Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៤ រដ្ឋសភា អនុម័តច្បាប់បានចំនួន៩

បានផុស

នៅ

រដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចធិការធិបតី ឃួន សុដារី បានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៩​ នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ កន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីព្រាងច្បាប់ ដែលរដ្ឋសភាបានអនុម័តមាន៖

១- «សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័យយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្ដីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្ដីពីការឧបត្តម្ភធនជលផល»។

ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ការអនុម័តយល់ព្រមលើពិធីសារនេះរបស់កម្ពុជា គឺជាការបង្ហាញនូវឆន្ទៈចូលរួមសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ និងទប់ស្កាត់ការនេសាទហួសកម្រិត។​ កម្ពុជា ក៏នឹងទទួលអត្ថប្រយោជន៍ផ្នែកបច្ចេកទេស និងហិរញ្ញប្បទានសម្រាប់ពង្រឹងសមត្ថភាពគ្រប់គ្រង និងអភិរក្សជលផលសមុទ្រ។

២- «សេចក្ដីព្រាងច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក»។

ច្បាប់នេះ ត្រូវបានតាក់តែងឡើង ដើម្បីកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែរបស់កម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ អន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ច្បាប់នេះ មាន១៨ជំពូក និង២៧៥មាត្រា។

៣- «សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស»។ ​

រាជរដ្ឋាភិបាល​បាន​រៀបចំ​ច្បាប់​នេះ​ ​ដើម្បី​បង្កើត​ការ​វិនិយោគ​ ​ទេសចរណ៍​ ​និង​ឱកាស​ការងារ​កាន់តែ​ច្រើន​ ហើយនេះ​ក៏​នឹង​ធ្វើឱ្យប្រសើរ​ឡើងនួវ​ទំនាក់ទំនង​រវាង​ប្រជាជន​ ​និង​ប្រជាជន​ ​ព្រមទាំងទំនុក​ចិត្ត​របស់​អ្នក​ធ្វើដំណើរ​តាម​ផ្លូវអាកាស​ ​និង​សហគ្រាស​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​អន្តរជាតិ។

៤- «សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា»។

៥- «សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់ និងឬ ប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ» ឬហៅកាត់ថា កិច្ចព្រមព្រៀងអង្គការសហប្រជាជាតិ ឆ្នាំ១៩៥៨។

ច្បាប់នេះ មាន១៦មាត្រា និងឧបសម្ព័ន្ធចំនួន២ បង្កើតឡើងក្នុងគោលបំណងធ្វើឱ្យមានឯកភាវូបនីយកម្មលើបទប្បញ្ញត្តិ ស្តង់ដាសុវត្ថិភាព បទដ្ឋានបច្ចេកទេស និងការការពារបរិស្ថានក្នុងវិស័យយានយន្ត ជាមួយបណ្តារដ្ឋភាគីដទៃ។

៦- «សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់»។

ច្បាប់នេះ មាន១៦ជំពូក និង១១៣មាត្រា ដែលកំណត់អំពីការគ្រប់គ្រងការអភិវឌ្ឍការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបតិ្តការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ក្នុងគោលបំណងធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងសុខុមាលភាពសាធារណៈនៅកម្ពុជា។

៧- «សេចក្ដីព្រាងច្បាប់ស្ដីពីនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម»។

គោលបំណងដែលកម្ពុជាបង្កើតនូវច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម គឺដោយមើលឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ក្នុងរយៈពេល ២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV-DTA បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចគោលដៅជាតិ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

ផ្អែកលើសមិទ្ធផលកន្លងមកដូចបានបញ្ជាក់នេះ និងបន្ទាប់ពីពិចារណា វាយតម្លៃដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាល បានសន្និដ្ឋានថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានឈានទៅដល់គោលដៅរបស់ខ្លួន និងជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាបាននូវការអភិវឌ្ឍប្រទេសរៀងៗខ្លួន។ ដូច្នេះហើយ ទើបកម្ពុជាសម្រេចលុបចោលនូវកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

៨- «សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣»។

ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មាន៣ជំពូក និង ២២មាត្រា ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ធនធានឆ្ពោះទៅបន្តការពារអាយុជីវិត រក្សាលំនឹងជីវភាព ការងារ ប្រាក់ចំណូលរបស់ប្រជាជន ព្រមទាំងទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

៩- «សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥»។

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ឬហៅថា ច្បាប់ថវិកាជាតិ ដែលស្នើដោយរាជរដ្ឋាភិបាល មានទំហំថវិកាសម្រាប់ការចំណាយក្នុងឆ្នាំ២០២៥ កើនឡើងជាងឆ្នាំមុន ពោលគឺរាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិការដ្ឋសរុបប្រមាណ ៩ ៣០០លានដុល្លារអាមេរិក ដែលចំនួននេះមានការកើនឡើងជាងឆ្នាំមុនប្រមាណ ២,២%។

ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងបន្តជំរុញអនុវត្តយ៉ាងសស្រាក់សស្រាំនូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ ឆ្លើយតបនឹងក្តីប្រាថ្នារបស់ប្រជាជន ក៏ដូចជាសំដៅពន្លឿនកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកិច្ចការកែទម្រង់កាន់ស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ដើម្បីបន្តឈានទៅដំណាក់កាលអភិវឌ្ឍថ្មីមួយទៀត គឺប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ។

ឈរលើមូលដ្ឋាននេះ ច្បាប់នេះ មានគោលដៅបន្តគាំទ្រ និងទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ សំដៅឆ្លើយតបនឹងបរិការណ៍ថ្មីរបស់កម្ពុជាទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក។ ច្បាប់នេះមាន ៦ជំពូក និង១៥មាត្រា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម