ព័ត៌មានជាតិ
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
អ្នកនាំពាក្យក្រសួងការពារជាតិនាយឧត្តមសេនីយ៍ ឈុំ សុជាត ថាលោកពុំបានទទួលព័ត៌មានថាករណីអ្នកលក់អនឡាញម្នាក់យកឡានសារ៉ែនបើកផ្លូវទៅចូលរួមពិធីអាពាហ៍ពិពាហ៍គេនោះទេ ទោះជាយ៉ាងណាលោកថាក្រសួងនឹងពិនិត្យលើករណីនេះ។
ថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះលោក ឈុំ សុជាត ពុំទាន់មានប្រសាសន៍យ៉ាងណាចំពោះករណីនេះទេ ដោយថាក្រសួងនឹងស្រាវជ្រាវលើករណីនេះសិន។

លោកថា៖ «ករណីឡានរដ្ឋគេអត់មានប្រើអ៊ីចឹងទេ! តែខ្ញុំអត់ទាន់ហ៊ាននិយាយព្រោះមិនដឹងថាអ្នកណាដែលជិះក្នុងហ្នឹង ព្រោះមានថ្នាក់។ ថ្នាក់ដែលប្រើបានគឺថ្នាក់អគ្គបញ្ជាការ ឬរដ្ឋមន្ត្រីទើបជិះ(ឡានសារ៉ែនបើកផ្លូវ)បាន»។
កម្ពុជាថ្មីមិនទាន់អាចទាក់ទងអ្នកនាំពាក្យកងរាជអាវុធហត្ថឧត្តមសេនីយ៍ត្រី អេង ហ៊ី បាននៅឡើយទេ។
ក្នុងវីដេអូដែលបានបង្ហោះកាលពីថ្ងៃទី៦ ខែមករា លើបណ្ដាញសង្គមបានបង្ហាញអ្នកលក់អនឡាញម្នាក់បានរៀបចំខ្លួនទៅចូលរួមមង្គលការគេ ដោយមានក្បូនឡានទំនើបជាច្រើនបើកចេញធ្វើដំណើរនិងមានរថយន្តពាក់ស្លាក់លេខខេមរភូមិន្ទ និងសារ៉ែនបើកផ្លូវឱ្យផងដែរ។
ក្នុងវីដេអូនោះអ្នកថតបាននិយាយថាជាលើកទី១ហើយដែលធ្វើដំណើរមានឡានសារ៉ែនបើកផ្លូវ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គឹមអេង យល់ថាការយកឡានសារ៉ែនរបស់រដ្ឋទៅបម្រើឯកជនគឺជារឿងដែលឆ្គាំឆ្គងបំផុតដែលបង្កឱ្យប៉ះពាល់ដល់អារម្មណ៍របស់ពលរដ្ឋជាខ្លាំង។
លោកថា៖ «ខ្ញុំអត់ដឹងថាយ៉ាងមិចទេឥឡូវ។ តែកាលពីជំនាន់សម្ដេចតេជោលោកបានកំណត់ថាមានតែនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងព្រះមហាក្សត្រ ដែលមានសារ៉ែនមានអី។ តែឥឡូវខ្ញុំមិនដឹងថាយ៉ាងមិចបានជាមានករណីនេះកើតឡើង»។

លោកយល់ថារដ្ឋាភិបាលគួរតែពិនិត្យករណី និងមានវិធានការជុំវិញបញ្ហានេះដើម្បីរក្សាសណ្ឋាប់ធ្នាប់នៅលើដងផ្លូវ និងការពារមុខមាត់របស់ស្ថាប័នជាតិ។
តាមរយៈការផ្ដល់មតិយោបល់ និងចែករំលែកលើបណ្ដាញសង្គម មហាជនបានរិះគន់ការយកឡានស្ថាប័នប្រដាប់អាវុធដើម្បីបើកផ្លូវឱ្យឯកជនជិះទៅស៊ីការនេះជាខ្លាំង ដោយថាការធ្វើបែបនេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់ស្ថាប័នជាតិ និងគួរមានវិធានបកស្រាយឱ្យបានច្បាស់លាស់ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?