ព័ត៌មានជាតិ
ក្រសួងការងារ តម្រូវឱ្យកម្មកររាយការណ៍ ករណីថៅកែគិតប្រាក់ឈ្នួល ឬ ប្រាក់បំណាច់អតីតភាពការងារ មិនត្រូវតាមច្បាប់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់កម្មករ-និយោជិតទាំងអស់ ត្រូវរាយការណ៍មកអធិការកិច្ចការងារក្នុងករណីសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ ឬ ប្រាក់អត្ថប្រយោជន៍ ផ្សេងៗ អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ និងមិនត្រូវយកជម្រើសតវ៉ាបិទផ្លូវដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារចុះថ្ងៃទី ១៨ មករា បានណែនាំ និងក្រើនរំលឹកដល់ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៥ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ តទៅ ដោយត្រូវទូទាត់ចំនួន ២ ដង ក្នុង ១ ខែ។

ទន្ទឹមនឹងនេះ ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន ២ ដង ក្នុង ១ ឆ្នាំ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ-និយោជិត ឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬ គណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារកើតឡើង អធិការការងារ នឹងចាត់វិធានការផាកពិន័យសហគ្រាស គ្រឹះស្ថាននោះ យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន។

ក្រសួងការងារ បានបន្តថា «ក្នុងករណីសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់អត្ថប្រយោជន៍ ផ្សេងៗ អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ សូមបងប្អូនកម្មករនិយោជិត ឬ សហជីព ដែលជាតំណាងរបស់បងប្អូនកម្មករ-និយោជិត ជូនដំណឹងមកអធិការការងារ តាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ ១២៩៧ ឬ ១២៨៦ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន ចៀសវាងការយកជម្រើសតវ៉ាតាមរយៈការបិទផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានដល់ការប្រព្រឹត្តល្មើសច្បាប់ជាយថាហេតុ»។

ក្រសួងការងារ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន និង កម្មករ-និយោជិតទាំងអស់ ចូលរួមអនុវត្តតាមខ្លឹមសារសេចក្ដីណែនាំនេះប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាកម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ ២០២៥ នេះ ទទួលបាន ២០៨ ដុល្លារ កើនឡើង ៤ ដុល្លារ បើធៀបទៅនឹងប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០២៤ ដោយមិនគិតពីអត្ថប្រយោជន៍ផ្សេងៗ និងប.ស.ស ឡើយ៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ