ព័ត៌មានជាតិ
ប.ស.ស មានសមាជិកកើនឡើងដល់ជាង ២ លាន ៧ សែននាក់ នៅទូទាំងប្រទេស
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ មករា នេះថា គិតត្រឹមថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)មានសមាជិកកើនឡើងដល់ ២ ៧០៥ ៩១៩នាក់ នៅទូទាំងប្រទេស ដែលបង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃ ប.ស.ស។

លោកបានបន្តថា ក្នុងចំណោមសមាជិក ប.ស.ស. ជាង ២ លាន ៧ សែននាក់ ក្នុងនោះ សមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព លើវិស័យសាធារណៈមានចំនួន ៥០៤ ៧៩៦ នាក់ សមាជិក ប.ស.ស. វិស័យឯកជន ចំនួន ១ ៥៦៩ ២៣២ នាក់ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ ចំនួន ៤៨១ ២២០ នាក់ និងសមាជិក ប.ស.ស. ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ( សហព័ទ្ធ និងកូន) ចំនួន ១៥០ ៦៧១ នាក់។

លោកបានលើកឡើងថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី-ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី-ខេត្ត ទូទាំងប្រទេស រួមនឹងការផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្ដាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។

បន្ថែមពីនេះ បេឡាជាតិសន្តិសុខសង្គម ក៏ទទួលកុមារចូលជាសមាជិកផងដែរ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរ ប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។

លោក កត្តា អ៊ន បានបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខុមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្ដានុពលភាពនាពេលអនាគត។

លោក កត្តា អ៊ន បានអំពាវនាវដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ត្រូវគោរពច្បាប់ការងារឱ្យបានត្រឹមត្រូវ ដោយត្រូវបំពេញបែបបទ និងចុះបញ្ជិការោងចក្រសហគ្រាស និងចុះបញ្ជីកម្មករ-និយោជិត របស់ខ្លួន ដើម្បីចូលរួមគោរពច្បាប់ការងារ ក៏ដូចជាគិតគូរដល់ផលប្រយោជន៍កម្មករ-និយោជិត ទាំងអស់គ្នា ដើម្បីកសាងសហគ្រាសមួយក្លាយជាសហគ្រាសសុខសាន្តបង្កើនផលិតភាពការងារ រក្សាការងារ និងបង្កើនប្រាក់ចំណូលជួយលើកស្ទួយជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។

ជាងនេះទៀត រោងចក្រសហគ្រាស ត្រូវចុះបញ្ជី និងបញ្ជូនឈ្មោះបុគ្គលិក ឬ កម្មករ-និយោជិត របស់ខ្លួន ទៅបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ដើម្បីឱ្យពួកគេទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពិសេសការទទួលបានការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃពេលទៅទទួលសេវានៅតាមមន្ទីរពេទ្យជាដៃគូរបស់ប.ស.ស៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង