ព័ត៌មានជាតិ
ស្ថានទូតកម្ពុជានៅតូក្យូ រៀបចំកម្មវិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា
យកឱកាសរៀបចំកម្មវិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរំលឹកឡើងវិញពីប្រវត្តិអតីតកាលរបស់ប្រទេសកម្ពុជា ទម្រាំមានសុខសន្តិភាពដូចសព្វថ្ងៃ ហើយសម្រេចបានសមិទ្ធផលដ៏លេចធ្លោជាច្រើននៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានរៀបចំកម្មវិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា (១៩៧៩ -២០២៥) ក្រោមអធិបតីភាពលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ដែលមានការចូលរួមពីសហគមន៍ខ្មែរ សិស្ស និស្សិត កម្មសិក្សាការី-ពលករជំនាញខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនប្រមាណជាង១០០នាក់។ ក្នុងកម្មវិធីនេះ ក៏មានការចាក់បង្ហាញនូវវីដេអូស្តីពីដំណើរកម្ពុជា ៧មករា ផ្តើមពីសូន្យមកដល់ពេលនេះ និងសមិទ្ធផលសំខាន់ៗនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

លោកឯកអគ្គរាជទូត បានសង្កត់ធ្ងន់អំពីថ្ងៃ៧មករា ដែលប្រជាជនកម្ពុជា ចាត់ទុកជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរ និងជាថ្ងៃដ៏វិសេសវិសាល និងត្រចះត្រចង់ ដែលប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ប្រារព្ធទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានបំផ្លិចបំផ្លាញទាំងស្រុងដល់ឫសគល់នៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមជាតិរបស់ប្រទេសកម្ពុជា។
លោក បន្តថា មានថ្ងៃ៧មករានេះហើយ ដែលអាចធ្វើឱ្យប្រជាជនខ្មែរទាំងអស់រស់នៅក្នុងជីវិតដែលមានសេរីភាពធម្មតាឡើងវិញ។ លោក ក៏បានរំលឹកឡើងវិញពីប្រវត្តិអតីតកាលរបស់ប្រទេសកម្ពុជារហូតដល់ពេលបច្ចុប្បន្ន រួមទាំងការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានូវការបញ្ចប់ជាស្ថាពរសង្គ្រាមនៅកម្ពុជាទាំងស្រុង និងសម្រេចបានការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសុខសន្តិភាពពេញផ្ទៃប្រទេស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

លោក ទុយ រី បានលើកឡើងពីការសម្រេចបាននូវសមិទ្ធផលដ៏លេចធ្លោជាច្រើននៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន ១) ការថែរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ-សង្គម ២) ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ៣) កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសកម្មភាពសំខាន់ៗ ដែលកម្ពុជាបានររៀបចំ និងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗជាច្រើន ទាំងកម្រិតជាតិ និងអន្តរជាតិក្នុងឆ្នាំ២០២៤ រួមទាំងព្រឹត្តិការណ៍សាទរកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ចុងបញ្ចប់ លោក ឯកអគ្គរាជទូត បានលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនទាំងអស់ រួមចំណែកជួយផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងភាពវិជ្ជមានពីកម្ពុជាឱ្យបានផុសផុល ដើម្បីឱ្យភ្ញៀវបរទេសស្គាល់ពីកម្ពុជា និងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនឡើង៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី