Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ ពន្យល់ពីការផ្ដល់ប្រាក់ឧបត្ថម្ភគ្រួសារយោធិនពលី​ មរណៈ

បានផុស

នៅ

ជាការយល់ដឹងបន្ថែមកាន់តែច្បាស់ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបកស្រាយ និងពន្យល់ពីការផ្ដល់ប្រាក់គោលរបបឧបត្ថម្ភដល់គ្រួសារយោធិនដែលបានពលី មរណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកពន្យល់របស់នាយឧត្តមសេនីយ៍ ឈុំ សុជាត គឺបន្ទាប់ពីលោក សង្កេតឃើញថា សាធារណមាតិមួយចំនួន ជាពិសេសអ្នកដែលមិនមែនយោធិន ហាក់នៅពុំបានយល់ច្បាស់អំពីគោលនយោបាយរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី​ មរណៈ។ ដូច្នេះ លោកនឹងចែករំលែកព័ត៌មានមួយចំនួនពាក់ព័ន្ធការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី​ មរណៈ ដើម្បីជៀសវាងមានការភាន់ច្រឡំ ហើយចែករំលែកតគ្នាដោយមិនត្រឹមត្រូវ។

ការលើកឡើងតាមរយៈសំណេរលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី​ គឺជាការអនុវត្តទៅតាមអនុក្រឹត្យស្តីពីរបបឧបត្ថម្ភចំពោះយោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការ ចុះនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោកនាយឧត្តមសេនីយ៍ អនុក្រឹត្យនេះ គឺបានកំណត់ចំពោះយោធិនពលី ត្រូវបានទទួលរបបឧបត្ថម្ភ ដូចតទៅ៖ «ប្រាក់ឧបត្ថម្ភ ស្មើនឹងទឹកប្រាក់ចំនួន៩ខែ នៃប្រាក់បៀវត្សរ៍សរុបចុងក្រោយរបស់យោធិនពលីជូនដល់គ្រួសារសព ឬកងឯកភាព ដែលទទួលបន្ទុករៀបចំធ្វើបុណ្យបូជា ឬបញ្ចុះសព។ ប្រាក់ឧបត្ថម្ភមួយលើកដំបូងជូនគ្រួសារសព ស្មើនឹងទឹកប្រាក់ចំនួន១៥ខែ នៃប្រាក់បៀវត្សរ៍សរុបចុងក្រោយរបស់យោធិនពលី។ ប្រាក់ឧបត្ថម្ភជំនួយគ្រួសារជាប្រចាំខែ ជូនដល់ប្រពន្ធ ឬប្ដី កូនបង្កើត ឪពុក ម្ដាយបង្កើត ឬអ្នកអាណាព្យាបាលរបស់យោធិនពលី តាមប្រកាសអន្តរក្រសួងរវាងក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការឯកភាពពីរាជរដ្ឋាភិបាល»។

រីឯ យោធិនមរណៈ ត្រូវបានទទួលរបបឧបត្ថម្ភដូចតទៅ៖ «ប្រាក់ឧបត្ថម្ភ ស្មើនឹងទឹកប្រាក់ចំនួន៧ខែ នៃប្រាក់បៀវត្សរ៍សរុបចុងក្រោយរបស់យោធិនមរណៈជូនដល់គ្រួសារសព ឬកងឯកភាព ដែលត្រូវទទួលបន្ទុករៀបចំធ្វើបុណ្យបូជា ឬ បញ្ចុះសព។ ប្រាក់ឧបត្ថម្ភមួយលើកដំបូងជូនគ្រួសារសពស្មើនឹងទឹកប្រាក់ចំនួន១២ខែ នៃប្រាក់បៀវត្សរ៍សរុបចុងក្រោយរបស់យោធិនមរណៈ។ សម្រាប់ប្រាក់ឧបត្ថម្ភជំនួយគ្រួសារប្រចាំខែជូនដល់ប្រពន្ធ ឬប្ដី កូនបង្កើត និងឪពុក ម្ដាយបង្កើត ឬអ្នកអាណាព្យាបាលរបស់យោធិនមរណៈ ត្រូវធ្វើតាមប្រកាសអន្តរក្រសួងរវាងក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច ​អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការឯកភាពពីរាជរដ្ឋាភិបាល»។

ដោយឡែក យោធិនបង្កស្លាប់ លោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ ពន្យល់ថា ត្រូវបានទទួលរបបឧបត្ថម្ភ ជាទឹកប្រាក់ ស្មើនឹងចំនួន៥ខែ នៃប្រាក់បៀវត្សរ៍សរុបចុងក្រោយរបស់យោធិនបង្កស្លាប់ជូនដល់គ្រួសារសព ឬកងឯកភាព ដែលទទួលបន្ទុករៀបចំធ្វើបុណ្យបូជា ឬបញ្ចុះសព។ ប្រាក់ឧបត្ថម្ភមួយលើកផ្តាច់ជូនដល់គ្រួសារសពស្មើនឹងទឹកប្រាក់ចំនួន១២ខែ នៃប្រាក់បៀវត្សរ៍ សរុបចុងក្រោយរបស់យោធិនបង្កស្លាប់។

ជាការកត់សម្គាល់ «យោធិនពលី» សំដៅដល់យោធិន ដែលបានបាត់បង់ជីវិត នៅពេលដែលបានទទួលបញ្ជាទៅប្រយុទ្ធ បម្រើការប្រយុទ្ធ ហ្វឹកហាត់ជំនាញគ្រោះថ្នាក់បំផុត ធ្វើការពិសោធន៍ដ៏មានគ្រោះថ្នាក់ និងដោយសារគ្រោះថ្នាក់ធម្មជាតិ។ «យោធិនមរណៈ» សំដៅយោធិន ដែលបានទទួលបញ្ជាទៅបំពេញការងារក្នុងតំបន់ធម្មតា ហើយត្រូវទទួលនូវគ្រោះថ្នាក់បាត់បង់ជីវិត ដោយសារការងារទាំងនោះ ឬដោយសារជំងឺ។ «យោធិនបង្កស្លាប់» សំដៅដល់យោធិន ដែលបានបាត់បង់ជីវិតដោយធ្វើអត្តឃាត ឬដោយសារបង្កគ្រោះថ្នាក់ដល់បាត់បង់ជីវិតដោយផ្ទាល់ ឬប្រយោល មកពីល្មើសច្បាប់ វិន័យ និងបទបញ្ជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម