ព័ត៌មានជាតិ
មន្ត្រីជំនាញខេត្តកោះកុង នឹងស្រង់ទិន្នន័យអត្តសញ្ញាណពលរដ្ឋរស់នៅ តំបន់គម្របព្រៃឈើ ក្នុងឃុំទួលគគីរ
អាជ្ញាធរ និងក្រុមមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តកោះកុង នឹងចុះស្រង់ទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋរស់នៅកាន់កាប់ដីនៅតំបន់គម្របព្រៃឈើក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា ដើម្បីងាយស្រួលគ្រប់គ្រង និងសុំអនុប្បយោគដីចេញតំបន់ការពារធម្មជាតិ។
លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារចុះពិនិត្យ និងស្រង់ទិន្នន័យ ដើម្បីស្នើសុំអនុប្បយោគដីចេញពីតំបន់ការពារធម្មជាតិ បានពន្យល់ថា ការស្រង់ទិន្នន័យមនុស្សរស់នៅ ប្រភេទដី ស្ថានប្រើប្រាស់ដីឱ្យបានច្បាស់លាស់នេះ ដោយឆ្លើយតបនឹងអនុក្រឹត្យលេខ ២៤៥ ចុះថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ និងផ្តល់ភាពស្របច្បាប់ជូនពលរដ្ឋ។
លោកអភិបាលរងខេត្ត គូសបញ្ជាក់ចំពោះមុខមន្ត្រីអាជ្ញាធរពាក់ព័ន្ធទៀតថា រដ្ឋបាលខេត្ត នឹងរៀបចំជាបញ្ជីឈ្មោះអ្នកកាន់កាប់ដី ទំហំដី ប្រភេទដី ឱ្យបានត្រឹមត្រូវជាក់ស្ដែង ពុំមានការបំប៉ោងតួលេខខុសពីការពិតនោះទេ ហើយដំឡើងជាផែនដី និយាមការទីតាំងដី ភ្ជាប់នឹងរូបភាពចុះពិនិត្យ និងវីដេអូថតពីលើអាកាស ដើម្បីស្នើសុំទៅរាជរដ្ឋាភិបាលអនុប្បយោគជូនពលរដ្ឋ។
ទន្ទឹមនោះ លោក ឈេង សុវណ្ណដា ក៏ស្នើដល់ប្រធានមន្ទីរពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ចាំបាច់ធ្វើការងាររួមគ្នាលើការកំណត់ស្រង់ស្ថិតិនេះឱ្យប្រាកដប្រជាបំផុត និងទាន់ពេលវេលាជូនថ្នាក់ដឹកនាំខេត្តពិនិត្យ និងសម្រេចបន្ត។
លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានបង្ហាញក្តីត្រេកអរជំនួសប្រជាពលរដ្ឋដែលមានសេចក្តីត្រូវការចង់បានការវាស់វែងធ្វើប្លង់កម្មសិទ្ធិរស់នៅស្របច្បាប់ តាមរយៈការចុះពិនិត្យស្រង់ស្ថិតិពលរដ្ឋ និងចំនួនក្បាលដីជាក់ស្ដែងនៅភូមិទួលគគីរលើ និងភូមិទួលគគីរក្រោម។
លោក ឡេក ស៊ុធន់ អះអាងទៀតថា តួលេខបឋម មានពលរដ្ឋប្រមាណជិត ២០០ គ្រួសារ រស់នៅក្នុងតំបន់គម្របព្រៃឈើឆ្នាំ ២០០២ និងតំបន់ការពារធម្មជាតិ ភាគច្រើនពួកគេប្រកបមុខរបរនេសាទ និងធ្វើកសិកម្ម គ្រារស់នៅអាស្រ័យផលយូរឆ្នាំមកហើយ។
ដោយឡែក លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និង លោក ឡាង គិរី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លើកឡើងដែរថា ពួកគាត់ នឹងបង្កើនសហការរួមគ្នាអំពីការចុះស្រង់ទិន្នន័យពលរដ្ឋ និងដីធ្លីជាក់ស្ដែងនៅតំបន់គម្របព្រៃឈើឆ្នាំ ២០០២ ឱ្យបានឆាប់រហ័សជូនរដ្ឋបាលខេត្តពិនិត្យសម្រេចបន្ត។
តំណាងប្រធានមន្ទីរជំនាញដដែល មើលឃើញថា នៅពេលពលរដ្ឋទទួលបានភាពស្របច្បាស់ នឹងផ្តល់ភាពសុខដុមរមនាក្នុងសហគមន៍ និងលែងមានបញ្ហាទំនាស់ដីធ្លីក្នុងតំបន់ការពារធម្មជាតិបន្តទៀត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ