ព័ត៌មានជាតិ
ឱ្យសមនឹងទំហំទំនាក់ទំនង កម្ពុជាចង់ឱ្យចិនរៀបចំសមយុទ្ធយោធាកាន់តែធំសម្រាប់ឆ្នាំនេះ
ដើម្បីឱ្យស្របនឹងទំហំកិច្ចសហប្រតិបត្តិការលើវិស័យយោធា កម្ពុជាចង់ឱ្យភាគីចិនពង្រីកវិសាលភាពនៃការរៀបចំសមយុទ្ធនាគមាស រវាងកងទ័ពកម្ពុជា និងចិន កាន់តែធំសម្រាប់ឆ្នាំ២០២៥នេះ ពោលគឺប្រើសព្វាវុធទំនើបៗជាងឆ្នាំមុន។

បំណងនេះ ត្រូវបានបង្ហាញតាមរយៈនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាសដែលលោកទទួលជួបជាមួយនាយការិយាល័យអនុព័ន្ធយោធាថ្មីនៃកងទ័ពរំដោះប្រជាជនចិនប្រចាំកម្ពុជា លោកវរសេនីយ៍ឯកពិសេស ស៊ឹង តាជឺ (SHENG DAZHI) នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើឱ្យអនុព័ន្ធយោធាចិនថ្មីរូបនេះជួយជំរុញបន្ថែមពីការប្រុងប្រៀបរៀបចំផែនការសមយុទ្ធនាគមាស កម្ពុជា-ចិន ឆ្នាំ២០២៥ ធ្វើយ៉ាងណាពង្រីកវិសាលភាពការធ្វើសមយុទ្ធកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ ចំនួនយោធិន និងយុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ។

ជាការកត់សម្គាល់ ក្នុងឆ្នាំ២០២៤កន្លងទៅ កម្លាំងនៃកងយោធពលខេមរភូមិន្ទ និងកម្លាំងកងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធយោធារួមគ្នា ដែលហៅថា សមយុទ្ធនាគមាស លើកទី៦ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ សមយុទ្ធរបស់កងទ័ពកម្ពុជា និងចិន ឆ្នាំ២០២៤កន្លងទៅ មានកងកម្លាំងចូលរួមសរុបជាង ២ពាន់នាក់ ដែលក្នុងនោះ កងយោធពលខេមរភូមិន្ទ១ ៣១៥នាក់ កងទ័ពរំដោះប្រជាជនចិន ៧៦០នាក់ អមដោយសព្វាវុធទំនើបៗ មានរថយន្តប្រយុទ្ធ រថពាសដែកដែលបំពាក់សព្វាវុធ កម្រិតធ្ងន់ រួមទាំងដ្រូនបំពាក់អាវុធ និងឆ្កែរ៉ូបូតបំពាក់អាវុធ ជាជំនួយក្នុងប្រតិបត្តិការ ពិសេសមានទាំងសមយុទ្ធកងទ័ពជើងទឹក និងលំហរអាកាសផងដែរ។

នៅក្នុងជំនួបជាមួយអនុព័ន្ធយោធាថ្មី នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានស្នើដល់ភាគីចិនបន្តជំរុញលើការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ផ្លាស់ប្តូរព័ត៌មានចារកិច្ច ក្នុងគោលដៅប្រយុទ្ធប្រឆាំងក្រុមជ្រុលនិយម ទប់ស្កាត់បដិវត្តន៍ពណ៌ ទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេងៗ និងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ប្រភេទទ័ព។ លោក ជឿជាក់ថា អនុព័ន្ធយោធាថ្មីនឹងនាំយកបទពិសោធន៍លើវិស័យការទូតរបស់លោក ដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏អរគុណភាគីចិន ដែលបានជួយឧបត្ថម្ភក្នុងវិស័យការពារជាតិ ទាំងការបណ្តុះបណ្តាល ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថាននាយទាហានចម្រុះ ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ប្រព័ន្ធកាពារអាកាស ប្រព័ន្ធកាំជ្រួចស្វ័យប្រវត្តិ អាវុធធុនធ្ងន់គ្រប់ប្រភេទ និងការកសាងទីលានបាញ់គ្រាប់ពិតចម្រុះនៅសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ត (ភ្នំជុំរីករាយ) កម្រិតអន្តរជាតិ។

ជាការឆ្លើយតប លោកនាយការិយាល័យអនុព័ន្ធយោធាចិនថ្មី បានបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិនដ៏រឹងមាំ ក្នុងគោលដៅការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកកាន់តែសកម្មនិងខ្លាំងក្លាដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែប ឈានទៅសម្រចបានការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មី ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល