ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ ស្អាត ស្របពេលប្រទេសជិតខាងកំពុងជួបបញ្ហាខ្យល់ពុល
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា គុណភាពខ្យល់នៅកម្ពុជាគឺល្អប្រសើ គ្មានជាតិពុលឡើយ ស្របពេលដែលប្រទេសជិតខាងរបស់កម្ពុជា កំពុងជួបប្រទះបញ្ហាខ្យល់ពុល។ លោក ខ្វៃ អាទិត្យា បានឱ្យដឹងដូច្នេះ ក្នុងពេលផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

អ្នកនាំពាក្យលោក ខ្វៃ អាទិត្យា គូសបញ្ជាក់ដូច្នេះ៖«ប្រទេសកម្ពុជារបស់យើង មានគុណភាពខ្យល់ល្អ! រហូតមកដល់ពេលនេះ គឺយើងមិនទាន់ឃើញ កំហាប់ភាគល្អិតនិចល PM2.5 នេះ កើនឡើងដូចបណ្ដាប្រទេសជិតខាងនោះទេ។ អ៊ីចឹងយើងស្ថិតនៅក្រោមបន្ទាត់ក្រហម ដែលប្រជាពលរដ្ឋអាចដំណើរការប្រកបរបរ ហើយនឹងធ្វើដំណើរ ក៏ដូចជាការរស់នៅធម្មតា»។
គួរឱ្យដឹងថា តាមការចេញផ្សាយរបស់ VN Express កាលពីថ្ងៃទី៨ខែមករា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលវៀតណាម បានព្រមានឲ្យអ្នកក្រុងហាណូយ កុំចេញក្រៅបើមិនចាំបាច់ ឬថាបើចេញក្រៅ ត្រូវភ្លេចពាក់ម៉ាសផង ស្របពេលគុណភាពខ្យល់បានធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត គឺសន្ទស្សន៍គុណភាពខ្យល់ (AQI)ពី១០១ទៅ២០០នៅទី៧ និងឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរពី ២០១ទៅ៣០០ នៅថ្ងៃទី០៨ ខែមករា ដែលតាមធម្មតាក្នុងមូលដ្ឋានរបស់សន្ទស្សន៍គុណភាពខ្យល់, ខ្យល់ដែលមានគុណភាពល្អគឺនៅត្រឹមឬក្រោម ១០០ ប៉ុន្តែកាលណាបើឡើងលើស១០០ គឺខ្យល់មិនល្អ បង្កគ្រោះថ្នាក់។

ជាមួយគ្នាកាលពីថ្ងៃទី០៩ ខែមករា ម្សិលមិញ សារព័ត៌មាន Bangkok Post បានចេញផ្សាយថា ខេត្តចំនួន៥៨ ក្នុងចំណោមរាជធានីខេត្តចំនួន៧៧ របស់ថៃ កំពុងជួបប្រទះបញ្ហាខ្យល់ពុលដែលបង្កគ្រោះថ្នាក់ ឬគ្រោះថ្នាក់កម្រិតមធ្យមដល់សុខភាពប្រជាជន។ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (Gistda) បានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួននៅម៉ោង ៩ព្រឹកថា ថ្ងៃទី០៩ ខែមករា ថា ធូលី ultrafine ឈានដល់កម្រិតគួរឲ្យព្រួយបារម្ភឈានដល់កម្រិតពណ៌ក្រហម នៅក្នុងខេត្តចំនួន២០ និងកម្រិតពណ៌ទឹកក្រូច ឬចាប់ផ្តើមប៉ះពាល់ដល់សុខភាព ក្នុង៣៨ខេត្ត។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថានរូបលោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ការត្រួតពិនិត្យស្ថានភាពគុណភាពខ្យល់ ក្នុងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានបង្ហាញថា កំហាប់ភាគល្អិតនៃខ្យល់នៅក្នុងប្រទេសកម្ពុជារយៈពេល២៤ម៉ោង គឺស្មើនឹង ២៥.៤៩ មីក្រូក្រាម/ម៉ែត្រគូប (25.49µg/m³) ។ តាមលោក ខ្វៃ អាទិត្យា ផ្អែកលើលទ្ធផលនេះ គឺបង្ហាញថាកម្ពុជា មិនទាន់ការបំពុលបរិយាកាសនៅឡើយទេ។
លោក ខ្វៃ អាទិត្យា បានឱ្យដឹងទៀតថា គុណភាពខ្យល់ កម្រិតនៃកំហាប់ភាគល្អិតក្នុងខ្យល់(PM2.5) នឹងកើនឡើងចាប់ពីខែមករា ដល់ខែឧសភា។ លោកអះអាងថា ដើម្បីទប់ស្កាត់បញ្ហាកើនឡើងនូវកំហាប់ភាគល្អិតក្នុងខ្យល់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានពង្រឹងការត្រួតពិនិត្យគុណភាពខ្យល់ជាប់ជារៀងរាល់ថ្ងៃ ក៏ដូចជាជូនដំណឹងពីលទ្ធផលជូនសាធារណៈជនឱ្យបានជ្រាបតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ និងកម្មវិធី(App)របស់ក្រសួងបរិស្ថាន។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា បញ្ឈប់សកម្មភាពដុតជញ្ជ្រាំងស្រូវ កាកសំណល់ ជីគីមីកសិកម្ម ដុតព្រៃ បញ្ឈប់ការប្រើប្រាស់ប្លាស្ទិក កុំដុតប្លាស្ទិក ដើម្បីកុំឱ្យផ្សែងភ្លើងទាំងនោះទៅបំពុលបរិយាកាស ក៏ដូចជាលើកកម្ពស់កិត្តិនាមរបស់កម្ពុជាដែលបានល្បីរន្ទឺលើពិភពលោកថាជាប្រទេសដែលមិនបំពុលបរិយាកាស។

កន្លងមក សារព័ត៌មានបរទេសមួយចំនួនបានផ្សាយថា កម្ពុជា ជាប្រភពដែលបំពុលខ្យល់ប៉ះពាល់ដល់ប្រទេសជាតិខាង។ ឆ្លើយតបនឹងការចុះផ្សាយបែបនេះកាលពីពេលកន្លងមក មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ក៏បានចាត់ទុកថាការផ្សាយនេះជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់។ លោកអះអាងថា បច្ចប្បន្នកម្ពុជា បានបំពាក់ឧបករណ៍ និងស្ថានីយតាមដានគុណភាពខ្យល់ចំនួន៦០កន្លែង ក្នុងនោះមានរថយន្តចល័តសម្រាប់វាស់គុណភាពខ្យល់ចំនួន៣គ្រឿង ដែលអាចឱ្យក្រសួងបរិស្ថានតាមដានគុណភាព គ្រប់គ្រងគុណភាពខ្យល់បានយ៉ាងល្អប្រសើរ និងរកឃើញថាកម្ពុជា មិនមែនជាប្រភពបង្កខ្យល់ពុល ដែលបណ្ដាលឱ្យប្រទេសជិតខាងជួបប្រទះបញ្ហាខ្យល់ពុលឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់
ចុចអាន៖ អ្នកក្រុងហាណូយ ត្រូវព្រមាន កុំឲ្យចេញក្រៅបើមិនចាំបាច់ ព្រោះ ខ្យល់ពុល ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ