Connect with us

ព័ត៌មានជាតិ

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

បានផុស

នៅ

ឆ្នាំ២០២៤ នឹងបញ្ចប់ទៅនាពេលប៉ុន្មានថ្ងៃដ៏ខ្លីខាងមុខជាមួយនឹងការចងចាំ អនុស្សាវរីយ៍ជាច្រើនក្នុងឆ្នាំនេះ។ ខាងក្រោមគឺជាការសង្ខេបព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៅកម្ពុជាក្នុងឆ្នាំ២០២៤៖

ទិវាសន្ដិភាពនៅកម្ពុជា

ចូលដល់ខែមករាឆ្នាំ២០២៤ភ្លាម រដ្ឋាភិបាលបានសម្រេចដាក់ថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជាថ្ងៃបុណ្យជាតិមួយដោយដាក់ឈ្មោះថា ទិវាសន្ដិភាពនៅកម្ពុជា។ នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលក្នុងខេត្តកោះកុងថា ទិវាសន្ដិភាពនៅកម្ពុជាមិនមែនសម្រាប់ត្រកូល«ហ៊ុន»ផ្តាច់មុខទេគឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់។

ប្រទេសដែលសម្ដេចនាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចដំបូងគេនៅឆ្នាំ២០២៤

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋបារាំងដែលជាដំណើរទស្សនកិច្ចដំបូងគេ។ ក្នុងសន្និសីទកាសែតជាមួយប្រធានាធិបតីបារាំងសម្ដេចធិបតីបានបង្ហាញនូវក្ដីសង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចនេះ នឹងអាចពង្រឹងទំនាក់ទំនងកម្ពុជា-បារាំង ហើយអាចពិនិត្យលទ្ធភាពលើកតម្កើងកម្រិតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូប្រទេសផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការឆ្លើយតបនឹងការផ្សព្វផ្សាយគ្រឿងស្រវឹង

-នៅថ្ងៃទី២ ខែកុម្ភៈ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យពិនិត្យឡើងវិញលើការផ្សព្វផ្សាយគ្រឿងស្រវឹង ពិសេសការផ្សាយលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

-ថ្ងៃទី១០ ខែតុលា រដ្ឋាភិបាលប្រកាសផ្សព្វផ្សាយគោលការណ៍ «ឆន្ទៈល្អ» ក្នុងការផ្លាសប្ដូររឥរិយាបទរបស់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ពីការប្រើប្រាស់រូបភាព និងសារផ្សាយពាណិជ្ជកម្មរបស់ខ្លួនធំៗ ជំនួសមកវិញនូវការផ្សព្វផ្សាយរូបភាព ឬសារ អប់រំជាចម្បងនៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយធំៗ នៅតាមដងផ្លូវ និងនៅតាមទីសាធារណៈនានា។

-ថ្លែងបិទសន្និបាតការងារក្រសួងរ៉ែ និងថាមពល ថ្ងៃទី២១ ខែវិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឈប់ផ្ដល់អាជ្ញាបណ្ណផលិតស្រាបៀរក្នុងស្រុក តែលើកលែងបានប្រសិនជាការផលិតនោះមានគោលដៅនាំចេញទៅបរទេស ខណៈក្រុមហ៊ុនផលិតស្រាក្នុងស្រុកមាន៧ក្រុមហ៊ុនរួចហើយ។

បញ្ហាកោះគុត

-ថ្ងៃទី៧ ខែកុម្ភៈ សម្ដេចធិបតី ធ្វើដំណើរទស្សនកិច្ចនៅប្រទេសថៃ។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន ភាគីទាំងពីក៏បានពិភាក្សាលើការអភិវឌ្ឍន៍រួមគ្នាលើដែនទឹកត្រួតស៊ីគ្នារវាងប្រទេសថៃ និងកម្ពុជា នៅឈូងសមុទ្រថៃផងដែរ។

-ចូលដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤ ករណីព្រំដែនទឹករវាងថៃនិងកម្ពុជាត្រូវបានក្រុមប្រឆាំងនៃប្រទេសថៃ និងកម្ពុជា បានយកធ្វើជាប្រធានបទវាយប្រហាររដ្ឋាភិបាលរៀងខ្លួន ក្រោយពេលដែលនាយករដ្ឋមន្ត្រីថៃលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ រក្សាជំហរប្រើប្រាស់អនុស្សារណយោគយល់គ្នាស្ដីពីការអភិវឌ្ឍន៍រួមគ្នានៅតំបន់ប្រេងត្រួតស៊ីគ្នាឆ្នាំ ២០០១។ ហើយរឿងបញ្ហាកោះ គុត ក៏ត្រូវបានលើកឡើងតាំងពីពេលនោះមក។

-នៅថ្ងៃទី២១ ខែវិច្ឆិកា ថ្លែងចេញពីពិធីពីរផ្សេងគ្នាទាំងប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវកុំឱ្យជ្រួលច្របល់តាមការញុះញង់របស់ក្រុមប្រឆាំងពាក់ព័ន្ធនឹងបញ្ហាកោះគុត ដោយថារដ្ឋាភិបាលកំពុងដោះស្រាយបញ្ហានេះដោយយកចិត្តទុកដាក់ និងមានភាពចាស់ទុំខាងនយោបាយ។

-ថ្ងៃទី១៦ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសថៃក្នុងពេលដែលមានការជជែកវែកញែកច្រើនពីការថ្លែងរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន។ ទោះជាយ៉ាងណាបើតាមសេចក្ដីប្រកាសព័ត៌មានក្នុងជំនួបនោះពុំមានបញ្ជាក់ពីបញ្ហានេះនោះទេគ្រាន់តែបាននិយាយពីការរឹតចំណងទំនាក់ទំនងមិត្តភាពជាប្រយោជន៍របស់ប្រទេសទាំងពីរក្នុង «ភាពជាអ្នកជិតខាងល្អ»។

ព្រែកជីកហ្វូណនតេជោ

-ក្នុងពិធីជួបជុំសមាគមឧកញ៉ាកម្ពុជា ល្ងាចថ្ងៃទី២៦ ខែមេសា សម្ដេចតេជោ ហ៊ុន សែន ថា កម្ពុជាមិនចរចាជាមួយប្រទេសវៀតណាម ឬប្រទេសសមាជិកនៃគណៈកម្មាធិការទន្លេមេគង្គនោះទេក្នុងការជីកព្រែកហ្វូណនតេជោ។

-ថ្ងៃទី៥ ខែសីហា កម្ពុជា បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយមានការប្រារព្ធពិធីយ៉ាងអធិកអធម។

CLV-CTA និងព្រឹត្តិការណ៍ ១៨ សីហា

-ក្នុងខែកក្កដា តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា វៀតណាម ឡាវ CLV បានក្លាយជាប្រធានបទក្ដៅ ក្នុងពេលនោះសម្ដេចតេជោ ហ៊ុន សែន បានជំរុញផងដែរឱ្យមានការកាត់ទោសធ្ងន់ធ្ងរដល់អ្នកដែលបកស្រាយញុះញង់លើ CLVនេះ។ លោក ស្រ៊ុន ស្រ៊ន និងសហការីក៏ត្រូវបានចាប់ខ្លួនផងដែរក្រោយសម្ដេចតេជោថ្លែង។

-នៅថ្ងៃទី១២ ខែសីហា សម្ដេចតេជោប្រាប់ពលរដ្ឋកុំឱ្យដើរហួសបន្ទាត់តាមឧបាយកលរបស់ក្រុមទុច្ចរិត ញុះញង់ឱ្យនាំគ្នាងើបផ្ដួលរំលំរដ្ឋាភិបាលដោយយកលេសពីការអភិវឌ្ឍន៍ CLV។ រដ្ឋមន្ត្រីមហាផ្ទៃបានប្រាប់ឱ្យចៅហ្វាយខេត្តទាំងអស់រក្សាសន្ដិសុខកម្រិតខ្ពស់ពីថ្ងៃទី១៥ ខែសីហា ខណៈព័ត៌មាននៃការបាតុកម្មប្រឆាំង CLV ធ្វើនៅថ្ងៃទី១៨ ខែសីហា។

-១៨ សីហា ព្រឹត្តិការណ៍បដិវត្តន៍ព័ណ៌មិនបានសម្រេច ខណៈសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៩៤នាក់ ក្នុងនោះ៥៩នាក់ត្រូវបានចោទប្រកាន់ និងឃុំខ្លួន។

-ថ្ងៃទី២២ ខែសីហា សម្ដេចធិបតីប្រកាសផ្ដួចផ្ដើមបង្កើតមូលនិធិកៀរគរថវិការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែនកម្ពុជាក្រោយបញ្ចប់យុទ្ធនាការរដ្ឋប្រមូលថវិការបាន ២៦ ៩៦៧ ៦០៩ ដុល្លារ។

-ថ្ងៃទី៣០ ខែសីហា ក្រសួងព័ត៌មានរៀបចំចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ខេត្តភាគឦសានចំនួន ៤ របស់កម្ពុជា រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីដោយឥតគិតថ្លៃនៅដើមខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤។

-នៅយប់ថ្ងៃទី២០ ខែកញ្ញា នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថាកម្ពុជានឹងដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA។ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ថា ការដកខ្លួននេះគឺគិតគូរពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឱ្យប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ ហើយកម្ពុជានៅតែបន្តអភិវឌ្ឍន៍តំបន់ភូមិភាគឦសានរបស់ខ្លួនតទៅទៀត។

-ថ្ងៃទី១០ ខែវិច្ឆិកា កាសែតឥណ្ឌា The Sunday Guardian បានចុះផ្សាយថារដ្ឋបាលអាមេរិករបស់លោក ចូ បៃដិន ស្ថិតនៅពីក្រោយផែនការធ្វើបដិវត្តន៍ព័ណ៌នៅកម្ពុជាដោយយកគំរូតាមប្រទេសបង់ក្លាដេស។ ទោះជាយ៉ាងណាស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបដិសេធថាជាព័ត៌មានមិនពិតនិងបំភាន់គោលនយោបាយការបរទេសអាមេរិក។

ហែកឋិនទៅកម្ពុជាក្រោម

-ថ្ងៃទី៤ ខែតុលា រដ្ឋាភិបាលបានបង្កើតគណៈកម្មាការរៀបចំអង្គកឋិនទានដង្ហែរទៅកាន់វត្តខ្មែរក្រោម។ នេះជាលើកទី១ហើយ ដែលរដ្ឋាភិបាលបានរៀបចំបែបនេះ។

-ថ្ងៃទី៣ ខែវិច្ឆិកា បច្ច័យសម្រាប់ការដង្ហែកឋិនទៅកម្ពុជាត្រូវបានប្រមូលបានប្រមាណ ២,៣លានដុល្លារអាមេរិក ក្នងនោះព្រះមហាក្សត្រ និងសម្ដេចម៉ែបានប្រទាន២ម៉ឺនដុល្លារ។

-ពិធីហែពីភ្នំពេញទៅកម្ពុជាក្រោមចាប់ផ្ដើមនៅថ្ងៃទី៤ ខែវិច្ឆិកា។

ការប្រយុទ្ធប្រឆាំងគ្រឿងញៀន

-ក្នុងពិធីបិទសន្និបាតរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២០ ខែកុម្ភៈ នាយករដ្ឋមន្ត្រីថាមន្ត្រីរាជការស៊ីវិលនឹងត្រូវបណ្តេញចេញពីក្របខណ្ឌដូចជាកងកម្លាំងប្រដាប់អាវុធដែរ ប្រសិនបើពួកគេពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងឲ្យក្រសួងមហាផ្ទៃធ្វើបញ្ជីទិន្នន័យឈ្មោះមន្រ្តី ដែលជាប់ពាក់ព័ន្ធគ្រឿងញៀន ដើម្បីគ្រប់គ្រង និងចែកចាយនៅតាមស្ថាប័នរដ្ឋផងដែរ។ យុទ្ធនាការពិនិត្យរកសារធាតុញៀនក៏បានចាប់ផ្ដើមផងដែរ។ ក្នុងខែមីនា ផ្កាយ៣នៅក្រសួងមហាផ្ទៃម្នាក់គឺលោក យិន គារ ត្រូវបានទម្លាក់ស័ក្កិឱ្យមកនៅទាបបំផុតក្រោយពិនិត្យឃើញថាប្រើប្រាស់គ្រឿងញៀន ហើយក៏មានមន្ត្រីជាច្រើនទៀតត្រូវបានអស់តួនាទី តំណែង ជាបន្តបន្ទាប់ក្រោយរកឃើញថាបានប្រើប្រាស់គ្រឿងញៀនផងដែរ។

ការកែសម្រួលក្នុងជួរគណរដ្ឋមន្ត្រី

-ថ្ងៃទី២១ ខែកុម្ភៈ ប្អូនប្រុសបង្កើតសម្ដេចធិបតីគឺលោក ហ៊ុន ម៉ានី ត្រូវបានសភាបោះឆ្នោតតែងតាំងជាឧបនាយករដ្ឋមន្ត្រី។ មួយថ្ងៃក្រោយមកក្នុងពិធីទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថាការតម្លើងតំណែងនេះគឺជាការជួយឲ្យរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានទំងន់ធ្ងន់ ក្នុងការដឹកនាំធ្វើកំណែទម្រង់ទាក់ទងទៅនឹងក្រសួងស្ថាប័នផ្សេងៗទៀត។

-ថ្ងៃទី២០ ខែកញ្ញា រដ្ឋសភាបានបោះឆ្នោតកែប្រែសម្រួលសមាសភាពរាជរដ្ឋាភិបាលដោយបានកែសម្រួលឱ្យរដ្ឋមន្ត្រីអធិការកិច្ចលោក ហួត ហាក់ ទៅកាន់ជារដ្ឋមន្ត្រីទេសចរណ៍ហើយរដ្ឋមន្ត្រីទេសចរណ៍លោក សុខ សូកេន ទៅកាន់ជារដ្ឋមន្ត្រីអធិការកិច្ចវិញ។

-ថ្ងៃទី២០ ខែវិច្ឆិកា សភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យអតីតរដ្ឋមន្ត្រីការបរទេសលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មកកាន់ក្រសួងការបរទេសវិញជំនួសលោក សុខ ចិន្តាសោភា។ សម្ដេចធិបតីថានៅក្នុងកាលៈទេសៈបច្ចុប្បន្ន កម្ពុជាចាំបាច់ត្រូវតែពង្រឹងគោលនយោបាយ និងទំនាក់ទំនងការបរទេសដើម្បីបម្រើផលប្រយោជន៍រួមរបស់ជាតិ។

ការបោះឆ្នោតព្រឹទ្ធសភា

-កម្ពុជារៀបចំការបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ដោយលទ្ធផលនៃការបោះឆ្នោតនោះគឺគណបក្សប្រជាជនគ្រប់គ្រងបាន៥៥អាសនៈក្នុងព្រឹទ្ធិសភា ហើយគណបក្សឆន្ទៈខ្មែរទទួលបាន៣អាសនៈ។

-ថ្ងៃទី៣ ខែមេសា សមាជិកព្រឹទ្ធសភាទាំងអស់៦២រូប បានសម្រេចបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភានីតិកាលទី៥ ហើយលោក ប្រាក់ សុខុន បានក្លាយជាអនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ បានក្លាយជាអនុប្រធានទី២។

ទិវង្គត / មរណភាព

-សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥:៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយរោគាពាធ។ ព្រះបរមសពរបស់ព្រះអង្គត្រូវបានថ្វាយព្រះភ្លើងនៅថ្ងៃទី៣ ខែមិថុនា ក្រោយតម្កល់ទុករយៈពេល៣ខែ។

-ថ្ងៃទី២ ខែកញ្ញា សម្ដេចចៅហ្វាវាំង គង់ សំអុល ទទួលមរណភាព។ ក្រោយមរណភាពសម្ដេចចៅហ្វាវាំង មន្ត្រីព្រះមរមរាជវាំង២រូបត្រូវបានតែងតាំងនិងផ្ដល់គោរមងារគឺលោក គុយ សុផល ត្រូវបានផ្ដល់គោរមងារជា «សម្ដេចមហាមន្ត្រី» ចំណែកឯកូនស្រីសម្ដេចចៅហ្វាវាំងគឺលោកស្រី គង់ បញ្ញា ត្រូវបានផ្ដល់គោរមងារជា «អ្នកឧកញ៉ាមហាភក្ដី»។

-ថ្ងៃទី២៥ ខែតុលា ទេសភិបាលកិត្តិយស ធនាគារជាតិ លោក ជា ចាន់តូ ទទួលមរណភាព ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

សម្ដេចសង្ឃថ្មី

-ថ្ងៃទី៨ ធ្នូ ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ថ្វាយព្រះឋានៈដល់សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាសម្ដេចព្រះអគ្គមហាសង្ឃារាជាធិបតី សម្តេចព្រះសង្ឃរាជនៃប្រទេសកម្ពុជាគណៈមហានិកាយ ជំនួស សម្ដេចសង្ឃ ទេព វង្ស ដែលបានចូលទិវង្គត។

ខួប២០ឆ្នាំនៃការគ្រងរាជសម្បត្តិ

-កម្ពុជាបោះពុម្ភក្រដាសប្រាក់អនុស្សាវរីយ៍២០ម៉ឺនរៀល ចំនួន២០លានសន្លឹកដែលស្មើនឹងប្រមាណ១ពាន់លានដុល្លារអាមេរិកអបអរសារទរខួប២០ឆ្នាំនៃការគ្រងរាជរបស់សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី (២៩ តុលា ២០០៤-២៩ តុលា ២០២៤)។

ករណីអតីតឧកញ៉ា ឡេង ចាន់ណា

-អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែមីនា។ គម្រោងវិនិយោគបោកប្រាស់របស់អតីតឧកញ៉ារូបនេះបោកលុយពលរដ្ឋបានជាង៣០០លានដុល្លារ។

-ថ្ងៃទី១៥ ខែឧសភា សម្ដេចធិបតី ចាត់ឱ្យលោកមេធាវី គី តិច ការពារជនរងគ្រោះដោយ ឡេង ចាន់ណា។

-តុលាការខេត្តសៀមរាបកោះហៅរដ្ឋលេខាធិការក្រសួងអប់រំលោក ស៊ាន បូរ៉ាត និងអនុរដ្ឋលេខាធិការក្រសួងការពារជាតិលោក ស ថាវី ឱ្យចូលខ្លួនឆ្លើយបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងបោកប្រាស់របស់អតីតឧកញ៉ា ឡេង ចាន់ណា នៅក្នុងខែធ្នូ។

ករណី លី សាម៉េត ហៅគ្រូមា

-ថ្ងៃទី៧ ខែតុលា សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យមានការចាប់ខ្លួនលោក លី សាម៉េត ក្រោយបុគ្គលរូបនេះប្រើឈ្មោះសម្ដេចតេជោបោកប្រាស់លុយពលរដ្ឋបានរាប់សិបលានដុល្លារ។ ក្នុងនោះក៏មានជាប់ពាក់ព័ន្ធនឹងលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯមផងដែរដែលបានយកលុយ ៣២ម៉ឺនដុល្លាររត់ការធ្វើជាអភិបាលក្រុងអរិយក្សត្រ។

-ថ្ងៃទី៤ ខែវិច្ឆិកា តុលាការបានសម្រេចឃុំខ្លួនលោក លី សាម៉េត ពីបទឆបោក បន្ទាប់ពីទទួលស្គាល់កំហុស និងសុំទោសសម្ដេចតេជោ ហ៊ុន សែន។

-មនុស្សជិតស្និតជាមួយ លី សាម៉េត គឺលោក ដួង តារ៉ា ក៏ត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារផងដែរកាលពីថ្ងៃទី១៤ ខែតុលា ពាក់ព័ន្ធនឹងគម្រោងឆបោក លុយទ្រង់ទ្រាយធំពីប្រជាពលរដ្ឋរាប់សិបនាក់ នៅខេត្តស្វាយរៀង និងការឆបោកផ្សេងទៀត។

ករណីគម្រោងវិនិយោគ CIC Plc

-ថ្ងៃទី២៥ ខែមីនា ករណីក្រុមហ៊ុនវិនិយោគ CIC Plc ត្រូវបាននិយ័តករមូលបត្រកម្ពុជាបញ្ជាទៅក្រុមហ៊ុននេះឱ្យកែទម្រង់ ពិនិត្យ និងរៀបចំគ្រប់គ្រងចំនួនប្រាក់វិនិយោគរបស់វិនិយោគិនស្របច្បាប់។ បន្ថែមពីនេះ និយ័តករមូលបត្រកម្ពុជាក៏បានតម្រូវឱ្យក្រុមហ៊ុន CIC Plc ចាត់ចែងទ្រព្យដែលកាត់កងឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ដើម្បីធានាប្រយោជន៍វិនិយោគិនដែលបានដាក់ប្រាក់ជាមួយក្រុមហ៊ុន។

-ថ្ងៃទី២៤ ខែសីហា សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ហាងផាកកាហ្វេ និងជាអតីតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៊ី អាយ ស៊ី ផាតនើរលោក គុយ វ៉ាត ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ឬចេញសែកគ្មានសាច់ប្រាក់។

ករណីអតីតឧកញ៉ា ស្រី ស៊ីណា

-ថ្ងៃទី១៧ ខែមិថុនា អតីតឧកញ៉ា ស្រី ស៊ីណា បានបាញ់សម្លាប់មនុស្ស២នាក់នៅក្នុងផ្ទះរបស់ពួកគេ និងបាញ់ទៅអ្នកធ្វើការមួយចំនួនក្នុងផ្ទះនោះផងដែរនៅក្នុងបុរីប៉េងហួត បឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ។ តុលាការបានចាប់ខ្លួននិងចោទប្រកាន់ជនឧក្រិដ្ឋនេះពីបទឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ ករណីនេះត្រូវបាននាយករដ្ឋមន្ត្រីតាមដាន និងបញ្ជាឱ្យរដ្ឋមន្ត្រីយុត្តិធម៌ពិនិត្យតាមដានផងដែរ។

-ថ្ងៃទី២៣ ខែធ្នូ តុលាការភ្នំពេញ បានសម្រេចផ្ដន្ទាទោសឧក្រិដ្ឋជន ស្រី ស៊ីណា អាយុ៥១ឆ្នាំឱ្យជាប់គុក៣១ឆ្នាំ និងបង្គាប់ឱ្យសងសំណងជូនគ្រួសារជនរងគ្រោះដែលស្លាប់២នាក់ក្នុងមួយគ្រួសារ១លានដុល្លារ និងសំណងចំនួន៥០ម៉ឺនដុល្លារដល់អ្នករងរបួសចំនួន២នាក់។

ការធ្លាក់ឧទ្ធម្ភាកចក្រនៅភ្នំក្រវាញ និងផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ

-ថ្ងៃទី២៧ ខែមេសា ផ្ទុះឃ្លាំងស្ដុកគ្រាប់នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ សម្លាប់ទាហាន២០នាក់ ខូចខាតអាគារកងទ័ព និងផ្ទះសម្បែងពលរដ្ឋជិត៣០ខ្នង។

ថ្ងៃទី១២ ខែកក្កដា ឧទ្ទម្ភាគចក្រយោធាមួយគ្រឿងបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញខេត្តពោធិ៍សាត់ជាមួយអ្នកបើក២នាក់។ ឧទ្ធម្ភាគចក្រត្រូវបានរកឃើញនៅថ្ងៃទី៣០ ខែកក្កដា តែសោកស្ដាយអ្នកបើកបរទាំងពីរនៃឧទ្ធម្ភាគចក្រនេះក៏ត្រូវបាត់បង់ជីវិតផងដែរ។

កម្ពុជា-ចិន

-កម្ពុជាមិនល្ងង់យកព្រែកជីកហ្វូណនទៅសម្រួលវត្តមានយោធាចិនលើទឹកដីខ្លួនឡើយ នេះជាការបញ្ជាក់របស់សម្ដេចតេជោលើបណ្ដាញសង្គមនាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ហើយនៅថ្ងៃទី១១ ខែមេសា សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថែមទៀតដែរថា កម្ពុជាមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីខ្លួននោះទេករណីប្រទាំងប្រទើសជាមួយវៀតណាមលើការជីកព្រែកហ្វូណនតេជោ។

-រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ធ្វើទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២១ ដល់២៣ ខែមេសា។ ព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តម សីហមុនី និងប្រមុខការទូតកម្ពុជាបានមានបន្ទូល និងបញ្ជាក់ជំហរថា កម្ពុជាបន្តគាំទ្រនូវគោលនយោបាយចិនតែមួយ។

-កម្ពុជា-ចិន ធ្វើសមយុទ្ធ «នាគមាស» ឆ្នាំ២០២៤ នៅពាក់កណ្ដាលខែ ឧសភា ខណៈអគ្គបញ្ជាការទ័ពបញ្ជាក់ថាប្រទេសកម្ពុជាត្រៀមធ្វើសមយុទ្ធជាមួយគ្រប់ប្រទេស។

-ថ្ងៃទី១៨ ធ្នូ ឯកអគ្គរដ្ឋទូតចិនលោក Wang Wenbin បានច្រានចោលព័ត៌មានដែលថាចិនផ្អាកកម្ចីដល់កម្ពុជា និងថាប្រទេសលោកនឹងបន្តគាំទ្រកម្ពុជាយ៉ាងមុតមាំ។

កម្ពុជា-អាមេរិក

-ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ជួបជាមួយនាយកចារកម្មស៊ើបការណ៍សំងាត់អាមេរិក (CIA) លោក  Bill Burns និងថា សម្ដេចធ្វើការជាមូយ CIA តាំងពីឆ្នាំ១៩៩៧មកម្លេះ ជាការឆ្លើយតបនឹងការចុះផ្សាយរបស់ The Diplomat ដែលដាក់ចំណងជើងថា តើនាយក CIA មានវត្តមាននៅភ្នំពេញកាលពីពេលថ្មីៗនេះឬអត់?។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។ ឃើញទឹកស្ងប់កុំគិតថាក្នុងទឹកគ្មានត្រី ពេល ហ៊ុន សែន មិននិយាយកុំគិតថា ហ៊ុន សែនមិនចេះនិយាយ»។

-ថ្ងៃទី៤ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន មកទស្សនកិច្ចកម្ពុជា។ ក្រសួងការពារជាតិកម្ពុជាចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំការពារជាតិអាមេរិកជាការប្តេជ្ញាចិត្តរបស់អាមេរិកដើម្បីបញ្ជាក់ចំណងមិត្តភាពជាថ្មីជាមួយកម្ពុជា។

-ថ្ងៃទី២២ ខែសីហា អាមេរិកបានប្រគល់វត្ថុបុរាណចំនួន៧១មកឱ្យកម្ពុជាវិញ។ បើតាមនាយករដ្ឋមន្ត្រីតាមតាំងពីឆ្នាំ១៩៩៦ដល់បច្ចុប្បន្នកម្ពុជាទទួលបានវត្ថុបុរាណខ្មែរសរុបចំនួន ១០៩៨ ពីប្រទេសចំនួន ១៥ រួមមានសហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ចិន និងថៃជាដើម។

-នាវាចម្បាំងអាមេរិក USS SAVAHHAH បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុពីថ្ងៃទី១៦ ដល់២០ ខែធ្នូ នេះគឺជាការចូលចតជាលើកដំបូងរបស់នាវាចម្បាំងសហរដ្ឋអាមេរិក បន្ទាប់ពីខកខានអស់រយៈពេល ៨ ឆ្នាំ។ ជាមួយគ្នានឹងការបង្ហាញសញ្ញាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-អាមេរិកផងដែរ។

ក្មេងទំនើង

-ក្នុងរយៈពេល៧ខែនៃយុទ្ធនាការបង្ក្រាបក្មេង​ទំនើងឆ្នាំ២០២៤នេះ សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងបានជាង៣ពាន់នាក់ ហើយ២ពាន់នាក់ត្រូវបានបញ្ជូនទៅតុលាការ និងបានឃុំខ្លួន បន្ថែមលើនេះនៅថ្ងៃទី២៦ ខែធ្នូ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យរឹតបន្ដឹង និងមានវិធានការឱ្យកាន់តែខ្លាំងលើក្រុមក្មេងទំនើងថែមទៀត និងអាចឈានដល់ការធ្វើវិសោធនកម្មច្បាប់ផងដែរ។

កំណត់សម្គាល់សំខាន់ៗផ្សេងៗ

-ថ្ងៃទី១២ ខែកញ្ញា ក្រសួងសេដ្ឋកិច្ចអាមេរិកបានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់ឧកញ៉ា លី យ៉ុងផាត់ ដោយចោទពីបទជាប់ពាក់ព័ន្ធនឹងការបំពានសិទ្ធិមនុស្ស និងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញយ៉ាងធ្ងន់ធ្ងរ។ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសសម្តែងការសោកស្ដាយ និងថាជារឿងអយុត្តិធម៌។

-ថ្ងៃទី១៥-១៧ខែកញ្ញា មានការរៀបចំព្រឹត្តិការណ៍បង្ហាញរថយន្ត Gumball 3000 ទទួលបានទាំងការអបអរ និងការរិះគន់ដែលធ្វើឱ្យមានការជជែកវែកញែកច្រើនរហូតដល់នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យបញ្ឈប់ការវែកញែកតទៅទៀត ១០ថ្ងៃក្រោយព្រឹត្តិការណ៍នេះបានបញ្ចប់។ 

-ថ្ងៃទី២៨ ខែវិច្ឆិកា សភាអឺរ៉ុបបានអំពាវនាវឱ្យគណៈកម្មាការអឺរ៉ុប និងរដ្ឋសមាជិកវាយតម្លៃ និងកែប្រែឡើងវិញនូវលក្ខខណ្ឌនៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសេសសល់ ដល់កម្ពុជា ក្រោមហេតុផលថា រដ្ឋាភិបាលកម្ពុជាមិនបានសហការដោះស្រាយ និងបង្កាការរំលោភសិទ្ធិមនុស្ស។ សភាកម្ពុជាសំដែងការខកចិត្ត និងថាការសម្រេចនេះធ្វើឡើងដោយមានការយល់ច្រឡំ លម្អៀងដោយផ្អែកលើព័ត៌មានមិនពិត និងទទួលរបាយការណ៍តែម្ខាង។

-ថ្ងៃទី១៩ ខែតុលា លោក ស៊ូហៃមី កូនប្រុសរបស់មេដឹកនាំសាសនាឥស្លាមដ៏មានឥទ្ធិពលនៅកម្ពុជាត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភសិស្សស្រី១៨នាក់នៅសាលាឥស្លាមមួយនៅរាជធានីភ្នំពេញ។

-ស្ថានីយទូរទស្សន៍ KBS របស់សាធារណរដ្ឋកូរ៉េបានផ្សាយពីការចាប់ជម្រិតជនជាតិកូរ៉េនៅកម្ពុជាធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ នៅថ្ងៃទី២៤ ខែតុលា អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញមុខបដិសេធនិងថាគ្មានករណីនេះកើតឡើងនោះទេ។ នៅថ្ងៃដដែលនោះផងដែរសមត្ថកិច្ចក៏បានចុះបង្ក្រាបទីតាំងមួយកន្លែងនៅស្រុកកងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនបរទេសជាជនជាតិ ចិន និងកូរ៉េ បានជាង១ពាន់នាក់។

-ថ្ងៃទី២៨ ខែតុលា មានករណីរំដោះជនជាតិវៀតណាមម្នាក់ដែលជាប់ទោសចេញពីពន្ធនាគារស្វាយរៀង។ បន្តមកនៅថ្ងៃទី៤ ខែវិច្ឆិកា ទាំងអ្នករំដោះ និងអ្នកត្រូវបានគេរំដោះត្រូវបានចាប់ខ្លួននៅប្រទេសវៀតណាម ខណៈកម្ពុជាក៏បានស្នើឱ្យបញ្ជូនមកកម្ពុជាវិញដែរ។

-ថ្ងៃទី១៣ ខែធ្នូ ក្រសួងអប់រំបញ្ជាក់ថាក្រសួងមិនដែលមានបំណងណាមួយក្នុងការដាក់បញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សារដ្ឋទេ។ ការបញ្ជាក់នេះគឺឆ្លើយតបនឹងការផ្សព្វផ្សាយតាមបណ្ដាញសង្គមជាច្រើនកម្ពុជាគ្រោងដាក់បញ្ចូលភាសាវៀតណាមឱ្យកូនសិស្សកម្ពុជារៀន។

-ថ្ងៃទី១៨ ធ្នូ ពាក្យថា «ផ្ការីកនៃសន្ដិភាព» ត្រូវបានប្រធានព្រឹទ្ធសភាប្រើប្រាស់ជាលើកដំបូងក្នុងន័យប្រឆាំងទៅនឹងយុទ្ធសាស្រ្តផ្ការីករបស់ទណ្ឌិត សម រង្ស៊ី ដែលព្យាយាមញុះញង់ និងអុចអាលឱ្យពលរដ្ឋចូលរួមបំផ្លាញសន្ដិភាពនៅកម្ពុជា។

ព្រឹត្តិការណ៍បិទឆ្នាំ២០២៤

ព្រឹត្តិការណ៍២សំខាន់ដែលជាប្រវត្តិសាស្ត្រនិងអបអរការចូលឆ្នាំសាកលផងនោះគឺការអបអរសាទរទិវាសន្ដិភាពនៅកម្ពុជារៀបចំនៅថ្ងៃទី២៩ ខែធ្នូ ដោយមានមីទី្ទញ ការប្រកួតបាល់ទាត់ ប្រគុំតន្ត្រី ព្រមទាំងបាញ់កាំជ្រួចរយៈពេល៣យប់ផងដែរនៅវិមានឈ្នះឈ្នះ ហើយនៅថ្ងៃទី៣១ ខែធ្នូ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខក៏នឹងរៀបចំផងដែរនូវព្រឹត្តិការណ៍ «សាទរកម្ពុជា» ចូលរួមអបអរការឆ្លងឆ្នាំសាកល និងបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីកត្តាមានសុខសន្តិភាពពេញលេញរបស់ប្រទេសជាតិនាយុគសម័យបច្ចុប្បន្ននេះផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ វិនាទី មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១១ នាទីutes មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២០ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

សេចក្ដីជូនដំណឹង២៨ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម