ព័ត៌មានជាតិ
បេក្ខជនប្រកួតសំណេរអង្គរមិនសូវរំពឹងពី លទ្ធផលតែរីករាយនឹងចូលរួមច្រើនជាង
មនុស្សកុះករបានចូលតុកៅអីរបស់ខ្លួនរៀងៗខ្លួននៅស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត តាំងពី ថ្ងៃមិនទាន់រះ ក្រោមសីតុណ្ហភាពត្រជាក់១៨អង្សារ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។ ពិតណាស់នេះជាព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈសំណេរអង្គរលើកទី២ ឬហៅកាត់ខ្លីថាសំណេរអង្គរ។

មានបេក្ខជនចូលរួមប្រកួត ១ ២២០អង្គ/នាក់ មកពីស្ទើរគ្រប់ខេត្តរាជធានីចូលរួមប្រកួតនេះ។ តាមការប្រកាសពីតំណាងក្រុមស្ថាបនិកការប្រកួតសរសេរតាមអាននេះគឺលោក លីម ប៊ុនហុក មានតែខេត្ត៣ប៉ុណ្ណោះដែលមិនមានអ្នកមកប្រកួត ខេត្តព្រះសីហនុ ខេត្តកែប ខេត្តមណ្ឌលគិរី។ អ្នកចូលរួមពីខេត្តសៀមរាប៥០០នាក់ ភ្នំពេញ២០០នាក់ បាត់ដំបង១០០នាក់។
បេក្ខជន អ៊ឹមបញ្ញា វិសាល មកពីខេត្តបន្ទាយមានជ័យថាលោកស្រលាញ់ភាសាខ្មែរជាខ្លាំងចំពោះការមកនេះក៏កើតចេញពីការស្រលាញ់នេះផងដែរ។ ទោះបីមិនសង្ឃឹមច្រើនដោយលោកថាមិនរំពឹងលើលទ្ធផលនោះទេតែគឺជាការចូលរួមសំខាន់ជាង។

លោក វិសាល៖ «វាជាមេរៀនមួយថ្មីសម្រាប់យើងហើយជាពិសេសការចូលរួមនេះជាការចូលរួមជាសធារណៈដែលអាចអនុញ្ញាតឱ្យគ្រប់ស្រទាប់យុវជនចូលបានអ៊ីចឹងវាជារឿងមួយដែលល្អមែនទែន»។
យុវតី ស្រេង សុជីញ អាយុ១៧ឆ្នាំ មកពីខេត្តសៀមរាប ថានេះជាលើកទី១ដែលបានចូលរួមនិងមានទំនុកចិត្តលើការសរសេររបស់ខ្លួន ទោះជាយ៉ាងណាសុជីញក៏មិនផ្ដោតខ្លាំងពេកលើលទ្ធផលដែរ។
ស្រេង សុជីញ៖ «ខ្ញុំគិតថាការចូលរួមមួយហ្នឹងវាល្អមែនទែនសម្រាប់យើងជាកូនខ្មែរមួយរូបយើងត្រូវតែចូលរួម ហើយអក្សរសាស្ត្ររបស់យើងវាល្អប្រពៃមែនទែន»។

ទើបតែជូនកូន២នាក់ដែលទើបតែមានអាយុ១៥និង១៦ឆ្នាំចូលតុប្រឡងអ្នកស្រី ដួង ណារី ថាក្រុមគ្រួសារអ្នកស្រីឡើងមកពីខេត្តតាកែវតាំងពីថ្ងៃទី១៨ ខែមករា។ ទោះបីមិនរំពឹងលើលទ្ធផលតែអ្នកស្រីថាការចូលរួមនេះអាចធ្វើឱ្យកូនអ្នកស្រីមានភាពក្លាហាន ស្គាល់ពីតម្លៃនៃអក្សរខ្មែរ។
អ្នកស្រី ដួង ណារី៖ «ខ្ញុំលើកទឹកចិត្តគាត់ថាទោះបីជាមិនបានជ័យលាភីតែចង់បណ្ដុះគាត់ឱ្យមានភាពក្លាហានឱ្យស្គាល់ពីការប្រឡង ស្គាល់ពីតម្លៃនៃការសរសេរអក្សរខ្មែរយើង»។
តាមការប្រកាសឱ្យដឹងពីអ្នករៀបចំការប្រកួតនេះក៏មានការចូលរួមពីជនបរទេស និងអណិកជនខ្មែរផងដែរ។

រេដេកា ស្តូននឺ ជាជនជាតិអាមេរិកាំងរស់នៅកម្ពុជា២ឆ្នាំមកហើយដោយបានរៀនសរសេរអក្សរខ្មែរ និងនិយាយភាសាខ្មែរបានច្បាស់ផងនោះថាការរៀបចំនេះល្អដែលលើកទឹកចិត្តដល់ការប្រើប្រាស់ភាសាជាតិឱ្យបានទូលំទូលាយ។
រេដាកា៖ «ខ្ញុំចង់លើកទឹកចិត្តមនុស្សដើម្បីប្រើអក្សរខ្មែរ ខ្ញុំមានមិត្តភ័ក្រខ្មែរខ្លះខ្ញុំឆាតខ្ញុំសរសេរខ្មែរទៅគេ តែគេសរសេរពាក្យខ្មែរតែអក្សរអង់គ្លេស។ ខ្ញុំមានអារម្មណ៍ថាបើយើងចង់ថែរក្សាអក្សរខ្មែរយើងត្រូវរៀនសរសេរអក្សរខ្មែរឱ្យបានត្រឹមត្រូវ»។
ក្នុងពិធីបើកនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះមានការចូលរួមពីរដ្ឋមន្ត្រីវប្បធមលោកស្រី ភឿង សុកុណា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមុខងារសាធារណៈលោក ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីអប់រំលោក ហង់ជួន ណារ៉ុនផងដែរ។

ថ្លែងក្នុងពិធីបើកលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថាកម្មវិធីប្រកួតដែលធ្វើឡើងនៅអង្គរវត្តបានបង្ហាញពីការផ្សាភ្ជាប់អត្តសញ្ញាណជាតិ និងជាវេទិកាដ៏មានសារសំខាន់ក្នុងការលើតម្លៃវប្បធម៌ជាតិ និងអត្តសញ្ញាណជាតិខ្មែរ។
លោកថា៖ «សកម្មភាពនេះនឹងក្លាយជាចលនាជំរុញស្មារតីលើកតម្កើនអក្សរសាស្ត្រជាតិរបស់ប្រជាជនខ្មែរផងដែរ»។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានលើកឡើងដែរថាការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតដំបូងគឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សានិងធានាបានការសិក្សាដោយជោគជ័យនៅគ្រប់កម្រិត។ ក្នុងន័យនេះក្រសួងអប់រំបានសម្រេចដាក់ឱ្យអនុវត្តន៍ឡើងវិញនូវការសរសេរតាមអាននៅឆ្នាំ២០១៤។

លោកបន្ថែមថាការសរសេរតាមអានសំណេរអង្គរនៅពេលនេះក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមត្ថភាពក្នុងការសរសេរឱ្យបានត្រឹមត្រូវដែលជាបំនិនយ៉ាងសំខាន់ក្នុងការសរសេរ និងអក្សរសិល្ប៍ខ្មែរ។
លោកថា៖ «យើងមិនត្រឹមតែបានឮនូវអត្ថបទដែលខ្ញុំបានអានប៉ុណ្ណោះទេ តែយើងនឹងទទួលបាននូវពន្លឺពណ្ណរាយនៃអក្សរសាស្ត្រខ្មែរដែលកំពុងរះយ៉ាងចែងចាំងបីដូចជាពន្លឺព្រះសូរិយាដែលកំពុងរះនៅពេលនេះយ៉ាងដូច្នេះដែរ»។
វិញ្ញាសារសំណេរអង្គរនៅឆ្នាំនេះគឺ «សៀមរាប-អង្គរ គឺជារតនសម្បត្តិសេដ្ឋកិច្ចវប្បធម៌» ដែលបានរំលេចពីភាពអស្ចារ្យនៃអច្ឆរិយៈវត្ថុពិភពលោកមួយនេះ។ អានដោយឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដោយផ្ទាល់បានរំលឹកពីប្រវត្តិសាស្ត្រនៃការកសាង ភាពទាក់ទាញរបស់អង្គរវត្តដែលបានផ្ដល់ចំណូលរាប់រយលានដុល្លារ និងបង្កើតការងារផ្ទាល់ និងប្រយោជន៍ដល់ពលរដ្ឋខ្មែររាប់ម៉ឺនសែននាក់ រួមទាំងភាពអស្ចារ្យនៃព្រឹត្តិការណ៍សមរាត្រី។

ការរៀបរាប់ពីសិលាចារឹកដែលបានបង្ហាញពីទឹកចិត្តស្នេហាជាតិខ្មែរដោយបានចារឹកថា៖ «បើផលដែលកើតចេញពីបុណ្យរបស់ខ្ញុំមានមែន ជាតិក្រោយៗសូមឱ្យខ្ញុំឆាប់មកកើតនៅកម្ពុជាទៀត»។
ពាក្យចុងក្រោយនៃសំណេរអង្គរនេះបានលើកឡើងថា រមណីយដ្ឋានអង្គរគឺជាទេវស្ថានជាទីសក្ការៈបូជា និងជាកន្លែងដែលមនុស្សជាមួយនឹងទេវៈ។
ចំពោះលទ្ធផលនៃសំណេរអង្គរលើកទី២នឹងប្រកាសនៅរសៀលថ្ងៃដដែលជាមួយក្ដីរំភើបរីករាយជាក្រៃលែង៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ