ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ ជិត ៣០ ឆ្នាំ ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិត នៅកម្ពុជា កើនឡើងជាបន្តបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងរយៈពេលជិត ៣០ ឆ្នាំ កន្លងមកនេះ ប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ របស់កម្មករ-និយោជិត នៅប្រទេសកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ពោលគឺរហូតដល់ ៣០០ ដុល្លារ ក្នុង ១ ខែ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី ០៨ មករា នេះថា រោងចក្រ សហគ្រាស ចាប់ផ្ដើមមានវត្តមានឡើងវិញនៅលើទឹកដីប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៧ ដោយកម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមាត្រឹមតែ ៤០ ដុល្លារ តែប៉ុណ្ណោះ។ នៅឆ្នាំ ១៩៩៨ និង ឆ្នាំ ១៩៩៩ ប្រាក់ថ្លៃឈ្នួលកម្មករនៅរក្សាដដែល មិនមានការកើនឡើងបន្ថែមឡើយ។ ប៉ុន្តែនៅឆ្នាំ ២០០០ ប្រាក់ឈ្នួលកម្មករមានការកើនឡើងចំនួន ៥ ដុល្លារ ដែលកម្មករ-និយោជិតទទួលបានប្រាក់ឈ្នួលចំនួន ៤៥ ដុល្លារ ក្នុង ១ ខែ និងប្រាក់រង្វាន់ធ្វើការទៀងទាត់ ៥ ដុល្លារ ក្នុង ១ ខែ ដែលប្រាក់ឈ្នួលអប្បបរមានេះនៅថិតថេររហូតដល់ដាច់ឆ្នាំ ២០០៦។ ក្រោយពេលដែលកម្មករខានឡើងប្រាក់ថ្លៃឈ្នួលជាង ៦ ឆ្នាំ នៅឆ្នាំ ២០០៧ ប្រាក់ឈ្នួលអប្បបរមាកម្មករបានកើនឡើងចំនួន ៥ ដុល្លារបន្ថែម ដោយកម្មករទទួលបានប្រាក់ថ្លៃឈ្នួលចំនួន ៥០ ដុល្លារ ហើយចំនួននេះក៏ថេរគ្មានការកើនឡើងជាថ្មី រហូតដល់ឆ្នាំ ២០០៩។

ប៉ុន្តែនៅឆ្នាំ ២០១០ ប្រាក់ឈ្នួលកម្មករមានការកើនឡើងជាថ្មី ដែលកម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលចំនួន ៦១ ដុល្លារ និងប្រាក់រង្វាន់ធ្វើការទៀងទាត់កើនឡើងដល់ ៧ ទៅ ១០ ដុល្លារ ក្នុង ១ ខែ ហើយប្រាក់ឈ្នួលអប្បបរមាចំនួន ៦១ ដុល្លារនេះ ក៏បន្តនៅថេរទៀតរហូតដល់ដាច់ឆ្នាំ ២០១២។ ក្រោយបន្តនៅថេររយៈពេល ៣ ឆ្នាំ នៅឆ្នាំ ២០១៣ ប្រាក់ឈ្នួលកម្មករមានការកើនឡើងចំនួន ១៩ ដុល្លារ នាំឱ្យប្រាក់ឈ្នួលអប្បបរមាសរុបរបស់កម្មករកើនដល់ ៨០ ដុល្លារ ក្នុង ១ ខែ និងប្រាក់រង្វាន់ធ្វើការទៀងទាត់កើនឡើងដល់ ១០ ដុល្លារ ក្នុង ១ ខែ រហូតមកដល់ឆ្នាំ ២០២៥ នេះ។ នៅឆ្នាំបន្ទាប់ឆ្នាំ ២០១៤ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករមានសន្ទុះកើនឡើង ២០ ដុល្លារបន្ថែម ដែលកម្មករ-និយោជិតអាចបើកប្រាក់ឈ្នួលសរុបប្រចាំខែបានចំនួន ១០០ ដុល្លារ ក្នុង ១ ខែ។ នៅឆ្នាំ ២០១៥ ប្រាក់ឈ្នួលកម្មករមានសន្ទុះកើនឡើងយ៉ាងខ្លាំង ក្នុងទំហំ ២៨ ដុល្លារ បន្ថែមទៀត ដែលនាំឱ្យប្រាក់ឈ្នួលកម្មករសរុបប្រចាំខែកើនឡើងដល់ ១២៨ ដុល្លារ។

នៅឆ្នាំ ២០១៦ ប្រាក់ឈ្នួលកម្មករនៅតែមានការកើនឡើងដដែល គឺ កម្មករ-និយោជិត ទទួលបានប្រាក់ថ្លៃឈ្នួលសរុបចំនួន ១៤០ ដុល្លារ ក្នុង ១ ខែ។ សម្រាប់ឆ្នាំ ២០១៧ ប្រាក់ឈ្នួលបន្តកើនឡើងបន្តទៀត ដោយកម្មករ-និយោជិត ទទួលបានប្រាក់ថ្លៃឈ្នួលប្រចាំខែសរុបចំនួន ១៥៣ ដុល្លារ ក្នុង ១ ខែ។

នៅឆ្នាំ ២០១៨ កម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ១៧០ ដុល្លារ។ នៅឆ្នាំ ២០១៩ ប្រាក់ឈ្នួលកម្មករមានការកើនឡើងបន្ថែមទៀត ដោយកម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន ១៨២ ដុល្លារ។ នៅឆ្នាំ ២០២០ កម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ ដុល្លារ។

នៅឆ្នាំ ២០២១ ស្របពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលទូទាំងសកល ការណ៍នេះបានបណ្ដាលឱ្យប្រាក់ឈ្នួលកម្មករក្នុងប្រទេសកម្ពុជាកើនឡើងត្រឹមតែ ២ ដុល្លារបន្ថែមប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យកម្មករ-និយោជិតទទួលប្រាក់ឈ្នួលសរុបក្នុងចំនួន ១៩២ ដុល្លារ។ នៅឆ្នាំ ២០២២ ប្រាក់ឈ្នួលកម្មករបន្តកើនឡើងត្រឹម ២ ដុល្លារដដែល ហើយកម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន ១៩៤ ដុល្លារ។ ដោយឡែកនៅឆ្នាំ ២០២៣ ប្រាក់ឈ្នួលកម្មករមានការកើនឡើងបន្ថែមចំនួន ៦ ដុល្លារ បន្ថែមទៀត ដែលកម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ២០០ ដុល្លារ ក្នុង ១ ខែ។ ឆ្នាំ ២០២៤ កម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ ដុល្លារ ក្នុង ១ ខែ។
នៅឆ្នាំ ២០២៥ ចាប់ពីខែមករានេះតទៅ កម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារ ក្នុង ១ ខែ ជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀតដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ៧ ដុល្លារ ក្នុង ១ ខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ ដុល្លារ ក្នុង ១ ខែ ,ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្ត ២ ពាន់រៀល ក្នុង ១ ថ្ងៃ ឬ ទទួលបានបាយ ១ ពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារពីឆ្នាំទី ២ ដល់ឆ្នាំទី ១១ ចន្លោះពី ២ ទៅ ១១ ដុល្លារ ក្នុង ១ ខែ។ ដូចនេះជារួមជាមធ្យមកម្មករ-និយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចាប់ពី ២៣០ ដុល្លារ ទៅ ៣០០ ដុល្លារ ក្នុង ១ ខែៗ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ពី ប.ស.ស ឡើយ។
លោក កត្តា អ៊ន បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៥ ត្រឹមតែ ២០៦ ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមទឹកប្រាក់ចំនួន ២ ដុល្លារ បន្ថែមទៀត ទើបប្រាក់ឈ្នួលអប្បបរមាសរុបកើនឡើងដល់ ២០៨ ដុល្លារ។ ប្រាក់ឈ្នួលនេះធៀបនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ខ្ពស់ជាងប្រទេសវៀតណាម មានចំនួនចន្លោះពី ១៤៣ ដុល្លារ ១៨២ ដុល្លារ ទៅ ២០៥ ដុល្លារ , ឡាវមានប្រាក់ឈ្នួល ៧៤ ដុល្លារ មីយ៉ាន់ម៉ាមានប្រាក់ឈ្នួល ៨៤ ដុល្លារ ស្រីលង្កា មានប្រាក់ឈ្នួល ៥៨ ដុល្លារ ប៉ាគីស្ថានមានប្រាក់ឈ្នួល ១៣២ ដុល្លារ ឥណ្ឌាមានប្រាក់ឈ្នួលពី ១៤០ ទៅ ២០៤ ដុល្លារ, បង់ក្លាដែស មានប្រាក់ឈ្នួល ១០៨ ដុល្លារ ប៉ុណ្ណោះ។ ប៉ុន្តែទាបជាងប្រទេសហ្វីលីពីនមានប្រាក់ឈ្នួលចន្លោះពី ១៥៣ ដុល្លារ ទៅ ២៩៣ ដុល្លារ ថៃមានប្រាក់ឈ្នួល ២៤៨ ដុល្លារ ទៅ ២៩៤ ដុល្លារ និងម៉ាឡេស៊ីមានប្រាក់ឈ្នួល ៣២៨ ដុល្លារ ខណៈប្រទេសចិនមានប្រាក់ឈ្នួលចន្លោះពី ២១៦ ទៅ ៣៧៧ ដុល្លារ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ