Connect with us

ព័ត៌មានជាតិ

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

បានផុស

នៅ

ក្នុងពេលសង្រ្គាមរុស្ស៊ី ជាមួយអ៊ុយក្រែន កំពុងតែអូសបន្លាយ និងបន្តប្រយុទ្ធគ្នា ហើយប្រទេសជាដៃគូររបស់អ៊ុយក្រែនមួយចំនួនបានផ្ដល់ជំនួយយោធាសម្រាប់បន្តធ្វើសង្គ្រាម, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ប្រទេសដែលជាមិត្តរបស់អ៊ុយក្រែន គួរលើកទឹកចិត្តឱ្យអ៊ុយក្រែន-រុស្ស៊ី ឈានទៅរកកិច្ច ជាជាងរារាំងមិនឱ្យចរចា និងជំរុញឱ្យភាគីទាំងពីរប្រយុទ្ធគ្នាដោយមិនស្រាកស្រាន្ត។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះ នៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លើទំព័រហ្វេសប៊ុកផ្លូវការ ដោយសរសេរជាភាសាខ្មែរផង និងភាសាអង់គ្លេសផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានការលើកឡើងថា ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព​ និង ថ្មីៗនេះប្រមុខណាតូ បាននិយាយថា «អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ»។ ជុំវិញការលើកឡើងទាំងនេះ  សម្ដេចតេជោ អះអាងថា សម្ដេចប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។

ការណ៍នេះនាំឱ្យសម្ដេចតេជោ ចោទជាសំណួរថា «តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង?»

សម្ដេចតេជោ បន្ថែមថា សម្រាប់សម្ដេចប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សឹបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការវានៅតែប៉ុណ្ណឹង។

បុរសខ្លាំងនៅកម្ពុជាវាយតម្លៃថា ការជាក់ស្តែងរយៈពេលកន្លងមកនេះកម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការកាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ សម្ដេចចាត់ទុកនយោបាយទណ្ឌកម្មនេះប្រៀបដូចជា «ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង»។

បើតាមសម្ដេចតេជោ ហ៊ុន សែន បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។ សម្ដេចតេជោ ថា មិត្តភក្តិ​បរទេសគួរលើកទឹកចិត្ត ឲ្យចរចាជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់។ បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាពនិងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។

សម្ដេច បន្ថែមការយល់ឃើញបែបនេះ៖ «ខ្ញុំគិតថាករណីអ៊ុយក្រែន ក៏ដូចគ្នាគឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថាតើគួរចរចា ឬមិនចរចាមិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ»

គួរឱ្យដឹងថា កង​កម្លាំង​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០២៥ បានបើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ និង​ចូល​ជ្រៅ​បំផុត​មួយ​មិន​ធ្លាប់​មាន​​​ទៅ​លើ​ទឹក​ដី​រុស្ស៊ី គិត​ចាប់​តាំង​ពី​ការ​​ផ្ទុះ​​សង្គ្រាម​រយៈពេល​ជិត​៣​ឆ្នាំ​មក​នេះ។

យោង​តាម​​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន ការ​វាយ​ប្រហារ​តាម​ដែន​អាកាស​នេះ បាន​​ចូល​ជ្រៅ​ទៅក្នុង​ទឹក​ដី​រុស្ស៊ី​ដែល​ស្ថិត​នៅ​ចម្ងាយ​​ចន្លោះ​ពី ២០០​គីឡូម៉ែត្រ រហូត​ដល់ ១ ១០០​គីឡូម៉ែត្រ។ អ៊ុយក្រែន ថា គោលដៅ​​ដែល​បាន​កំណត់​ក្នុង​ការ​វាយ​ប្រហារ​មាន​ដូចជា តំបន់ Bryansk, Saratov, Tula​​ និង Tatarstan ដែល​​សុទ្ធ​តែ​ជា​តំបន់​សំខាន់​ ហើយ​សម្បូរ​ទៅ​ដោយ​​កន្លែង​ស្ដុក​ប្រេង រោងចក្រ​គីមី រោងចក្រ​ផលិត​អាវុធ និង​រោងចក្រ​ចម្រាញ់​ប្រេង​ ជា​ដើម។

ក្រសួង​​ការពារ​ជាតិ​រុស្ស៊ី បាន​ប្រកាស​ថា ខ្លួន​នឹង​សងសឹក​ចំពោះ​ការ​វាយ​ប្រហារ​​ដោយ​ដ្រូន និង​មីស៊ីល​​ខ្នាត​ធំ​នេះ​​ជាក់​ជា​មិន​ខាន ហើយ​បាន​ចោទ​ប្រកាន់​អ៊ុយក្រែន​​ម្ដង​ទៀត​​ថា​បាន​ប្រើប្រាស់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស។ បន្ថែម​ពី​នេះ រុស្ស៊ី បាន​អះអាង​ថា ភាគច្រើន​នៃ​គ្រាប់​ផ្លោង​របស់​អ៊ុយក្រែន ត្រូវ​បាន​ស្ទាក់​ចាប់​​ដោយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​របស់​ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១៤ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៥ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម