ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃត្រៀមបង្កើនមន្ត្រីនគរបាលឱ្យបានយ៉ាងតិច១០នាក់ក្នុងមួយប៉ុស្តិ៍នគរបាល
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃលោក ស សុខា បានប្រកាសពីគម្រោងបង្កើនចំនួននគរបាលនៅប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ឱ្យបានយ៉ាងតិច១០នាក់ក្នុងមួយប៉ុស្តិ៍នគរបាលនៅឆ្នាំ២០២៥-២០២៦។ សង្គមស៊ីវិលយល់ថាជាការល្អតែជំរុញឱ្យមានវិធានការតាមដានមន្ត្រីនគរបាលក្នុងការអនុវត្តតួនាទីផងដែរ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្ដិសុខ សណ្ឋាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ស សុខា បានកត់សម្គាល់ថាពេលបច្ចុប្បន្នតាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយចំនួនមិនទាន់មានមន្ត្រីគ្រប់គ្រាន់ និងសមមូលទៅនឹងចំនួនប្រជាពលរដ្ឋ ក៏ដូចជាភូមិសាស្ត្រដែលត្រូវគ្រប់គ្រងនៅឡើយទេ ដែលត្រូវឱ្យមន្ត្រីនគរបាលធ្វើការលើសម៉ោងពេលវេលាច្បាប់កំណត់ ដោយលោកបានប្រកាសពីគម្រោងក្នុងការបង្កើនមន្ត្រីនគរបាលឱ្យកើនដល់យ៉ាងហោច១០នាក់ក្នុងមួយប៉ុស្តិ៍នគរបាល។

ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្ត្រីបានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងនគរបាលជាតិ បន្តយកចិត្តទុកដាក់ លើការផ្តល់សេវាសារធារណៈជូនប្រជាពលរដ្ឋ ជាពិសេសជំរុញចលនាគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់សុវត្ថិភាពសន្តិសុខសង្គម កែប្រែឥរិយាបថធ្វើការងារផ្តល់សេវាតម្រូវការ និងសេវាចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព លឿនរហ័ស មានគុណធម៌ សុជីវធម៌ និងភាពថ្លៃថ្នូរ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ សាទរចំពោះគម្រោងនេះតែលោកយល់ថា ក្រសួងមហាផ្ទៃគួរមានផែនការតាមដានលើការអនុវត្តតួនាទីរបស់នគរបាលផងដែរទើបគម្រោងនេះមានលទ្ធផលថ្មីជូនប្រជាពលរដ្ឋ។
លោកចង់ឱ្យរដ្ឋបង្កើតយន្តការណ៍ទទួលការរាយការណ៍ពីមូលដ្ឋានការដែលនគរបាលបដិសេធមិនទទួលបណ្ដឹងពីពលរដ្ឋ។
លោកថា៖ «យើងមានអ្វីថ្មីហើយ លទ្ធផលគួរតែថ្មីដែរ ដើម្បីបង្កើនការទុកចិត្តពីពលរដ្ឋ»។

គួរឱ្យដឹងផងដែរថា ប៉ុស្តិ៍នគរបាលរដ្ឋបាល មានតួនាទីស្ថិតនៅក្រោមឱវាទមេឃុំ ចៅសង្កាត់ និងស្ថិតក្រោមការគ្រប់គ្រងបញ្ជាដឹកនាំជំនាញរបស់អធិការដ្ឋានគរបាលក្រុង ស្រុក ខណ្ឌ មានសមត្ថកិច្ចថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់។ នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្រ្តី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ គឺជាតួអង្គសំខាន់មួយក្នុងចំណោមតួអង្គផ្សេងទៀតនៅមូលដ្ឋាន រួមមានក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប្រជាការពារ នាយក នាយករង និងគ្រូបង្រៀន ព្រះចៅអធិការវត្តនិងព្រះសង្ឃ និងមណ្ឌលសុខភាព ដែលប្រៀបបាននឹងបណ្ដុំសសរគ្រឹះដែលធានាឱ្យការរស់នៅរបស់ប្រជាជនប្រកបដោយភាពកក់ក្ដៅ ជាពិសេសធានាប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ