ព័ត៌មានជាតិ
គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣
គិតមកដល់ពេលនេះ អ្នកបង់ថ្លៃសំរាមមានចំនួនប្រមាណ ៦០ ទៅ ៧០ ភាគរយ ប៉ុណ្ណោះ ដែលធ្វើឲ្យខាតបង់ក្នុងការបង់ថ្លៃសំរាមទៅឲ្យក្រុមហ៊ុនប្រមូលសំរាម-សំណល់រឹង។

នេះបើតាមការបញ្ជាក់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៤ មករានេះ។

លោក ឃួង ស្រេង លើកឡើងថា គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីកសាងប្រទេស។ សាលារៀនរដ្ឋ ធ្លាប់ជំពាក់បំណុលសំរាម សំណល់រឹង តែពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានលុបបំបាត់បំណុលនេះហើយ។ សម្រាប់ឆ្នាំ ២០២៥ នេះ តទៅ សាលារៀនរដ្ឋ នឹងមានកញ្ចប់ថវិកាសម្រាប់បង់ថ្លៃសំរាម។

លោក ឃួង ស្រេង បញ្ជាក់ថា «គិតមកដល់ពេលនេះ អ្នកដែលបានបង់ថ្លៃសំរាមមានចំនួនប្រមាណ ៦០ ទៅ ៧០ ភាគរយ ប៉ុណ្ណោះ ដែលធ្វើឲ្យយើងខាតបង់ក្នុងការបង់សំរាមឲ្យទៅក្រុមហ៊ុនប្រមូលសំរាម សំណល់រឹង»។

លោកបន្តថា បើការបង់សំរាមពីសំណាក់ប្រជាពលរដ្ឋបាន ១០០ ភាគរយ នោះនឹងមិនខាតបង់ក្នុងការបង់ថ្លៃសំរាមទៅឲ្យក្រុមហ៊ុនទាំង ៣ ឡើយ ហើយក៏អាចដោះស្រាយដោយមិនឲ្យនៅតាមសាលារដ្ឋបង់ថ្លៃសំរាមដែរ។ គ្រឹះស្ថានសិក្សារដ្ឋ មិនមែនជាកន្លែងធ្វើអាជីវកម្ម ដូច្នេះមិនអាចរកលុយបង់ទឹក បង់សំរាមបានទេ ដែលយើងត្រូវតែរួមគ្នាជួយលើបញ្ហានេះ។

លោកបន្តទៀតថា នៅឆ្នាំ ២០២៩ កម្ពុជា នឹងចាកចេញពីប្រទេសក្រីក្រ។ នៅឆ្នាំ ២០៣០ កម្ពុជា នឹងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ ឬជាប្រទេសអ្នកមាន។

ជាមួយនោះដែរ លោក ឃួង ស្រេង បានស្នើដល់ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពន្យល់សិស្សានុសិស្សឲ្យយល់ពីតម្លៃសន្តិភាព ដែល សម្តេចតេជោ ហ៊ុន សែន រកបានមកដោយលំបាក ដើម្បីពួកគាត់ចូលរួមរក្សាសន្តិភាពនេះឲ្យបានគង់វង្ស។

លោកក៏បានជំរុញ លោកគ្រូ អ្នកគ្រូ ចូលរួមជាមួយអាជ្ញាធរខណ្ឌទាំង ១៤ ក្នុងការទប់ស្កាត់ក្មេងទំនើងតាមសាលារៀន ការចូលរួមចលនាប្រលងប្រណាំង និងការរៀបចំសំអាត អនាម័យ បរិស្ថាន តាមសាលារៀនផងដែរ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងដែរថា ក្នុងរយៈពេល ១ ថ្ងៃកន្លះ នៃអង្គសន្និបាតរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនេះ សម្រេចបានលទ្ធផលចំនួន ៦ ចំណុច លើ ៦ វិស័យ ក្នុងនោះរួមមាន ៖ ១.អនុវិស័យ ការអប់រំកុមារតូច ប្រធានបទ ៖ ការពង្រឹងអភិបាលកិច្ចសាលាមត្តេយ្យសិក្សា។២.អនុវិស័យ ការអប់រំបឋមសិក្សា ប្រធានបទ ៖ ការអនុវត្តការសិក្សាពេញមួយថ្ងៃ ដោយប្រើប្រាស់មូលនិធិ សមធម៌ មាតាបិតាសិស្ស ដើម្បីលើកកម្ពស់គុណភាពសិក្សានៅកម្រិតបឋមសិក្សា។ ៣.អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស ប្រធានបទ ៖ ជំរុញការចូលរួមរបស់មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ សម្រាប់មធ្យមសិក្សា។ ៤.អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ ប្រធានបទ ៖ បរិវត្តកម្មការអប់រំជនពេញវ័យ។ ៥.អនុវិស័យ ការអភិវឌ្ឍយុវជន ប្រធានបទ ៖ យុវជនមានចំណេះដឹង ជំនាញ សីលធម៌ល្អ សុខភាពល្អ សមត្ថភាពគ្រប់គ្រាន់ជាពលរដ្ឋល្អ និងជាពលរដ្ឋឌីជីថល សម្រាប់សតវត្សទី ២១។ ៦.អនុវិស័យ ការអប់រំកាយ និងកីឡា ប្រធានបទ ៖ ការជំរុញចលនាយុវជនម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត៕
អត្ថបទ ៖ ស្រីរ័ត្ន




-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់