Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងបោះជំហានទៅឧស្សាហកម្មវប្បធម៌ ភាពយន្ត ការតែងនិពន្ធ និងថ្នាលគំនូរជីវចល

បានផុស

នៅ

ស្ថានទូតបារាំ​ងប្រចំាកម្ពុជា និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្មីមួយ​ឈ្មោះថា «ចតុ» ដើម្បីជួយគាំទ្រដល់ការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនកម្ពុជាដែល​មានទេពកោសល្យ​នៅ​ក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតនៅកម្ពុជា។ គម្រោងនេះទទួលហិរញ្ញវត្ថុ​ពី​មូលនិធិ Equipe France Création នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង  ហើយត្រូវអនុវត្តក្នុងភាពជាដៃគូជាមួយ​តួអង្គសំខាន់ៗនៃវិស័យវប្បធម៌កម្ពុជារួមមាន គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា, ​ផលិតកម្ម Anti-Archive, ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងតាំងពីខែតុលា ឆ្នាំ២០២៤ និងមានរយៈពេលមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានរួមចេញផ្សាយ នៅថ្ងៃទី​១៥ ខែមករានេះ បានបញ្ជាក់ថា គម្រោង «​ចតុ» មានគោលដៅពង្រឹងសមត្ថភាពយុវជន យុវនារីកម្ពុជាដែលមានទេពកោសល្យក្នុងវិស័យសំខាន់ៗចំនួន៤ គឺ ​គំនូរជីវចល ភាពយន្ត តន្ត្រី និងការរាំ។ កម្មវិធីនេះផ្តោតជាពិសេសលើសារសំខាន់នៃការតែងនិពន្ធក្នុងដំណើរការច្នៃប្រឌិត ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រឌិត។ កម្មវិធីខាងលើមានគោលដៅបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈតាមរយៈការផ្តល់ការអប់រំមួយស្របតាមតម្រូវការជាក់ស្តែងក្នុងស្រុក និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។

លោកស្រី Fanny Pagès នាយិកាប្រតិភូ និងជាមន្ត្រីទទួលបន្ទុកផ្នែកវប្បធម៌នៃវិទ្យាស្ថានបារាំងនៅកម្ពុជា មានប្រសាសន៍ថា «យើងដាក់ឈ្មោះកម្មវិធីនេះថា ចតុ ដោយសារពាក្យនេះឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និងលើកស្ទួយតម្លៃភាសា និងវប្បធម៌ខ្មែរ។ ចតុ មានន័យថាបួន ហើយជាពាក្យដ៏សំខាន់មួយនៅក្នុងវប្បធម៌ខ្មែរ។ ជាក់ស្តែង ពាក្យនេះត្រូវបានប្រើ​សំដៅលើទិសធំៗទាំងបួន សាលសន្និសីទចតុមុខដែលស្ថិតនៅចំណុចប្រសព្វនៃទន្លេទាំងបួន ឬ​ឈ្មោះ​ប្រវត្តិ​សាស្រ្ត​របស់រាជធានីភ្នំពេញជាដើម។  តាមរយៈឈ្មោះនេះ កម្មវិធីចតុស្ថិតនៅចំណុចប្រសព្វនៃវិស័យសំខាន់ៗបួន ដោយធ្វើឱ្យវិស័យទាំងនោះមានទំនាក់ទំនងគ្នា និងផ្តល់ភាពសម្បូរបែបឱ្យគ្នាទៅវិញទៅមក» ។ 

គម្រោង«ចតុ»មានគោលដៅសំខាន់ៗ៣គឺ៖ ការពង្រឹងសមត្ថភាពសិល្បៈ ការអភិវឌ្ឍសមត្ថភាពផ្នែកសហគ្រិនភាព​នៅក្នុង​វិស័យវប្បធម៌ និងការរៀបចំសិក្ខាសាលាកម្រិតតំបន់មួយ​ដែលផ្តោតលើឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។

ការបណ្តុះបណ្តាលគឺជាចំណុចចាប់ផ្តើមនៃកម្មវិធីនេះ ហើយសិក្ខាកាមមកពីតំបន់នានានឹងទទួលការបណ្តុះបណ្តាល​ដែលបង្ហាត់បង្រៀនដោយគ្រូជនជាតិបារាំងទៅតាមជំនាញរបស់ខ្លួន។ វគ្គបណ្តុះបណ្តាលទាំងនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់មធ្យោបាយចាំបាច់នានាដល់យុវជនក្នុងការដុសខាត់សមត្ថភាពបច្ចេកទេស និងពង្រីកវិសាលភាព​ ច្នៃប្រឌិតរបស់ពួកគេ។ ក្រោយពេលបញ្ចប់ការបណ្តុះបណ្តាល សិក្ខាកាមត្រូវអនុវត្ត​ជាក់ស្តែង ដោយបញ្ចេញសមត្ថភាពបង្កើតស្នាដៃសិល្បៈទៅតាមជំនាញរៀងខ្លួន ដូចជាផលិតគំនូរជីវចល សរសេរពាក្យពេចន៍តួអង្គ និពន្ធបទភ្លេង ឬបង្កើតក្បាច់រាំ ដែលបង្ហាញពីទម្រង់សិល្បៈចម្រុះនៃកម្មវិធីនេះ។

នៅចុងបញ្ចប់ ស្នាដៃសិល្បៈផ្សេងៗនឹងត្រូវបង្ហាញជូនសាធារណជនកម្ពុជាតាមរយៈព្រឹត្តិការណ៍មួយដែលអនុញ្ញាតឱ្យយុវជនយុវ​នា​​រីជាអ្នកច្នៃប្រឌិតបញ្ចេញស្នាដៃរបស់ខ្លួន។ ការបង្ហាញនេះមានគោលដៅធ្វើឱ្យមហា​ជន​ស្គាល់ពួកគេកាន់តែច្បាស់ និងរួមចំណែកយ៉ាងសកម្មក្នុងភាពរស់រវើកនៃវប្បធម៌ ដែលកំពុងរីកដុះដាលនៅកម្ពុជា។

ចំពោះដៃគូគម្រោង កម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលអំពីការផលិតគំនូរជីវចលពីរឿងនិទាន ដោយសហការជាមួយ​គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា ការបណ្តុះបណ្តាលអំពីការសរសេរពាក្យពេចន៍តួអង្គ ដោយសហការជាមួយផលិតកម្ម Anti-Archive និងការបណ្តុះបណ្តាលជំនាញភ្លេងនិងតន្រ្តី ដោយសហការជាមួយផលិតកម្មកងចក្រ។ ក្រៅពីនេះ កម្មវិធីចតុក៏ជួយជ្រោមជ្រែងសិល្បករក្នុងការបង្កើតក្បាច់រំាំថ្មីៗផងដែរ ដោយសហការជាមួយអង្គការសិល្បៈខ្មែរអមតៈ។ ការបណ្តុះបណ្តាលមានថិរវេលាជាមធ្យម៨ថ្ងៃ និងត្រូវធ្វើឡើងដោយគ្រូជនជាតិបារាំង ដែលក្រៅពីការបង្ហាត់បង្រៀន នឹងជួយជ្រោមជ្រែងសិក្ខាកាមក្នុងការបង្កើតស្នាដៃសិល្បៈ។

ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនឱ្យចូលសិក្សាវិញ យុវជនកម្ពុជាត្រូវបានជ្រើសរើសតាមរយៈការប្រកាសទទួលបេក្ខភាពដែលត្រូវបាន​ផ្សព្វផ្សាយនៅលើគេហទំព័រ និងបណ្តាញសង្គមរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា និងដៃគូ។ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានបទពិសោធន៍ និងត្រូវបង្ហាញគម្រោងសិល្បៈមួយ ដែលខ្លួនចង់បង្កើតឡើងនៅក្នុងជំនាញរបស់ខ្លួន។ បេក្ខជន៦០នាក់ដែលត្រូវបានជ្រើសរើស(១៥នាក់ក្នុងមួយមុខជំនាញ) មានឱកាសចូលរួមក្នុងវគ្គសិក្សាពេញម៉ោងដឹកនាំដោយគ្រូជនជាតិបារាំង ដែលនឹងផ្តល់ឱ្យពួកគេនូវចក្ខុវិស័យអន្តរជាតិ និងសមត្ថភាពដ៏មុតស្រួចក្នុងជំនាញនីមួយៗ។

សម្រាប់រយៈពេលវែង  កម្មវិធី«ចតុ»មានគោលដៅគាំទ្រដល់ខឿនវប្បធម៌ខ្មែរ ដោយផ្តល់ដល់យុវជន ដែលមានទេពកោសល្យនូវមធ្យោ​បាយចាំបាច់ដើម្បីអភិវឌ្ឍគម្រោងច្នៃប្រឌិតរបស់ខ្លួន។ អ្នកទទួលផលចុងក្រោយគឺមហាជន​កម្ពុជា ដែលអាចទស្សនាស្នាដៃនានាបង្កើតឡើងក្នុងពេលបណ្តុះបណ្តាល និងរួមចំណែកលើកស្ទួយកិត្យា​នុភាព​នៃឧស្សាហកម្មវប្បធម៌កម្ពុជា។ «ចតុ»មានគោលដៅយូរអង្វែង ដើម្បីពង្រឹងចំណងវប្បធម៌ និងច្នៃប្រឌិតរវាងកម្ពុជា និងបារាំង ដោយលើកកម្ពស់ភាពសម្បូរបែប និងភាពចម្រុះនៃទេពកោសល្យកម្ពុជា៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម