ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន ក្រុមMMO កុំព្រោះតែលុយប្រឌិតព័ត៌មានក្លែងក្លាយ រហូតភ្លេចវិជ្ជាជីវៈខ្លួន
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកបង្កើតមាតិកា អ្នកសារព័ត៌មាន ជាពិសេស ក្រុមMMO (Make Money Online) កុំព្រោះតែប្រយោជន៍ខ្លួន កុំព្រោះតែលុយ បង្កើតនូវព័ត៌មានក្លែងក្លាយដើម្បីបានប្រយោជន៍ពីការផ្សាយនោះ ធ្វើឱ្យប្រាស់ចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន។ ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីផ្សព្វផ្សាយ «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ»។

ការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ស្របពេលដែលនៅកម្ពុជា មានការកើនឡើងនូវព័ត៌មានក្លែងក្លាយចំនួនជាង៤០០ករណីក្នុងឆ្នាំ២០២៤ ពោល គឺនៅឆ្នាំ២០២៤ មានព័ត៌មានក្លែងក្លាយ៣,៦៥១ព័ត៌មាន បើធៀបនឹងឆ្នាំ២០២៣ មានតែ ៣,២០៨ព័ត៌មានប៉ុណ្ណោះ ដែលចំនួនកើនឡើងនេះ បានបង្កជាក្តីបារម្ភចំពោះការប៉ះពាល់ដល់កិត្តិយសជាតិ និងវិស័យទេសចរណ៍កម្ពុជា។

លោក នេត្រ ភក្ត្រា ស្នើឱ្យអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាសង្គម និងក្រុម MMO ប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈឱ្យបានល្អ គោរពនូវតម្លៃសង្គម កិត្តិយសជាតិ និងសីលធម៌។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ខ្ញុំក៏លើកទឹកចិត្តទៅដល់បងប្អូន សូមបង្កើតមាតិកាល្អៗអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ទីតាំងសក្តានុពលទេសចរណ៍ផ្សេងៗដែលមាននៅក្នុងប្រទេសកម្ពុជា ហើយចូលរួមផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍នៅតាមតំបន់ព្រោះអ្វីដែលយើងរុញ រដ្ឋាភិបាលរុញ មិនត្រឹមទាក់ទាញភ្ញៀវទេសចរណ៍ពីក្រៅទេ ក៏ប៉ុន្តែការជំរុញទេសចរណ៍នៅក្នុងស្រុក ហើយដើម្បីគាំទ្រលើការនាំចេញនៅនឹងកន្លែង»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តទៀតថា ការចូលរួមផ្សព្វផ្សាយនេះជារឿងសំខាន់ក្នុងការជួយទាក់ទាញទេចរមកកាន់កម្ពុជា។ បន្ថែមពីនេះ ក្រសួងព័ត៌មាន ក៏បានត្រៀមខ្លួនជាស្រេចក្នុងការជួយក្រសួងទេសចរណ៍ក្នុងការផ្សព្វផ្សាយនូវផែនការ និងគោលដៅទេសចរណ៍ឱ្យបានពេញលេញ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យទៅទស្សនានៅតំបន់ទេសចរណ៍ដែលមានសក្តានុពលនៅកម្ពុជាបានច្រើន។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា ក៏បានបញ្ជាក់ទៀតថា ក្រសួងព័ត៌មាន នឹងរៀបចំឱ្យមានយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយក្នុងពេលឆាប់ៗខាងមុខ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយពីព័ត៌មានក្លែងក្លាយកុំឱ្យប្រជាជនលង់ជឿនូវព័ត៌មានដែលមិនពិតទាំងអស់នេះ រួមទាំងការលុបបំបាត់ព័ត៌មានក្លែងក្លាយផងដែរ។ លោកក៏បានលើកឡើងថា ក្រសួងព័ត៌មាន បានសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការបង្ក្រាប ទប់ស្កាត់ នូវព័ត៌មានក្លែងក្លាយនៅកម្ពុជាផងដែរ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?