ព័ត៌មានជាតិ
ឆ្នាំ ២០២៤ មនុស្សជាង ៥ ម៉ឺននាក់ បានទប់ស្កាត់មិនឱ្យឆ្លង ឬ ឈឺ ដោយសារជំងឺគ្រុនឈាម
នៅឆ្នាំ ២០២៤ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានទប់ស្កាត់បង្ការមនុស្សប្រមាណជាង ៥ ម៉ឺននាក់ មិនឱ្យឆ្លង ឬ ឈឺ ដោយសារជំងឺគ្រុនឈាម ដែលធ្វើឱ្យអត្រាឈឺ និង ស្លាប់ មានការថយចុះគួរកត់សម្គាល់។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១០ មករា នេះថា តាមការវាយតម្លៃស្ថានភាពជំងឺគ្រុនឈាមនៅឆ្នាំ ២០២៤ ស្ថិតក្នុងស្ថានភាពវិវត្តកម្រិតទាបបំផុតជាធម្មតា និងបានទប់ស្កាត់បង្ការកុំឱ្យមនុស្សឈឺដោយជំងឺគ្រុនឈាមប្រមាណជា ៦៤ – ៧៤% ស្មើនឹងមនុស្សចំនួន ៣៤ ២០០ ទៅ ៥៤ ២៥៨ នាក់។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបន្តថា ជាក់ស្ដែង ឆ្នាំ ២០២៤ មានកុមារ និងមនុស្សពេញវ័យ ឆ្លងជំងឺគ្រុនឈាមចំនួន ១៨ ៧៤២ ករណី និងស្លាប់ចំនួន ៤៥ នាក់ បើធៀបទៅនឹងឆ្នាំ ២០២៣ មានការថយចុះចំនួន ១៦ ០២០ ករណី ឬ ស្មើនឹង ៤៦% ក្នុងចំណោម ៣៤ ៧៦២ ករណី។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ការថយចុះ នៃករណីជំងឺគ្រុនឈាមនេះ អាចបណ្តាលមកពីមានការកើនឡើងនូវចំនួនប្រជាជនមានការយល់ដឹងច្រើន បានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយសារគុណភាពសេវា និងសមត្ថភាពផ្តល់សេវារបស់គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេសមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ការដាក់ថ្នាំអាបែតបានគ្រប់គ្រាន់ និងបានធ្វើការចែកចាយដល់មន្ទីរសុខាភិបាលនៅទូទាំងប្រទេសបានទាន់ពេលវេលាសម្រាប់ដាក់នៅក្នុងពាង ឬ អាងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីសម្លាប់ដង្កូវទឹកដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ជាងនេះទៅទៀត ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ពីវិធានការអនាម័យ និងបរិស្ថាន នៅតាមសហគមន៍បានល្អប្រសើរដូចជា សំអាតលំនៅដ្ឋានបានស្អាត លុបបំបាត់ ឬ ដុតកម្ទេចចោល ឬ ទុកដាក់មានរបៀបរាល់វត្ថុដែលអាចដក់ទឹកបានដូចជា សំបកកង់ឡាន សំបកដប កំប៉ុង ត្រឡោកដូង ចានបាយ កំប៉ុងជ័រ ដែលជាជម្រក នៃការកកើតដង្កូវទឹកជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើម និងណែនាំឱ្យកុមារស្លៀកពាក់ខោអាវដៃវែងជើងវែង និងសម្រាន្តក្នុងមុងជាប្រចាំទាំងថ្ងៃទាំងយប់ មិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹត និងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត និងកុំសាកល្បងព្យាបាលជំងឺដោយខ្លួនឯង ឬ ពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ ព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជីវិតបាន។ ព្រោះថាកុមារដែលស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមភាគច្រើនបណ្តាលមកពីមាតាបិតា ឬ អាណាព្យាបាល បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋមានការយឺតយ៉ាវ។
ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត បានណែនាំឱ្យអាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឱ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច