ព័ត៌មានជាតិ
តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម
«ខ្ញុំស្រលាញ់សន្តិភាព ខ្ញុំចង់បានសន្តិភាព ខ្ញុំអត់ចង់បានសង្គ្រាមដូចប្រទេសដទៃទេ។ សន្តិភាព គឺសំខាន់ណាស់ បើអត់មានសន្តិភាពយើងមិនអាចដើរហើរមកធ្វើការទៅនេះទៅនោះបានទេ។ សន្តិភាព មានតម្លៃកាត់ថ្លៃមហាសាលគ្មានអ្វីដែលអាចកាត់ថ្លៃបានទេ បើគ្មានសន្តិភាពគឺគ្មានការអភវឌ្ឍអ្វីទាំងអស់»។
នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលបានបង្ហាញការសប្បាយរីករាយ និងក្ដីស្រលាញ់ផ្តល់តម្លៃសន្តិភាព ដែលកម្ពុជាទទួលបានពេញលេញរាប់ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ មានរយៈពេល២៦ឆ្នាំ ជារយៈពេលវែងបំផុតមិនធ្លាប់មានលើទឹកដីកម្ពុជាក្នុងរយៈប្រមាណ៥០០ឆ្នាំមកនេះ។

យ៉ាងណាក៏ដោយ គេនៅចាំថានៅមុនឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានហែកហួរដោយសារសង្គ្រាមផ្ទៃក្នុង រួមទាំងសង្គ្រាមពីខាងក្រៅផង។ ប្រជាជនស្លាប់រាប់លាននាក់ សេដ្ឋកិច្ចអន់ថយដល់កម្រិតសូន្យ ប្រទេសត្រូវបានបែងចែកតំបន់ត្រួតត្រាផ្សេងៗគ្នា ពលរដ្ឋមានតែការរងទុក្ខលំបាកវេទនារស់នៅក្នុងភាពភ័យខ្លាច។
លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស គឺជាប្រជាពលរដ្ឋដែលធ្លាប់បានឆ្លងកាត់សម័យសង្គ្រាមតាំងពីឆ្នាំ១៩៧០ បានលើកឡើងថា សង្គ្រាមមិនដែលបានផ្តល់សុភមង្គល ភាពរីកចម្រើន ការជួបជុំគ្រួសារដូចសម័យមានសន្តិភាពនេះទេ។ ទន្ទឹមគ្នានោះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏បានប្រាប់ផងដែ ថា សង្គ្រាមមានតែធ្វើឱ្យពួកគាត់ឈឺចាប់ខ្លោចផ្សាមិនអាចគណនាបាន។
លោក យ៉ោក សុទ្ធី ថា៖ «គិតតែពីគេចតែគ្រាប់ផ្លោង គេចតែកាំភ្លើងស្នូរ នេះហើយគឺជាប្រទេសមានសង្គ្រាម»។

លោក កាន់ ស៊ីថន ប្រជាពលរដ្ឋខណ្ឌដង្កោ ថា៖ «កំពុងបាយ កំពុងតែដាំបាយ យកទឹកយកចានយកឆ្នាំងដាក់ដាំបាយរៀបចំបាយហ្នឹង មកគ្រាំងមក[គ្រាប់ផ្លោង]គ្មានបានបាយទេរត់ចោលឆ្នាំងបាយបាត់ បាទអាហ្នឹងជាសង្គ្រាម»។ រីឯលោក ឈួន បូរិត ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ថា«វាធ្វើឱ្យបែកបាក់គ្រួសារ បាត់បង់បងប្អូន ញាតិសន្តាន ហើយវិស័យគ្រប់យ៉ាងគឺត្រូវបាត់បង់ទាំងអស់»។
ពិតណាស់ ផ្លែផ្កាសន្តិភាពដែលកំពុងរីកស្គុសស្គាយនាពេលបច្ចុប្បន្នមិនអាចទៅរួចបានឡើយបើសិនជាគ្មាន ការដឹកនាំតស៊ូរបស់សម្តេចតេជោហ៊ុន សែន ដែលយកជីវិតធ្វើជាដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៧ឆ្នាំមុន។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា ទោះបីពេលនេះរូបលោក និងប្រជាជនកម្ពុជា កំពុងទទួលបានសេចក្តីសុខ តែលោក មិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺនរាប់សែនដំណក់ នៅពេលដែលលោក ឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោលភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះ។ វីរភាពរបស់សម្តេចតេជោបានធ្វើឱ្យប្រជាជនរំភើបក្តុកក្តួលកោតសរសើរនិងចាត់ទុកលោកដូចជាឪពុកដែលផ្តល់កំណើតហើយថែរក្សាកូនចៅគ្រប់ៗគ្នា។
លោក កាន់ ស៊ីថន ប្រជាពលរដ្ឋនៅខណ្ឌដង្កោ ថា «សម្តេចតេជោជាអតីតនាយករដ្ឋមន្ត្រីលោកបានតស៊ូប្តូរសាច់ប្តូរឈាមដើម្បីទាមទារយកនូវសន្តិភាពនេះឡើយ»។

អ្នកស្រី សុខា លីនដា ប្រជាពលរដ្ឋខេត្តកណ្តាល ថា «ខ្ញុំឃើញថាគាត់លះបង់ច្រើនណាស់ ដើម្បីប្រជាជនយើង អ៊ីចឹងត្រូវធ្វើម៉េចប្រជាជនត្រូវមានការចាងចាំនៅក្នុងចិត្តថា បើមិនមានសម្តេចតេជោហ៊ុនសែនទេ គឺមិនមានថ្ងៃហ្នឹងកើតឡើងទេ»។ លោក អឿន វីរៈ ពលរដ្ឋខេត្តកណ្តាល៖«បើអត់មានសម្តេចតេជោ ក៏គ្មានសន្តិភាពដែរ»។

ដោយមើលឃើញពីសារសំខាន់ និងតម្លៃនៃសន្តិភាព លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងលោកបណ្ឌិត ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយនិងសន្តិសុខ ព្រមទាំងប្រជាពលរដ្ឋ បានអរគុណសន្តិភាព និងបង្ហាញពីការចូលរួមថែរក្សាការពារសន្តិភាព អំពាវនាវឱ្យមានការថែរក្សាការពារសន្តិភាព ដែលបានមកដោយកម្រនេះ ផងដែរ។

លោកបណ្ឌិត គិន ភា៖ «អរគុណសន្តិភាព អរគុណប្រតិបត្តិករមគ្គុទេសន៍ឯកសម្តេចតេជោហ៊ុនសែនដែលលោកនាំមកនាំមកនូវសន្តិភាពសម្រាប់ប្រជាជនយើងហើយជាគំរូសម្រាប់តំបន់និងពិភពលោកទាំងមូល»។
លោកថុង ម៉េងដាវិត៖«កុំនិយាយដល់ការអភិវឌ្ឍប្រទេស ឬក៏ការកសាងមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគឺ យើងនឹងមិនមាននោះទេ បើសិនជាមិនមានដាក់ចេញនូវយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្តេចតេជោ»។

លោក តាំង ថា ពលរដ្ឋនៅរាជធានីភ្នំពេញ បានលើកឡើងថា «រួមគ្នាការពារសន្តិភាព កុំឱ្យមានសង្គ្រាម សង្គ្រាមគឺវេទនាណាស់»។
លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស៖«សន្តិភាពមិនមែនតែសម្រាប់តែកម្ពុជាទេ សូម្បីប្រទេសនៅលើសាកលលោកគឺគេទាមទាណាស់ត្រូវការណាស់សន្តិភាព សូមរក្សាសន្តិភាពឱ្យបានគ្រប់ៗគ្នា»។

តម្លៃសន្តិភាព គឺកម្ពុជាបានសុខជៀសផុតពីសង្រ្គាម ហើយសន្តិភាពដែលប្រទេសកម្ពុជាទទួលនេះបាន ពិតជាមានតម្លៃណាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជាក់ស្តែងសន្តិភាពនៅកម្ពុជា បានជួយជម្រុញវិស័យកសិកម្ម ឧស្សាហកម្មពាណិជ្ជកម្ម ទេសចរណ៍ឱ្យមានការអភិវឌ្ឍ ការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។
មិនតែប៉ុណ្ណោះ ក៏មានការលើកស្ទួយការគោរពសិទ្ធិមនុស្ស សេរីភាពក្នុងសង្គមប្រជាធិបតេយ្យ ការពារ ទបស្កាត់អំពើពុករលួយ អភិវឌ្ឍលើវិស័យអប់រំ អភិវឌ្ឍវប្បធម៌ជាតិ និងសាសនា ផងដែរ។ ផ្ទុយទៅវិញ សង្គ្រាមមានតែទុក្ខវេទនា ព្រាត់ប្រាស់ ខ្លោចផ្សាគ្រប់យ៉ាង សង្គមវប្បធម៌ សង្គមធម្មជាតិ មនុស្សជាតិត្រូវរលាយទាំងអស់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ