ព័ត៌មានជាតិ
តើពួកខ្មែរក្រហមរត់ចេញពីភ្នំពេញកាលពី៤៦ឆ្នាំដោយរបៀបណា?
ថ្ងៃទី៧ ខែមករា ជាទិវាជ័យជម្នះរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាតាមរយៈជំនួយពីទ័ពវៀតណាមវាយផ្ដួលរំលំរបបខ្មែរក្រហមចេញពីអំណាច ដែលធ្វើឱ្យកម្ពុជាឈានដល់ទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ ទោះជាយ៉ាងណាស្ថានភាពនៅថ្ងៃចុងក្រោយរបស់ខ្មែរក្រហមនេះមិនទាន់ត្រូវបានគេដឹងទូលំទូលាយនៅឡើយទេ។
ថ្ងៃនេះកម្ពុជាថ្មីសូមលើកយកទិដ្ឋភាពថ្ងៃចុងក្រោយរបស់ខ្មែរក្រហមនៅរាជធានីភ្នំពេញជូនលោកអ្នកនាងដូចតទៅ៖
ដោយយោងតាមសៀវភៅសត្រូវបងប្អូនឯង បានសរសេរថានៅពេលព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងកម្លាំងធំរបស់វៀតណាម បានចាប់ផ្ដើមបាញ់ផ្លោងដាក់តំបន់ជាយក្រុងរបស់រដ្ឋធានីភ្នំពេញយ៉ាងសំម្បើម។ បន្ទាប់មក មាត់ច្រកចូលទីក្រុងដ៏សំខាន់ៗជាងគេពីរ គឺផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៧ បានស្ថិតក្នុងស្ថានភាពត្រូវឃាំងខ្ទប់ដោយការរុលមកមុខរបស់ជួរកងទ័ពវៀតណាមដែលសម្រុកចូលមកទាំងហ្វូងៗ។

ក្នុងស្ថានភាពដែលទ័ពរំដោះកាន់តែខិតជិតចូលដល់ទីក្រុងភ្នំពេញ កម្មាភិបាលរបស់ខ្មែរក្រហម និងគ្រួសារបាននាំគ្នាជ្រួលច្របល់រត់ចេញពីទីក្រុងតាមរថយន្តកាំមីញ៉ុង ម៉ូតូ កង់ ចេញគ្រប់ទិស។ ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀតបានសំរុកទៅស្ថានីយរថភ្លើងដើម្បីជម្លៀសខ្លួនទៅខេត្តបាត់ដំបង។
ក្នុងសៀវភៅដែលសរសេរដោយលោក ណាយ៉ាន់ ចាន់ដា នេះបានរៀបរាប់ថា រដ្ឋមន្ត្រីការបរទេសខ្មែរក្រហមលោក អៀង សារី និងសហការីរបស់គាត់ខំប្រឹងទប់ហ្វូងមនុស្សមិនឱ្យប្រជៀងគ្នាឡើងរថភ្លើងនោះទេ ដោយទុកកន្លែងដល់អ្នករបួសដែលដឹកមកគ្មានឈប់ដាក់លើរថភ្លើង។ ខណៈដែលព្រះអាទិត្យកំពុងដុតកម្ដៅរថភ្លើងដែលកំពុងផ្ទុកមនុស្សពេញនោះ នៅម៉ោងប្រហែល៩ព្រឹកមាននិរសារម្នាក់បានរត់មកប្រាប់ថាកងទ័ពវៀតណាមស្ថិតនៅប្រមាណជា៥គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងភ្នំពេញ។ ពេលនោះហើយដែល អៀង សារី ប្រាប់ឱ្យរថភ្លើងចេញដំណើរភ្លាម ខណៈដែលមនុស្សចាប់ផ្ដើមលោតតោងទ្វា ចម្រឹងរថភ្លើង និងបានឡើងទៅទំពេញលើដំបូលរថភ្លើង ក្នុងដំណើរទៅកាន់ខេត្តបាត់ដំបង។

នៅម៉ោងប្រមាណ១០ព្រឹក ពួកក្មេងៗខ្មែរក្រហមដែលគេដាក់ឱ្យចាំនៅតាមស្ថានទូតត្រូវបានគេមកដឹកជម្លៀសចេញ។ មុនចេញយុទ្ធជនម្នាក់បានលើកកាំភ្លើងអាកា៤៧បាញ់រះមកលើស្ថានទូតឡាវយ៉ាងគគ្លើន។ តមកទៀតយូរៗម្ដងគេបានឮសំឡេងរថយន្តកាំមីញ៉ុងជាច្រើនគ្រឿងដែលផលិតនៅប្រទេសចិនដែលមានផ្ទុកមនុស្សពេញៗ បានបើកបរយ៉ាងលឿនតាមមហាវិថីព្រះមុនីវង្ស។
ចុងក្រោយគេគឺ ឧទ្ធម្ភាចក្រជាច្រើនគ្រឿងព័ណ៌បៃតងបានបង្ហាញខ្លួនរូបរាងឡើងនៅក្នុងលំហរមេឃដ៏សែនក្ដៅនាពេលព្រឹកនោះ។ តាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឡាវពេលនោះគឺលោក ខាំផាន ថាសំឡេងឧទ្ធម្ភាចក្រដ៏ច្រើននោះពេលហោះចេញបានលាន់ឮរហូតលប់លើសំឡេងកាំភ្លើងធំទៀតផង ដោយលោកបានសន្និដ្ឋានថា ប៉ុល ពត អាចស្ថិតក្នុងឧទ្ធម្ភាចក្រណាមួយក្នុងចំណោមឧទ្ធម្ភាចក្រទាំងនោះ។

ក្នុងសៀវភៅសត្រូវបងប្អូនឯងបានសរសេរថា៖ «អ្នកនៅរដ្ឋធានីទាំងប៉ុន្មាន ត្រូវបោះបង់ពេលបាយមិនទាន់ហើយរបស់ខ្លួន និងត្រីរាប់តោនដែលទុកឱ្យស្អុយរលួយចោល ប៉ុន្ដែក៏បោះបង់គ្រឿងសាស្ត្រាវុធគ្រាប់រំសេវយ៉ាងច្រើន និងឯកសារទាំងឡាយរបស់គុកទួលស្លែងដែលនាំឱ្យគ្រោះថ្នាក់ទៀតផង»។
ក្រោយខ្មែរក្រហមរត់ចែកជើងគ្នាស្ងាត់ទីក្រុង នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រថក្រោះជាច្រើនគ្រឿងដែលមានដោតទង់ជាតិព័ណ៌ក្រហម និងលឿង បានលេចចេញជាបន្តកន្ទុយគ្នាជាសញ្ញានៃការមកដល់នៃកងទ័ពរំដោះបានចូលមកដល់រដ្ឋធានីភ្នំពេញ ជាមួយនឹងការប្រកាសតាមវិទ្យុផ្សាយដំណឹងថា «ក្រុងភ្នំពេញត្រូវបានរំដោះហើយ!»។

ប្រមុខរដ្ឋខ្មែរក្រហមលោក ខៀវ សំផន ដែលបានរត់ចេញពីភ្នំពេញនៅថ្ងៃទី៦ ខែមករា បានសរសេរក្នុងសៀវភៅរបស់ខ្លួនដែលមានចំណងជើងថា ប្រវត្តិសាស្ត្រកម្ពុជាថ្មីៗនេះថា «មេៗខ្មែរក្រហមខ្លួនឯងក៏មិននឹកស្មានថាប្រព័ន្ធការពាររបស់គេត្រូវរលំដួលយ៉ាងឆាប់រហ័សយ៉ាងនេះផងដែរ»។
គួរឱ្យដឹងដែរថា ការប្រយុទ្ធគ្នារវាងទ័ពខ្មែរក្រហម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលមានការគាំទ្រពីវៀតណាមនេះ ប្រើពេលប្រមាណតែ២សប្ដាហ៍ប៉ុណ្ណោះធ្វើឱ្យខ្មែរក្រហមដួលរលំរត់ចេញពីភ្នំពេញ។ ក្រោយការដួលរលំខ្មែរក្រហមបានទៅតាំងមូលដ្ឋានខ្លួនតាមជួរភ្នំក្រវាញបង្កើតចលនាតស៊ូរហូតដល់រលាយបាត់រូបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈសមាហរណកម្មក្នុងនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍



-
សន្តិសុខសង្គម៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់