នយោបាយ
សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា
ស្ថាបនិក និងជាបិតាសន្តិភាពនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ច្បាស់ៗថា បុគ្គលណាដែលនៅតែប្រឆាំងនឹងថ្ងៃជ័យជម្នះ ៧មករា គឺជាអ្នកដែលចង់ឱ្យមានរបបប្រល័យពូជសាសន៍ និងសង្រ្គាមកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា។ ការគូសបញ្ជាក់ច្បាស់ៗរបស់សម្តេចតេជោ ហ៊ុន សែន នេះ គឺជាការឆ្លើយតបជាថ្មីម្តងទៀតទៅកាន់ក្រុមអ្នកនយោបាយ និងសកម្មជនប្រឆាំង ជាពិសេស នៅខាងក្រៅប្រទេសដែលតែងតែមិនទទួលស្គាល់ថ្ងៃជ័យជម្នះ ៧មករា ហើយលាបពណ៌ទៅតាមអ្វីដែលពួកគេនឹកឃើញ និងចង់បាន។
នៅក្នុងមិទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ពិតមែនរយៈពេល៤៦ឆ្នាំ បានកន្លងផុតទៅបន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុន្តែ ស្មារតីជ័យជម្នះ៧មករា នៅតែមានពន្លឺចែងចាំងជានិច្ចក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋ និងកំពុងបន្តបំភ្លឺផ្លូវដល់ប្រជាជាតិកម្ពុជា ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។
សម្តេចតជោ បានគូសបញ្ជាក់បែបនេះថា៖« ៧មករា មានសត្រូវតែមួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះ របបដ៏យង់ឃ្នងនេះត្រូវរលាយបាត់ហើយ ដូច្នេះ ជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា»។ ឆ្លងកាត់ពេលវេលាជាង៥០ឆ្នាំនៃការបម្រើជាតិ និងប្រជាជន សម្ដេចតេជោ បានគូសបញ្ជាក់ទៀតថា រដ្ឋប្រហារថ្ងៃ ១៨មីនា ឆ្នាំ ១៩៧០ របស់ពួកលន់ នល់ តាមខ្សែញាក់របស់បរទេស គឺជាឈ្នួននៃភ្លើងសង្គ្រាមពេញទំហឹង ដែលបានធ្វើឱ្យសន្តិភាពដែលខ្វះស្ថិរភាពនៅកម្ពុជា ត្រូវបាត់បង់ទាំងស្រុង បង្កនូវវិនាសកម្មដល់ជាតិដែលពុំអាចគណនាបាន ហើយរុញច្រានឱ្យកម្ពុជាធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍។ សម្រាប់សម្ដេចតេជោ ហ៊ុន សែន ច្បាស់ណាស់ថា បើគ្មានរដ្ឋប្រហារនេះ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ព្រះរាជាណាចក្រកម្ពុជានឹងបន្តអភិវឌ្ឍក្នុងសន្តិភាព ប្រជាជននឹងមិនត្រូវពួកឃាតករកាប់សម្លាប់រង្គាលនោះឡើយ។
បើតាមសម្តេចតេជោ គឺរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាទប់ស្កាត់នូវរាល់សកម្មភាពដែលនាំទៅរកការដណ្តើមអំណាចដោយរំលោភបំពានរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ខណៈដែលអំពើប្រល័យពូជសាសន៍ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គឺជាតថភាពប្រវត្តិសាស្ត្រមួយ។ រីឯ ជ័យជម្នះថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលបានរំដោះជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ គឺជាតថភាពប្រវត្តិសាស្ត្រមួយទៀត។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានស្នើដល់ស្ថាប័នមានសមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យឱ្យបានម៉ឺងម៉ាត់បំផុត។ សម្ដេចតេជោ យល់ថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។ ប្រមុខគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សន្តិភាព នឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ។ លើមូលដ្ឋានជ័យជម្នះ ៧មករា បានធ្វើឱ្យកម្ពុជា ដែលបានធ្លាក់ចេញពីគន្លងអភិវឌ្ឍន៍ ហើយ ត្រូវដើរថយក្រោយរាប់សិបឆ្នាំនោះកំពុងបានពង្រឹង និងពង្រីកខ្លួនឡើងវិញ ក្នុងជំហរឈានឆ្ពោះទៅមុខ ស្របតាមក្រឹត្យក្រមនៃអភិវឌ្ឍន៍សង្គម ដែលបានផ្តល់នូវមនុញ្ញផលដ៏វិសេសវិសាលដល់ប្រជាជនគ្រប់ៗរូប ឱ្យរស់នៅក្នុងសន្តិភាព សេរីភាព សេចក្តីថ្លៃថ្នូរ និងមានសេចក្តីសង្ឃឹមចំពោះអនាគត។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖«ភាពជាម្ចាស់របស់ប្រជាជន លើជោគវាសនាប្រទេសជាតិ គឺជាកត្តាសម្រេចនូវជ័យជម្នះរបស់ប្រជាជាតិយើង។ សម្ដេចនិងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ស្ថិតនៅជាមួយប្រជាជនជានិច្ច និងបន្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសេចក្តីសុខរបស់ប្រជាជន និងវឌ្ឍនភាពរបស់ ប្រជាជាតិខ្មែរ»។
សម្ដេចតេជោ ក៏បានអំពាវនាវដល់អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប បងប្អូនជនរួមជាតិ បណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ពង្រឹងធ្លុងមហាសាមគ្គីជាតិ បន្តការពារសន្តិភាព និងចូលរួមសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានសមិទ្ធផលធំៗថ្មីៗច្រើនថែមទៀត ក្នុងឆ្នាំ២០២៥នេះ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ