ព័ត៌មានជាតិ
កសិករ អាចរកចំណូលបានចន្លោះពី ៤-៥ ម៉ឺនរៀលត្រឹមមួយព្រឹក ពីការដាំបន្លែចម្រុះតាមរដូវកាល
តាមរយៈការដាំដុះបន្លែចម្រុះឆ្លងកាត់ ក្រោយពេលរដូវវស្សាបានបិទបញ្ចប់ទៅ កសិករដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ អាចរកចំណូលបានចន្លោះ ៤ ទៅ ៥ ម៉ឺនរៀល ត្រឹមមួយព្រឹក ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ នេះបើតាមការឱ្យដឹងពីអ្នកស្រី សុខលី ដែលជាកសិកររស់នៅក្នុង ឃុំវត្តាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

អ្នកស្រី សុខលី បានឱ្យ «កម្ពុជាថ្មី» ដឹងថា ឱ្យតែដល់រដូវរំហើយចូលមកដល់ ជារៀងរាល់ឆ្នាំ អ្នកស្រីតែងតែមិនទុកពេលវេលាឱ្យរំលងដោយគ្មានប្រយោជន៍នោះទេ ព្រោះវាអាចបង្កើនចំណូលគ្រួសារបាន តាមរយៈការដាំដុះបន្លែឆ្លងកាត់ ហើយការដាំនេះ រាល់រដូវកាលក៏មានកសិករជាច្រើនផងដែរ មានដូចជា អ្នកភូមិខ្សាច់ពោយ ក្រុងបាត់ដំបង អ្នកភូមិកំពង់ឆ្លង ឃុំឈើទាល និង អ្នកភូមិស្លក្រាម ក្នុងឃុំវត្តតាមិម ជាដើម។
អ្នកស្រី បានបន្តថា ទាំងបន្លែរបស់អ្នកស្រី ក៏ដូចជាបន្លែរបស់អ្នកភូមិផ្សេងទៀត មិនលំបាករឿងទីផ្សារនោះទេ ព្រោះមានអ្នកស្រុកមកទិញដល់ទីកន្លែង សម្រាប់យកទៅកែច្នៃជាម្ហូបអាហារ។ ក្រៅពីនេះ ក៏នាំយកទៅលក់នៅផ្សារសហគមន៍ និងផ្សារមួយចំនួនទៀតក្នុងក្រុងបាត់ដំបងផងដែរ ដែលអាចរកចំណូលបានចន្លោះពី ៤ ទៅ ៥ម៉ឺនរៀល ក្នុងមួយព្រឹក។
អ្នកស្រី សុខលី បានអះអាងថា បើទោះបីមានតម្លៃលក់ស្មើដើមទុន ក៏បានបម្រើក្នុងជីវភាពគ្រួសារបាន ខណៈអ្នកស្រី និងអ្នកភូមិថា ការដាំបន្លែតាមទម្លាប់នេះ កត្តាសំខាន់សម្រាប់បម្រើក្នុងគ្រួសារប៉ុណ្ណោះ ហើយនៅសេសសល់ ទើបចូលទីផ្សារ ដូច្នេះទោះលក់បានថ្លៃ ឬថោក វាមិនជាការប្រឈមនោះទេ។

«យ៉ាងណាមិញ ឆ្នាំនេះ បន្លែឆ្លងកាត់នេះ ខ្ញុំ ក៏ដូចជាកសិករដទៃ គឺអាចលក់បានចន្លោះពីតម្លៃពី ២៥០០ ទៅ ៣០០០រៀល ក្នុង ១ គីឡូក្រាម តែបើចុះដល់ ១៥០០រៀល ក៏អាចបានត្រឹមរួចថ្លៃដើមដាំដុះ និងបានចំណេញហូបចុកប្រចាំថ្ងៃដែរ និងបានធ្វើជ្រក់ សម្រាប់បរិភោគក្នុងគ្រួសារ មិនពិបាកចំណាយថវិកាទិញពីផ្សារ»។ អ្នកស្រី សុខលី បន្ថែមបែបនេះ។
ជាមួយគ្នានេះ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា បើតាមការសង្កេតឃើញថា នៅដើមឆ្នាំនេះអ្នកភូមិនៅក្បែរដងស្ទឹងបាននាំគ្នាបង្កើនការដាំបន្លែច្រើនជាងឆ្នាំកន្លងទៅ ដើម្បីរកចំណូលបន្ថែម ខណៈរដូវរំហើយចូលមកដល់។ ការដាំដុះបន្លែចម្រុះនេះ ភាគច្រើនជាកសិករដែលស់នៅក្នុងឃុំឈើទាល ក្នុងស្រុកបាណន់ និង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាទម្លាប់តាមរដូវដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងរកចំណូលបន្ថែមខ្លះៗផងដែរ តាមលទ្ធភាពតិច ឬច្រើនរបស់ពួកគេ ព្រោះបន្លែឆ្លងកាត់ស្ទើរទាំងអស់សុទ្ធសឹងតែជាការនិយមបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោក ឈឹម យ៉ូត ជាមេភូមិបានឲ្យដឹងដែរថា ជាទម្លាប់អ្នកភូមិ ពេលដល់រដូវកាលពួកគេតែងតែដាំដុះបន្លែរៀងៗខ្លួន ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ ហើយក្រៅពីនេះក៏បានលក់ខ្លះៗ គ្រាន់បានចំណូលបន្ថែមពីផលដំណាំស្រូវ។ មិនតែប៉ុណ្ណោះ ការដាំបន្លែចម្រុះតាមទម្លាប់នេះ ទាំងលោកជាមេភូមិឆ្លៀតពេលទំនេរពីការងារ លោកនិងក្រុមគ្រួសារទាំងមូល ក៏បានដាំបន្លែចម្រុះផងដែរ គ្រាន់បានទ្រទ្រង់សេដ្ឋកិច្ចគ្រួសារបន្ថែម ដូចជា ខ្ទឹមស ខ្ទឹមគុយទាវ ខ្ទឹមក្រហម សាឡាដ និង ជីតាំងអោ ជាដើម។
លោកថា បន្លែខាងលើត្រូវបានបញ្ចប់តាមរដូវកាល លោកក៏បានប្តូរមកដាំម្ទេសវិញ ហើយចំណូលពីការដាំបន្លែតាមរដូវកាលនេះ ក៏បានគួសមដែរ ហេតុដូចនេះលោកលើកទឹកចិត្តឲ្យអ្នកភូមិបន្តការដាំដុះបន្លែចម្រុះ ដើម្បីកាត់បន្ថយការចំណាយលើទីផ្សារ ហើយក៏បានចំណូលមកវិញខ្លះៗដែរ គឺចំណេញទាំងផ្គត់ផ្គងក្នុងគ្រួសារ និងលក់បានចំណូលបន្ថែមផងដែរ។

ការបង្កើនចំណូលផ្គត់ផ្គង់គ្រួសាររបស់ប្រជាកសិករ តាមរយៈការដាំដុះដំណាំឆ្លងកាត់នេះ ស្របពេលរដូវរំហើយបានឈានចូលមកដល់ ដែលប្រជាកសិកររស់នៅតាមបណ្តោយដងស្ទឹងសង្កែ តែងមមាញឹកធ្វើការដាំដុះតាមទម្លាប់រាល់រដូវកាល ដើម្បីបង្កើនចំណូលគ្រួសារ ក្រៅពីផលដំណាំស្រូវ។ ក្នុងនោះគេសង្កេតឃើញមានដូចជា ស្ពៃជើងទា សាឡាដ ម្ទេស ជីគ្រប់ប្រភេទ ខ្ទឹម ស្ពៃខៀវ ស្ពៃក្រញាញ់ និងប៉េងប៉ោះ ជាដើម៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ