ព័ត៌មានជាតិ
ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក
ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិកRipple Inc បានបង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យថាមពលកកើតឡើង ពិសេស ចាប់អារម្មណ៍ក្នុងការរផលិតបន្ទះសូឡានៅកម្ពុជាសម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក។ ចំណាប់អារម្មណ៍នេះបង្ហាញឡើងដោយលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅវិមានសន្តិភាព នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/photo_2024-12-30_20-41-19-819x1024.jpg)
នៅចំពោះមុខសម្តេចធិបតី នាយករដ្ឋមន្រ្តី លោក Chris Larsen បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ លោកក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ លោក Chris Larsen និងលោកស្រី Lyna Lam បានគោរពជម្រាបជូនសម្ដេចធិបតី នាយករដ្ឋមន្រ្តីអំពីសកម្មភាពរបស់មូលនិធិពុទ្ធសាសនិកខ្មែរ ដែលបានចូលរួមថែរក្សា និងអភិរក្ស វប្បធម៌ ប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិក តាមរយៈការកសាងវត្តអារាម ពិសេស នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងបានបង្ហាញពីបំណងចូលរួមចំណែកជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជានៅតាមទីជនបទផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំពោះលោក Chris Larsen ដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេស ការផលិតបន្ទះថាមពលសូឡា។ សម្ដេចបានគូសបញ្ជាក់ថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញតាមរយៈការដាក់ចេញគោលដៅឈានទៅសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៅឆ្នាំ២០៣០ ដែលបច្ចុប្បន្ននេះ កម្ពុជាបានប្រើប្រាស់ថាមពលកកើតឡើងវិញរហូតដល់ ៦២% រួចហើយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀតដល់ការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជា រវាងវិស័យឯកជន និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀតអំពីបញ្ហានេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/WSY5FDYLSVYFSQTCAQJCZETPNE-1024x576.jpg)
ចំពោះការរួមចំណែកថែរក្សា និងអភិរក្ស វប្បធម៌ ប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិកវិញ សម្ដេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងវត្តអារាមនៅសហរដ្ឋអាមេរិករបស់លោក Chris Larsen និងលោកស្រី Lyna Lam។ សម្ដេចក៏បានសង្កត់ធ្ងន់ថា វត្តអារាមមិនត្រឹមតែជាទីជួបជុំសម្រាប់សហគមន៍ខ្មែរប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកដល់ការបណ្ដុះបណ្ដាលផ្នែកភាសា និងសិល្បៈ ការថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរ ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/12/Challenges-facing-solar-power-development-in-Vietnam.jpg)
សម្ដេចធិបតី បានលើកទឹកចិត្តដល់លោក Chris Larsen និងលោកស្រី Lyna Lam ឱ្យបន្តសកម្មភាពដែលគាំទ្រដល់ការថែរក្សា និងអភិរក្ស វប្បធម៌ និងប្រពៃណីខ្មែរ បន្ថែមទៀត និងរីករាយចំពោះបំណង និងសមានចិត្តជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីសមិទ្ធផល និងវឌ្ឍនភាពនៃគោលនយោបាយគាំពារសង្គម និងលើកកម្ពស់សុខុមាលភាពរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការពង្រឹងវិស័យសុខាភិបាល ដោយយកចិត្តទុកដាក់ខ្ពស់លើការពង្រីកវិសាលភាព និងពង្រឹងសេវាថែទាំសុខភាពទៅដល់មូលដ្ឋាន នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ការអភិវឌ្ឍវិស័យអប់រំ និងការបង្កើតការងារសំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?