ព័ត៌មានជាតិ
ខេត្តស្វាយរៀង នឹងមានរោងចក្រផលិតសំបកកង់រថយន្តខ្នាតធំថ្មីមួយទៀតឆាប់ៗខាងមុខនេះ
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ បានចូលរួមបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្ត WANLI TIRE ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៉ីនបាវិត ក្នុងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ នេះ គឺជារោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតរបស់វិនិយោគិនចិននៅក្នុងស្វាយរៀង។

លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានលើកឡើងថា វត្តមានរបស់លោក ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានាពេលនេះ គឺបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ការលើកទឹកចិត្ត ការផ្តល់តម្លៃ និងការគាំទ្របំផុតរបស់រាជរដ្ឋាភិបាលចំពោះការវិនិយោគរបស់វិស័យឯកជន ហើយវត្តមានរោងចក្រ Wanli Tire តាមរយៈពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃនេះ ក៏ជាសក្ខីភាពសរបញ្ជាក់ឱ្យឃើញពីមនុញ្ញផលដ៏ថ្លៃថ្លា ដែលកើតចេញពីចំណងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ(មិត្តដែកថែប) រវាងប្រទេសទាំងពីរកម្ពុជា-ចិន។
លោកអភិបាលខេត្តបានបន្តថា ខេត្តស្វាយរៀង អាចចាត់ទុកជាខេត្តមួយដែលទទួលផលយ៉ាងច្រើនពីភាពវិជ្ជមាននេះ ដោយក្នុងចំណោមក្រុមហ៊ុនរោងចក្រវិនិយោគក្នុងខេត្ត គឺអ្នកវិនិយោគ និងធុរជនមកពីប្រទេសចិន មានចំនួនច្រើនជាងគេបំផុត។ ក្នុងនាមអាជ្ញាធរខេត្ត លោកសូមស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានសម្រេចចិត្តជ្រើសរើសខេត្តស្វាយរៀងសម្រាប់ការវិនិយោគ ជាពិសេស លើការផលិតសំបកកង់យានយន្ត ដែលជាក្រុមហ៊ុនដំណើរការសង្វាក់ផលិតកម្មនេះទី២ នៅក្នុងខេត្ត។

ចំណែក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់ ក្នុងការជួយសម្រួលដល់នីតិវិធីរដ្ឋបាលចាំបាច់ដែលនាំទៅដល់ការបង្កើតរោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នៅក្នុងខេត្តស្វាយរៀង ជាពិសេស ការខិតខំប្រឹងប្រែងក្នុងការផ្តល់នូវកិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន។ លោកបានលើកទឹកចិត្តដល់មន្ត្រីរាជការ និងកម្មករនិយោជិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ឱ្យខិតខំប្រឹងប្រែងបន្តធ្វើការងាររបស់ខ្លួន និងរក្សាឱ្យបាននូវអាកប្បកិរិយាវិជ្ជមានប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាបាននូវភាពជោគជ័យនៃរោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ និងរួមចំណែកដល់ការរក្សានូវរូបភាពវិជ្ជមានរបស់កម្ពុជា។

សូមជម្រាបជូនថា តំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគនៅកម្ពុជា ដែលរហូតមកទល់ពេលបច្ចុប្បន្ន កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥២តំបន់ ដែលកំពុងដំណើរការមានចំនួន ២៨តំបន់ ស្រូបយកគម្រោងវិនិយោគប្រមាណ ៨៣៥គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគជាង ១១,៧ពាន់លាន ដុល្លារអាមេរិក និងបានផ្តល់ការងារជូនកម្មករនិយោជិតប្រមាណជាង ១៩,៥ម៉ឺនកន្លែង។
ដោយឡែក នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១២កន្លែង ដែលកំពុងដំណើរការ ហើយស្រូបទាញគម្រោងវិនិយោគប្រមាណ២៨០គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនកម្មករនិយោជិតប្រមាណ ៩៨ ០០០កន្លែង។ ក្នុងនោះ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នេះ បានស្រូបយកគម្រោងវិនិយោគចំនួន ១១គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះ គឺការផលិតសំបកកង់យានយន្តដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។

ក្នុងចំណោមគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ៦ ដែលមានវត្តមាននៅកម្ពុជា មានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ២ ដែលបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងនោះ ការសាងសង់រោងចក្រវ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI TIRE (CAMBODIA) CO., LTD. នាពេលនេះ គឺជាគម្រោងវិនិយោគថ្មីបំផុតនៅក្នុងខេត្តស្វាយរៀង៕
ដោយ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ