ព័ត៌មានជាតិ
ឆ្នាំ ២០២៥ ខេត្តសៀមរាប នឹងបន្តបោះបង្គោលព្រំតំបន់ ២ ចំនួន ៤៧២ បង្គោលទៀត ដើម្បីការពារជីវចម្រុះបឹងទន្លេសាប
បើតាមលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅឆ្នាំ ២០២៥ ក្រុមការងារនឹងបន្តបោះបង្គោលព្រំតំបន់ ២ ចំនួន ៤៧២ បង្គោលទៀត ដើម្បីការពារជីវចម្រុះ និងសម្បត្តិធនធានធម្មជាតិក្នុងបឹងទន្លេសាប។
ក្នុងដំណើរចុះទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប និងចុះពិនិត្យបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់ ៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្នុងខេត្តសៀមរាប បន្ទាប់ពីការផ្ទៀងផ្ទាត់ធ្វើបច្ចុប្បន្នភាពឆ្នាំ២០២៤ ទំហំផ្ទៃដីបឋម តំបន់១ មានទំហំ ៦៦ ៧០០,៩០ ហិកតា តំបន់២ មានទំហំ ៩០ ៣៥២ ហិកតា និងតំបន់ ៣ មានទំហំ ១០០ ៨០៥,៦០ ហិកតា ព្រមទាំងមានបង្គោលព្រំតំបន់៣ ចំនួន ២៩៩បង្គោល ដែលត្រូវបានបោះចប់សព្វគ្រប់ ១០០% កាលពីឆ្នាំ២០២៤ ហើយនៅឆ្នាំ២០២៥ ក្រុមការងារនឹងបន្តបោះបង្គោលព្រំតំបន់ ២ ចំនួន ៤៧២ បង្គោលទៀត។

បឹងទន្លេសាបចែកចេញជា ៣ តំបន់ ដែលតំបន់១ គឺជាតំបន់ប្រជាពលរដ្ឋរស់នៅ ដែលមានបណ្ណកម្មសិទ្ធិស្របច្បាប់ចេញពីរដ្ឋាភិបាល។ តំបន់២ គឺជាតំបន់អាស្រ័យផល ដែលពលរដ្ឋមានសិទ្ធិត្រឹមតែអាស្រ័យផល និងតំបន់៣ គឺជាតំបន់ដែលត្រូវការពារ និងហាមប៉ះពាល់ជាដាច់ខាត។
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំគណៈប្រតិភូសមាជិកអាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តពាក់ព័ន្ធ ធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប ដើម្បីចុះសិក្សាស្វែងយល់ពីបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់ ៣ សហគមន៍អភិរក្សជីវៈចម្រុះបឹងពារាំង និងស្ថានីយបូមទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
លោករដ្ឋមន្ត្រី និងគណៈប្រតិភូអន្តរក្រសួងបានចុះពិនិត្យបង្គោលព្រំតំបន់៣ និងតំបន់អភិរក្សជីវៈចម្រុះបឹងពារាំង ព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ដែលបង្កើតឡើងតាំងពីឆ្នាំ២០១៦ ស្ថិតនៅប៉ែកខាងត្បូងជាប់បឹងទន្លេសាបក្នុងតំបន់៣ ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។


ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ព្រមទាំងអាជ្ញាធរមូលដ្ឋានក៏បានធ្វើទស្សនកិច្ចនៅស្ថានីយបូមទឹកជ្រាវ ដែលបម្រើឱ្យការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ស្ថិតនៅជាប់មាត់បឹងទន្លេសាប ក្នុងតំបន់៣ ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប។
ឆ្លើយតបទៅនឹងសំណូមពររបស់សហគមន៍ ដែលស្នើសុំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានជាអាទិ៍ ប្រឡាយទឹក និងផ្លូវធ្វើដំណើរជាដើម លោករដ្ឋមន្ត្រីបានលើកឡើងបញ្ជាក់ថា នៅក្នុងតំបន់ ៣ ច្បាប់បានចែងយ៉ាងច្បាស់ជាតំបន់ហាមឃាត់ដាច់ខាត មិនអាចប៉ះពាល់បានទេ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានស្នើឱ្យរដ្ឋាករទឹកស្វយ័តខេត្តសៀមរាប រៀបចំធ្វើបច្ចុប្បន្នភាពលើបរិមាណតម្រូវការទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃក្នុងខេត្តសៀមរាបនៅរដូវប្រាំង និងរដូវវស្សា ដោយធ្វើការសិក្សាទាំងតម្រូវការក្នុងបណ្តាញ និងក្រៅបណ្តាញ ហើយរាយការណ៍មកក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជាឯកសារយោងក្នុងការធ្វើផែនការវិនិយោគនាពេលអនាគត៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?