ព័ត៌មានជាតិ
អភិបាលរាជធានី ណែនាំដល់អាជ្ញាធរ និងកងកម្លាំង រក្សាសន្តិសុខ សុវត្ថិភាពឱ្យបានល្អក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា»
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នារសៀលថ្ងៃទី៣០ ខែធ្នូ បានដឹកនាំអាជ្ញាធរខណ្ឌ និងមន្ទីរពាក់ព័ន្ធចុះពិនិត្យមើល ការរៀបចំសណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីធានាបានថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» ដែលនឹងប្រារព្វធ្វើឡើងនៅម៉ោង ៣រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតឆ្លងឆ្នាំសាកល២០២៥ នៅមុខបរមរាជវាំង ទទួលបានជោគជ័យនិងបង្កភាពរីករាយជូនប្រជាពលរដ្ឋ។

ក្នុងឱកាសដឹកនាំក្រុមការងារពាក់ព័ន្ធចុះពិនិត្យមើលនៅទីតាំងមុខបរមរាជវាំង ដែលជាទីតាំងធំសំរាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នេះ លោក ឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងទាំងអស់ ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយត្រូវល្បាតជាប្រចាំនៅក្នុងនិងក្រៅពិធី។ ចំណែកការរក្សាអនាម័យបរិស្ថានក៏ជាការងារដែលត្រូវយកចិត្តទុកដាក់ ដោយលោក ឃួង ស្រេង បានណែនាំឱ្យអភិបាលរងទទួលបន្ទុកជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម កម្មករប្រមូលសំរាមធ្វើសកម្មភាពជាប្រចាំ ពោល គឺនៅមុនពិធី អំឡុងពិធី និងក្រោយពិធី សំរាមត្រូវតែស្អាតជានិច្ច។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់ រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះនិងការលើកតម្កើន «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។ ព្រឹត្តិការណ៍នេះ ជាការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់ កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម។

បើតាម លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ពាក់ព័ន្ធនិងការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៤នេះ នៅរាជធានីភ្នំពេញ មានរៀបចំប្រគុំតន្រ្តីខ្នាតធំចំនួន ៤ទីតាំង ក្នុងនោះរួមមាន៖ ១. ក្រុមហ៊ុន Nago World រៀបចំឡើងនៅខាងមុខទីតាំងគាត់តែម្តង មានការប្រគុំតន្រ្តី និងបាញ់កំជ្រួញ។ ២. សហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) រៀបចំកម្មវិធីសាទរកម្ពុជានៅបរិវេណមុខវាំង និងទីតាំងជិតនោះ ដោយមានបាញ់កាំជ្រួច។ ៣. ក្រុមហ៊ុនហង្សមាស ប្រគុំតន្រ្តីនៅទីធ្លារសួនច្បារវត្តបុទុមវតី ផ្នែកខាងត្បូង។ ៤.ទូរទស្សន៍បាយន្តមានកម្មវិធីប្រគុំតន្រ្តី នៅជាប់រង្វង់មូលនាងមច្ឆា ចាប់ពីថ្ងៃទី ២៩-៣០ និង៣១ ឆ្នូ ២០២៤។
លោកស្រី បានបញ្ជាក់ថា ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នានាវិញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធគិតគូរ និងពង្រឹងដូចកម្មវិធីធំៗរបស់ជាតិកន្លងមកដែរ គឺសំដៅធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលដ្ឋមកលេងកម្សាន្ត មិនឱ្យមានការបារម្ភអ្វីឡើយ។ ក្រៅពី ទីតាំង ខាងលើនៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន ឬ មជ្ឈមណ្ឌលកម្សាន្តឯកជននានាក៏គេមាន កម្មវិធី របស់ខ្លួនទៅតាមទំហំទីតាំងជាក់ស្តែងរបស់គេដែរ៕
ដោយ៖ ស្រីរ័ត្ន





-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ