ព័ត៌មានជាតិ
បញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ ការពារដែនព្រៃលិចទឹកជុំវិញតំបន់បឹងទន្លេសាប
អាជ្ញាធរទន្លេសាបបានសហការជាមួយបណ្តាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ដោយបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់ ១ តំបន់ ២ និងតំបន់ ៣ និងបានបោះបង្គោលព្រំតំបន់ ៣ ជាថ្មីឡើងវិញចំនួន ១ ២២៤ ចំណុច ដើម្បីការពារដែនព្រៃលិចទឹកនៅជុំវិញតំបន់បឹងទន្លេសាប។
កាលពីសប្តាហ៍មុននេះ មានការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាជ្ញាធរទន្លេសាប និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ក្រោមវត្តមាន លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប ដោយមានការចូលរួមពីអាជ្ញាធរទន្លេសាប តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងខេត្តជុំវិញតំបន់ទន្លេសាប។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងអំពីសារៈសំខាន់របស់បឹងទន្លេសាប ដែលផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់មនុស្សជាតិ តាមរយៈការផ្តល់ធនធានត្រីដ៏សម្បូរបែប និងផ្គត់ផ្គង់ធនធានទឹក ព្រមទាំងសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី និងជាទីជម្រកនៃជីវៈចម្រុះសំខាន់ៗគ្រប់ប្រភេទ ដែលមាននៅតំបន់អាស៊ីទាំងមូល។
លោករដ្ឋមន្ត្រីក៏បានលើកឡើងពីការតាំងចិត្ត ការប្តេជ្ញាចិត្ត និងជំហរដ៏មោះមុត ក៏ដូចជាវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ប្រកបដោយភាពម៉ឺងម៉ាត់ហ្មត់ចត់ ក្នុងការចូលរួមលើកកម្ពស់ប្រសិទ្ធភាព ការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឱ្យសម្រេចបានជោគជ័យ ជាពិសេសក្នុងការអភិរក្ស និងការអភិវឌ្ឍបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃធំធេងសម្រាប់ប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា អនុវត្តតាមការណែនាំ និងចង្អុលបង្ហាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី អាជ្ញាធរទន្លេសាបបានសហការជាមួយបណ្តាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបានបោះបង្គោលព្រំតំបន់ ៣ ជាថ្មីឡើងវិញចំនួន ១២២៤ ចំណុច ដើម្បីការពារដែនព្រៃលិចទឹកនៅជុំវិញតំបន់បឹងទន្លេសាប។
បឹងទន្លេសាបមានភូមិសាស្រ្តជាប់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ ផ្ទៃដី និងព្រៃលិចទឹកជុំវិញបឹងទន្លេសាបបែងចែកចេញជា ៣ តំបន់គឺតំបន់ទី ១ ជាតំបន់ដែលពលរដ្ឋកំពុងរស់នៅអាស្រ័យកាន់កាប់ជាកម្មសិទ្ធស្របច្បាប់ ខណៈតំបន់ទី ២ ពលរដ្ឋអាចអាស្រ័យផលបាន តែគ្មានសិទ្ធិជាម្ចាស់កម្មសិទ្ធិនោះឡើយ។
ដោយឡែក តំបន់៣ គឺជាតំបន់ព្រៃលិចទឹកដែលរដ្ឋគ្រប់គ្រង និងហាមឃាត់ដាច់ខាតមិនឲ្យមានការរំលោភបំពាន។
ថ្លែងក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤” កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងពីយុទ្ធនាការនៃការចុះបង្ក្រាបបទល្មើសការកាន់កាប់ទន្រ្ទានរុករានដីព្រៃ និងដីអភិរក្សរបស់រដ្ឋនៅតំបន់បឹងទន្លេសាប។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារព្រមានធ្ងន់ៗនឹងដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សនៅជុំវិញបឹងទន្លេសាប។
សម្តេចធិបតីបានលើកឡើងថា គ្មានដីណាដែលថ្លៃជាងអនាគតនោះទេ ហើយការថែរក្សាបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅលើពិភពលោក និងជាផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ មានតម្លៃយ៉ាងធំធេង។
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់