ព័ត៌មានជាតិ
ស្ត្រីម្នាក់ដេកក្នុងអង្រឹងក្រោមដើមឈើក្រោយផ្ទះ ត្រូវហ្វូងឃ្មុំទិចបណ្តាលឱ្យស្លាប់ភ្លាមៗនៅខេត្តមណ្ឌលគិរី
ស្ត្រីម្នាក់ត្រូវហ្វូងឃ្មុំចង្អេរទិចជាច្រើនកន្លែងពេលកំពុងដេកសម្រាកនៅក្នុងអង្រឹងក្រោមដើមឈើក្រោយផ្ទះ នៅក្នុងខេត្តមណ្ឌលគិរី។ ស្ត្រីរងគ្រោះរូបនេះ បានដាច់ខ្យល់ស្លាប់ភ្លាមៗ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដើម្បីព្យាបាលសង្រ្គោះជីវិត។

ជនរងគ្រោះ មានឈ្មោះ អឹម វណ្ណេត ភេទស្រីអាយុ៤៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ សាក្សីនៅកន្លែងកើតហេតុត្រូវជាកូនធម៌ជនរងគ្រោះមានឈ្មោះ ឈាង បូរ៉ា ភេទប្រុស អាយុ២៤ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម្តាយធម៌របស់ខ្លួនសម្រាកក្នុងអង្រឹងនៅក្រោយផ្ទះក្រោមដើមឈើរបស់ខ្លួន បានមួយស្របក់ធំ ស្រាប់តែឮមាត់ម្តាយធម៌ស្រែកឱ្យជួយភ្លាម ហើយខ្លួនក៏រត់ទៅមើលក៏ប្រទះឃើញឃ្មុំចង្អេរមួយសំបុកធំកំពុងរោមទិចគាត់ភ្លាមនោះ ខ្លួនក៏រត់ទៅយកភួយមកគ្របដណ្តប់ពីលើ ហើយក៏ប្រាប់គាត់ថា នាំគ្នារត់ចេញទៅ ប៉ុន្តែ គាត់បានប្រាប់ថាគាត់រត់មិនរួចទេ រួចក៏ដួលទៅផ្ទាល់ដីលែងដឹងខ្លួនតែម្ដង។

សាក្សីរូបនេះបន្ថែមថា ក្រោយមក ខ្លួនក៏បានរត់ទៅហៅអ្នកជិតខាងមកជួយដឹកម្តាយធម៌ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែអកុសល ពេលទៅដល់មន្ទីរពេទ្យ លោកគ្រូបានពិនិត្យ រួចប្រាប់ថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិ ពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោក ផ្លង ជំនិត អធិការនគរបាលស្រុកពេជ្រាដា បានឱ្យដឹងថា សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យបានរកឃើញទ្រនិចឃ្មុំចង្អេរចំនួន៦៧កន្លែង និងពិនិត្យជុំវិញកន្លែងកើតហេតុ និងទៅលើដងខ្លួនអវៈយវៈពុំមានឃើញស្នាមដាច់រលាត់អ្វីឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺជនរងគ្រោះបានស្លាប់ដោយសារឃ្មុំចង្អេរទិចពិតប្រាកដមែន។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅភូមិកើតហេតុខាងលើ៕

ដោយ៖ រៀម សុខហេង

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង