេត្តតាកែវ កំពង់ស្ពឺ ស្វាយរៀង ខេត្តកណ្ដាលជាដើម។
ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក៏បានចូលរួមអបអរសាទរទិវាសន្ដិភាពនៅកម្ពុជា ពីមុនឆ្នាំ១៩៩៨ មានរោងចក្រកាត់ដេរពីរ ឬបីកន្លែងទេ ហើយម្នាក់ៗចាប់ផ្ដើមស្គាល់លុយដុល្លារ ហើយប្រាក់ឈ្នួលត្រឹមតែ ៣០ ទៅ៤០ដុល្លារទេ ប៉ុន្ដែរហូតមកដល់បច្ចុប្បន្ននេះមានរោងចក្រស្ទើតែគ្រប់ទីកន្លែងដែលបាន និងកំពុងបង្កើតឱកាសការងារជូនពលរដ្ឋរាប់លានកន្លែង ដើម្បីពង្រីក និងកែប្រែជីវភាព។
សម្រាប់ប្រធានសហជីពនៅកម្ពុជា ទាល់តែមានសន្តិភាពទើបអាចនិយាយបានអំពីការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍវិស័យសុខាភិបាល និងការកម្សាន្តសប្បាយ។ ទាល់តែមានសន្តិភាពទើបអាចនិយាយពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិសេរីភាពផ្សេងៗទៀត។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ៖ យើងឃើញថា គឺប្រទេសមួយចំនួននៅលើពិភពលោក ដូចជា ភូមា បង់ក្លាដែស ដែលពោរពេញទៅដោយសង្រ្គាមផ្ទៃក្នុងកាប់សម្លាប់គ្នាអត់មានបរទេសណាមួយជួយគាត់បាននោះទេ។ តែកម្ពុជាមានសន្ដិភាព ធ្វើឱ្យកម្ពុជាទទួលបានឱកាសវិនិយោគដែលពួកគេផ្លាស់ទីតាំងពីប្រទេសមានសង្រ្គាមមក។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានកត់សម្គាល់ថា នៅតាមប្រទេសនានាលើពិភពលោកដូចជានៅមជ្ឈិមបូព៌ា អ៊ីស្រាអែល អ៊ីរ៉ាក់ អ៊ីរ៉ង រុស្ស៊ី អ៊ុយក្រែន ភូមា គឺសង្រ្គាមទាំងអស់នេះ នឹងធ្វើឱ្យពលរដ្ឋខ្មែរពិចារណាថា បើប្រទេសមានសង្រ្គាម នឹងបាត់បង់អ្វីៗគ្រប់យ៉ាង ទាំងការងារ ទាំងប្រាក់ចំណូល ទាំងជីវិតថែមទៀតផង។
សម្រាប់ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បើសិនជាកម្ពុជានៅតែមានសង្រ្គាម គឺនឹងគ្មានអ្នកវិនិយោគមកកម្ពុជាទេ យើងមើលជាក់ស្ដែងប្រទេសបង់ក្លាដែស គេរើរោងចក្រចេញអស់ហើយ ព្រោះអ្នករកស៊ីគេចង់ចំណេញ ប៉ុន្ដែបើប្រទេសនោះគ្មានស្ថិរភាពនយោបាយ គ្មានសន្ដិភាព តើឱ្យគេនៅរកស៊ីម៉េចបាន។
ជាមួយគ្នានេះ ប្រធានសហជីពធំៗនៅកម្ពុជា បានអះអាងថា ការមើលស្រាលសន្តិភាព គឺជាការផ្តល់តម្លៃដល់សង្គ្រាមដែលបំផ្លិចបំផ្លាញជាតិ និងជាពិសេសគឺជាការជាន់ឈ្លីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។
សម្រាប់លោកទាំងបី រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមានគោលការណ៍យ៉ាងច្បាស់លាស់បំផុត នោះគឺយកសន្តិភាពដើម្បីជំរុញការអភិវឌ្ឍ និងយកការអភិវឌ្ឍដើម្បីពង្រឹងសន្តិភាព៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ