ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន រម្លឹកពីយុទ្ធសាស្ត្រដោះស្រាយបញ្ហាស្រូវរបស់ប្រជាកសិករ កាលពីកំឡុងឆ្នាំ១៩៩៤
សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីយុទ្ធសាស្ត្រនៃកិច្ចអន្តរាគមន៍ពាក់ព័ន្ធនឹងការសង្គ្រោះស្រូវរបស់ប្រជាកសិករកាលពីឆ្នាំ១៩៩៤ ដោយកាលណោះ សម្ដេចតេជោ បានប្រើយុទ្ធសាស្ត្រចំនួន៣ ដោយផ្ដោតលើការដោះស្រាយបញ្ហាទឹក ការបង្កើនរដូវដាំដុះ និងការផ្លាស់ប្ដូពូជស្រូវ។ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ថា សុខចិត្តច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត។

«ច្រូតស្រូវក្នុងទឹកប្រសើរជាងគ្មានស្រូវច្រូត» ដែលជាទ្រឹស្តីរបស់សម្ដេច ហ៊ុន សែន បានថ្លែងកាលពីថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ១៩៩៤ បន្ទាប់ពីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់ប្រជាជននៅឃុំពត់សរ ស្រុកបាទី និងស្រុកខ្លះទៀតនៅខេត្តតាកែវ និងខេត្តកណ្តាល។ តាមរយៈសំណេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ សម្ដេចតេជោ បានរម្លឹកពីការចុះជួយសង្រ្គោះស្រូវប្រជាជន ដែលកំពុងខ្វះទឹកនៅឃុំពត់សរ ស្រុកបាទី និងស្រុកផ្សេងទៀតនៅខេត្តតាកែវ និងកណ្តាល។
សម្ដេចតេជោ បានរៀបរាប់ឱ្យដឹងថា ក្នុងចន្លោះឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩២ សម្ដេចបានដឹកនាំចលនាដោះស្រាយទឹកជូនប្រជាកសិករ ដើម្បីធ្វើកសិកម្ម តែជាអកុសល នៅឆ្នាំ១៩៩៣ ក៏មានការផ្លាស់ប្តូររដ្ឋាភិបាល ដែលខណៈក្រុមចំណូលថ្មីដែលមកពីបរទេសបាននាំមកទ្រឹស្តីនិងការអនុវត្តបែបល្ងិតល្ងង់នូវសេដ្ឋកិច្ចទីផ្សារដោយបោះបង់ចោលអន្តរាគមន៍ចំពោះកសិករ ដែលធ្វើឱ្យប្រឡាយមេ និងម៉ាស៊ីនបូមទឹកធុនធំជាច្រើនមិនត្រូវបានប្រើប្រាស់ និងទុកចោល។

តាមសំណេររបស់សម្ដេចតេជោ គឺក្រោយការអនុវត្តបែបនេះ កសិករនៅឃុំពត់សរប្រហែល១០០នាក់ បានទៅប្រមូលផ្តុំនៅមុខផ្ទះរបស់សម្ដេចនៅវិមានឯករាជ្យចំថ្ងៃសំពះព្រះខែ ១៨ វិច្ឆិកា ឆ្នាំ១៩៩៤ ដើម្បីស្នើឱ្យសម្ដេចសង្រ្គោះស្រូវរបស់ពួកគាត់ ដែលកំពុងខ្វះទឹក។ សម្ដេច ក៏ប្រញ៉ាប់ចុះទៅឃុំពត់សរ ដោយបោះបង់ចោលកម្មវិធីនៅភ្នំពេញ រាប់ទាំងកម្មវិធីដង្ហែព្រះមហាក្សត្រក្នុងពិធីសំពះព្រះខែក្នុងព្រះបរមរាជវាំង និងបិទកម្មវិធីប្រណាំងទូកផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឆ្លងកាត់គ្រោះរាំងស្ងួតកាលពីឆ្នាំ១៩៩៤ សម្ដេចបានកត់សម្គាល់ និងកែលើចំណុច ៣ គឺដំបូង សម្ដេចបានសម្រេចបញ្ចប់នយោបាយឆ្កួតលីលារបស់ក្រុមចំណូលថ្មីនៃសេដ្ឋកិច្ចទីផ្សារ ដែលបោះបង់ចោលអន្តរាគមន៍ចំពោះកសិករ ដោយអនុវត្តឡើងវិញនូវនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ ដែលសម្ដេចបានដឹកនាំធ្វើតាំងពីឆ្នាំ១៩៨៥មក។ ខណៈខែកក្កដា ឆ្នាំ១៩៩៨ ជាពេលដែលគណបក្សប្រជាជនឈ្នះឆ្នោត សម្ដេចតេជោក៏ផ្តួចផ្តើមបង្កើតក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជំរុញដោះស្រាយទឹកជូនប្រជាជន សំដៅជំរុញវិស័យកសិកម្ម។

រីឯចំណុចទី២ សម្ដេចតេជោ ជំរុញឱ្យផ្លាស់ពូជដោយប្តូរពីស្រូវធ្ងន់ប្រើពេលយូរមកស្រូវស្រាលប្រើរយៈពេលខ្លីវិញ ដើម្បីឆាប់ទទួលបានទិន្នផល។ ក្នុងន័យនេះ សម្ដេចតេជោកត់សម្គាល់ថា បញ្ហាពូជ បានចោទជាបញ្ហាកាលពីជាង៣០ឆ្នាំមុន ហើយក៏បាននិងកំពុងចោទជាបញ្ហានៅពេលនេះដែរ។
តែយ៉ាងណា សម្ដេចលើកឡើងថា «ពីមុនរកពូជស្រូវស្រាលឆាប់បានផល ព្រោះយើងខ្វះស្បៀង តែពេលនេះយើងសល់ស្រូវ៦ ទៅ ៧លានតោន។ ពេលនេះកសិករផលិតមិនត្រឹមតែសម្រាប់ច្រកឆ្នាំងប៉ុណ្ណោះទេ គឺត្រូវការលក់ទៅកាន់ទីផ្សារ។ ដូច្នេះ កសិករយើងត្រូវតែប្រើពូជដែលទីផ្សារត្រូវការទើបមានផលចំណេញ។ ពូជស្រូវក្នុងស្រុកកំពុងពេញនិយមទាំងនៅក្នុងប្រទេស និងនៅទីផ្សារក្រៅប្រទេស»។

ដោយឡែកចំណុចចុងក្រោយ ដែលសម្ដេចចាត់ទុកជាយុទ្ធសាស្ត្រ គឺការបង្វែរពីការអភិវឌ្ឍតាមបែបបើកទូលាយទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ តាមរយៈការខិតខំដោះស្រាយទឹក បង្កើនរដូវដាំដុះ ការប្រើពូជបច្ចេកទេស ធ្វើប្រពលវប្បកម្មបង្កើនទិន្នផល ដោយធ្វើយ៉ាងនេះ នឹងកាត់បន្ថយនូវការកាប់ព្រៃឈើ ធ្វើស្រែចំការនៅពេលចំនួនប្រជាជនកើនឡើង។
តាមរយៈយុទ្ធសាស្ត្រទាំង៣ខាងលើ ដែលសម្ដេចតេជោ ហ៊ុន សែន បានប្រើកាលពីឆ្នាំ១៩៩៤ គឺរដ្ឋាភិបាលបានជម្នះបន្តនយោបាយប្រឡាយមេ និងប្រព័ន្ធធារាសាស្ត្រ ជំរុញការផ្លាស់ប្តូរពូជ រហូតប្រើពាក្យ ច្រូតស្រូវក្នុងទឹកប្រសើរជាងអត់ស្រូវច្រូត និងយុទ្ធសាស្ត្ររយៈពេលវែងលើវិស័យកសិកម្ម តភ្ជាប់នឹងបរិស្ថានផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង

-
KPT+៤ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ