ព័ត៌មានជាតិ
សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត
អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ រួមបញ្ចូលទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលកម្មករនិយោជិតនៅកម្ពុជាទទួលបានប្រចាំខែ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាព និងជាប្រភពចំណូលថ្មីបន្ថែមមួយកំរិតទៀតសម្រាប់គ្រួសាររបស់ពួកគាត់។

អគ្គលេខាធិការរងនៃសមាគម TAFTAC រូបនេះ បានពន្យល់ថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ បូករួមទាំងប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដែលនិយោជក និងរាជរដ្ឋាភិបាលផ្តល់ជូនកម្មករនិយោជិតទៀតនោះ គឺកម្មករនិយោជិតកម្នាក់នឹងទទួលបានចំណូលប្រចាំខែសរុបប្រមាណជា៣០០ដុល្លារ ក្នុងមួយខែ។ ចំណូលនេះ គឺសមល្មមសម្រាប់កម្មករនិយោជិត ហើយអាចជួយទ្រទ្រង់ជីវភាពរបស់ពួកគេបានមួយផ្នែកធំ។

សម្រាប់លោកមើលឃើញថា តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ ប្រសិនបើប្រៀបធៀបជាមួយប្រទេសដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា គឺប្រទេសកម្ពុជាមានតួលេខប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងគេបន្តិច។ ដូច្នេះប្រទេសកម្ពុជានៅតែអាចរក្សាបាននូវកម្រិតប្រកួតប្រជែងខ្ពស់ជាមួយបណ្តាប្រទេសទាំងនោះក្នុងកម្រិតការវិនិយោគលើវិស័យដូចគ្នានេះផងដែរ។

លោក កាំង ម៉ូនីកា សង្កត់ធ្ងន់ថា តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងធ្វើកំណែរទម្រង់លើសេវាសាធារណៈ និងការកាត់បន្ថយការចំណាយផ្សេងៗក្នុងការធ្វើធុរកិច្ចនោះ លោកសង្ឃឹមថា កម្ពុជានៅតែរក្សាភាពរឹងមាំ និងរក្សាបានកំណើនវិនិយោគលើវិស័យមួយនេះ។

លោកស្រី ខាន់ នារតី ជាកម្មការិនីនៅរោងចក្រកាត់ដេរក្នុងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ រួមបញ្ចូលបន្ថែមលើអត្ថប្រយោជន៍ផ្សេងៗទៀតដែលកំពុងទទួលបានស្រាប់ វានឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពគ្រួសាររបស់គាត់ ហើយអាចសន្សំសំចៃបានមួយផ្នែកទៀតដើម្បីពង្រឹងជីវភាពប្រចាំថ្ងៃផងដែរ។

កម្មការិនីរូបនេះបានគូសបញ្ជាក់បន្ថែមថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតគឺជារឿងសំខាន់ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺតួលេខប្រាក់ឈ្នួលនេះអាចរក្សាបាននូវស្ថេរភាពការងារសម្រាប់កម្មករនិយោជិត។ កម្មការិនីរូបនេះសប្បាយចិត្តនៅពេលដែលខ្លួននៅតែអាចបន្តបំពេញការងារនៅកន្លែងធ្វើការបាន និងមានការងារថ្មីៗបន្តមកជាហូរហែដែលធ្វើឱ្យខ្លួននៅតែបន្តអាចទទួលបានប្រាក់ចំណូល និងការងារធ្វើជាប់ជាប្រចាំ។
ដោយឡែកលោក លាង សាវឿន ជាកម្មករនិយោជិតរោងចក្រកាត់ដេរ ក្នុងរាជធានីភ្នំពេញម្នាក់ទៀតបានលើកឡើងថា កាលពីប៉ុន្មានឆ្នាំមុនជីវភាពរបស់ខ្លួនលំបាក ក៏ប៉ុន្តែក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះចំណូលប្រចាំខែរបស់ខ្លួនមានភាពល្អប្រសើរ ក្នុងនាមជាកម្មករកាត់ដេរ។ដោយឡែកប្រាក់ឈ្នួលថ្មីចំនួន ២០៨ដុល្លារក្នុងមួយខែ បូករួមទាំងប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន នឹងធ្វើឱ្យជីវភាពរបស់ខ្លួនកាន់តែប្រសើរជាងមុនថែមទៀត។

កម្មកររូបនេះសប្បាយចិត្តនៅពេលដែលប្រាក់ឈ្នួលថ្មី នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅ។ លោកសូមថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងដំឡើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំ បើទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ដែលទាំងនេះបង្ហាញឃើញយ៉ាងច្បាស់ពីការគិតគូរសុខទុក្ខរបស់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា នាពេលបច្ចុប្បន្ន៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង