ព័ត៌មានជាតិ
គ្រួសារមួយនៅមណ្ឌលគិរីលក់តែអីវ៉ាន់ចាប់ហួយ តែអាចផ្គត់ផ្គង់ឱ្យកូនៗ៤នាក់បានមករៀនសូត្រនៅភ្នំពេញ
«លក់អីវ៉ាន់ចាប់ហួយ» គឺជាមុខរបរតូចតាចមួយសម្រាប់ចិញ្ចឹមឆ្នាំងរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ ភូមិស្រុកឆ្ងាយពីទីប្រជុំជន ឬទីក្រុង។ ត្បិតថាតូចតាច តែរបរនេះនៅតែជាទីពេញនិយមសម្រាប់ក្រុមគ្រួសារខ្មែរភាគច្រើន ព្រោះវាចំណាយដើមទុនតិច ហានិភ័យខាតបង់ទាប ហើយមិនពាក់ព័ន្ធនឹងការបង់ពន្ធអ្វីឡើយ។ មិនតែប៉ុណ្ណឹងទេ មុខរបរតូចតាចមិនធំដុំមួយនេះ បើទោះបីមិនមានចំណូលខ្ពស់ ប៉ុន្តែ វាបានជួយឱ្យគ្រួសារមួយនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី អាចផ្គត់ផ្គង់កូនៗចំនួន៤ បានមករៀនសូត្រនៅក្នុងរាជធានីភ្នំពេញ។

លោក តាន់ សុខ អាយុ៦៥ឆ្នាំ និងអ្នកស្រី ស៊ាង សុខហេង អាយុ៦៤ឆ្នាំ គឺជាប្តីប្រពន្ធដែលមានកូនៗក្នុងបន្ទុកចំនួន៤ រស់នៅក្នុងភូមិណងប៊ួ ឃុំណងឃីឡឹក ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។ សព្វថ្ងៃ គ្រួសារគាត់ កំពុងប្រកបរបរលក់អីវ៉ាន់ចាប់ហួយ និងលក់ខោអាវជជុះបន្តិចបន្តួចនៅផ្ទះ ដើម្បីគ្រាន់បានចំណូលចិញ្ចឹមគ្រួសារ។ ដើមឡើយ ពួកគាត់ មានកូនប្រុសស្រីចំនួន៦នាក់ ប៉ុន្តែ បានលាចាកលោកអស់២នាក់ នៅសល់៤នាក់ ប្រុស២នាក់ និងស្រី២នាក់។ កូនៗគាត់ទាំង៤នាក់នេះ សុទ្ធតែកំពុងស្នាក់នៅ ធ្វើការងារ និងសិក្សានៅក្នុងរាជធានីភ្នំពេញ ដោយកូនច្បងបានបញ្ចប់បរិញ្ញាបត្រហើយប្រឡងចូលក្របខណ្ឌនគរបាល ខណៈកូនស្រីទី២ កំពុងរៀននៅថ្នាក់ទី១២។ ចំណែក កូន២នាក់ទៀត កំពុងសិក្សាថ្នាក់ថ្នាក់ទី១០ និងថ្នាក់ទី១១។
លោក តាន់ សុខ និងអ្នកស្រី ស៊ាង សុខហេង បានយកប្រាក់ចំណូលដែលបានមកពីរបរ«លក់អីវ៉ាន់ចាប់ហួយ» មកចិញ្ចឹម និងផ្គត់ផ្គង់កូនៗរបស់ពួកគាត់ឱ្យរៀនសូត្របានខ្ពង់ខ្ពស់។ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ បានខិតខំគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យយ៉ាងណាឱ្យកូនៗបានបន្តការសិក្សាបានជ្រៅជ្រះ ព្រោះពួកគាត់យល់ច្បាស់ថា មានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែលអាចឱ្យកូនៗគាត់ជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបាន។

ពួកគាត់បានរៀបរាប់ថា តាំងពីក្មេងរហូតដល់ពេញវ័យ គាត់មិនមានឱកាសបានសិក្សារៀនសូត្រឱ្យមានចំណេះដឹងទូលំទូលាយនោះទេ ដោយសម័យនោះ ជាសម័យសង្គ្រាម របបប្រល័យពូជសាសន៍ប៉ុលពត។ ដូចច្នេះហើយ ពួកគាត់ខំព្យាយាមតស៊ូ ដើម្បីឱ្យកូនសិក្សាមានចំណេះដឹង ព្រោះគាត់គ្មានទ្រព្យសម្បត្តិអ្វីចែកឱ្យកូនគ្រប់គ្នានោះទេ មានតែព្យាយាមខំដើរុករកកន្លែងរកស៊ីជួញដូរ បន្ទាប់មកគាត់ចាប់អារម្មណ៍ចង់រស់នៅតំបន់ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ក្នុងឃុំណងឃីឡឹក ស្រុកកោះញ៉ែក។ ពួកគាត់បន្តថា ទម្រាំមកដល់តំបន់នេះ ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនកាត់ព្រៃឆ្លងអូរ ហើយពេលខ្លះត្រូវប្រឈមមុខជាមួយក្រុមខ្មែរក្រហមច្រើនលើកច្រើនសារ។ មានពេលមួយនោះ ពួកខ្មែរក្រហមបានចាប់ប្ដីគាត់ចងឱ្យលុតជង្គង់តែខ្លួនជាប្រពន្ធបានខំព្យាយាមសំពះអង្វរ ហើយក៏បានដោះដូរនឹងសម្ភារៈទ្រព្យសម្បត្តិផ្សេងៗបន្តិចបន្តួច ទើបប្តីគាត់បានរួចជីវិត។
ប៉ុន្តែ បន្ទាប់ពីប្រទេសជាតិមានសុខសាន្តត្រាណ សន្តិភាពពេញលេញ ទើបពួកគាត់អាចខំព្យាយាមរកស៊ីសន្សំប្រាក់បញ្ជូនកូនទៅសិក្សានៅឯរាជធានីភ្នំពេញទាំងអស់។ ពួកគាត់សុខចិត្តខំព្យាយាមរកស៊ីជួញដូរនៅផ្ទះបន្តិចបន្តួចតែ២នាក់ប្ដីប្រពន្ធ ព្រោះគាត់ចង់ឃើញកូនមានចំណេះដឹង រៀនបានខ្ពង់ខ្ពស់ជ្រៅជ្រះ។ អ្នកស្រី ស៊ាង សុខហេង បានផ្ដាំផ្ញើដល់កូនៗគ្រប់រូបដែលមានឪពុកម្តាយមានលទ្ធភាពឱ្យទៅរៀនសូត្រ ត្រូវខំតស៊ូឡើង កុំយកទឹកចិត្តឪពុកម្តាយដែលខំរកលុយប្រាក់កាក់ដើម្បីអនាគតកូនយកទៅបោះចោលឥតប្រយោជន៍ ហើយពេលឪពុកម្ដាយចាស់ទៅ គាត់មិនចង់បានអ្វីពីកូនគ្រប់គ្នានោះទេ គាត់គ្រាន់តែចង់ឃើញកូនៗសិក្សារៀនសូតបានខ្ពង់ខ្ពស់មានចំណេះដឹង មានអនាគតល្អ ក៏ពួកគាត់សប្បាយចិត្តយកអ្វីមកកាត់ថ្លៃពុំបានឡើយ៕
ដោយ ៖រៀម សុខហេង

-
ចរាចរណ៍១៦ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់