ព័ត៌មានជាតិ
អ៊ីរ៉ង់ចង់ធ្វើកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មយោធាជាមួយកម្ពុជា
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Ali Akbar Nazari បានលើកឡើងប្រាប់រដ្ឋមន្ត្រីការពារជាតិកម្ពុជាថាប្រទេសលោកបានត្រៀមខ្លួនក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកកងទ័ព រួមទាំងឧស្សាហកម្មយោធាជាមួយនឹងកម្ពុជា។

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការពារជាតិលោកអគ្គរដ្ឋទូត Nazari ថាប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មយោធា និងសហការកងទ័ព ព្រមទាំងចែករំលែកនូវបទពិសោធន៍យោធារបស់ខ្លួនដល់កម្ពុជាផងដែរ។
ក្រសួងការពារជាតិបានដកស្រង់ប្រសាសន៍លោកចុះផ្សាយថា៖ «យើងបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា មិនថាកងទ័ពជើងគោក ជើងអាកាស ហើយពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រយោធា គឺបានសម្រេចគោលដៅល្អៗជាច្រើន និងបានត្រៀមជាស្រេចក្នុងការចែករំលែកនូវបទពិសោធ ចំណេះដឹង និងសមិទ្ធិផលដល់ប្រទេសកម្ពុជា»។
លោកក៏បានអញ្ជើញរដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា ធ្វើទស្សនកិច្ចនៅសាធារណរដ្ឋអ៊ីរ៉ង់ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបង្ហាញសង្ឃឹមថាការជួបគ្នានៅពេលនេះនឹងបើកទំព័រថ្មីនាពេលខាងមុខហើយជួយពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ប្រជាជន និងកងទ័ពទាំងពីរផងដែរឲ្យកាន់តែល្អប្រសើរ។
ចំពោះសំណើរទៅទស្សនកិច្ចនៅអ៊ីរ៉ង់លោកឧបនាយករដ្ឋមន្ត្រីថានឹងរកពេលវេលាសមស្របណាមួយ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ច។

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវិត យល់ថាជារឿងល្អរាល់កិច្ចសហប្រតិបត្តិការយោធាណាដែលបម្រើទៅដល់សន្តិសុខជាតិ និងថែររក្សាសន្តិសុខសកល។
លោកថា៖ «កិច្ចសហប្រតិបត្តិការយោធាជាមួយនឹងអ៊ីរ៉ង់ ក្នុងកម្រិតណាមួយដែលកម្ពុជាអាចទាញយកប្រយោជន៍ និងផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរគឺជារឿងល្អ ជាពិសេសលើការចែករំលែកព័ត៌មាននិងវគ្គបណ្តុះបណ្តាលជំនាញយោធា ជំនួយសព្វាវុធផ្សេងៗ និងការចែករំលែកបច្ចេកវិទ្យា ដែលជួយដល់កងទ័ពកម្ពុជាក្នុងការបង្កើនសមត្ថភាពយោធា និងជាមូលដ្ឋានគ្រឹះក្នុងកិច្ចសហប្រតិបត្តិការផ្សេងៗនាពេលអនាគត»។
ឧស្សាហកម្មយោធារបស់អ៊ីរ៉ង់ចាប់ផ្ដើមនៅឆ្នាំ១៩៧៣ និងកាន់តែខ្លាំងក្លាឡើងក្រោយសង្គ្រាមអ៊ីរ៉ង់-អេរ៉ាក់ឆ្នាំ១៩៨៨។ ប្រទេសនេះចាប់ផ្ដើមផលិតរថក្រោះ រថពាសដែក មីស៊ីល យន្ដហោះចម្បាំង រួមទាំងនាវាមុជទឹកផ្ទាល់ខ្លួននៅឆ្នាំ១៩៩៣។
យោងតាមគេហទំព័រ Golbalfirepower.com ក្នុងឆ្នាំ២០២៥នេះបានចាត់ថ្នាក់អំណាចយោធាប្រទេសអ៊ីរ៉ង់ក្នុងលំដាប់ថ្នាក់១៦លើ១៤៥ប្រទេស ស្ថិតក្នុងអំណាចទ័ពធំៗទាំង២០ក្នុងពិភពលោក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ