ព័ត៌មានជាតិ
អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ
អ្នកជំនាញ២រូប ដែលមកពីរាជបណ្ឌិត្យសភាកម្ពុជា និងអក្សរសាស្ត្រខ្មែរ បានលើកឡើងដូចគ្នាថា វត្តមានរបស់ជនជាតិបរទេសដែលចូលរួមប្រកួត “សំណេរអង្គរ” កាលពីពេលថ្មីៗនេះ បានបង្ហាញពីការស្រឡាញ់អក្សរសាស្ត្រខ្មែរ លើកស្ទួយភាសាខ្មែរ ហើយក៏បញ្ជាក់ឱ្យឃើញថា អក្សរជាតិខ្មែរមានភាពល្បីល្បាញលើឆាកអន្តរជាតិដូចគ្នា។

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី២ នៅស្ពានហាល ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដោយមានបេក្ខជនចូលរួមចំនួន ១,២២០ អង្គ/នាក់ ដែលក្នុងនោះរួមមានព្រះសង្ឃ, បេក្ខជនទាំងចាស់ ក្មេង ដោយបេក្ខជនចាស់ជាងគេមានអាយុ៨១ឆ្នាំ ហើយបេក្ខជនក្មេងជាងគេអាយុ៦ឆ្នាំ ដែលមកពីរាជធានី ខេត្តនានា។ អ្វីដែលពិសេស កម្មវិធីនេះ ក៏សង្កេតឃើញមានជនជាតិបរទេសចូលរួមផងដែរ។

ចំពោះវត្តមានរបស់ជនជាតិបរទេស ដែលមកចូលរួមប្រកួត “សំណេរអង្គរ” លើកទី២ នេះ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យ កម្ពុជាថ្មី ដឹងថា៖ “ជនបរទេស ដែលចូលរួមព្រឹត្តិការណ៍នេះ មានន័យថាពួកគាត់ស្រឡាញ់ ពេញចិត្ត និងក៏ចង់ចូលរួមចំណែកលើកស្ទួយអក្សរខ្មែរ និងការផ្សព្វផ្សាយភាសាខ្មែរទៅកាន់់ពិភពលោក ជាពិសេស គឺគេចង់បង្ហាញពីកម្រិតសមត្ថភាពចេះ និងយល់ដឹងពីអក្សរសាស្ត្រខ្មែរដែរ”។

រីឯ សាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរ លោក យូ សុភា បានប្រាប់ កម្ពុជាថ្មី ថា វត្តមានរបស់ជនជាតិបរទេសដែលបានចូលរួមប្រកួតប្រជែង គឺបង្ហាញច្បាស់ពីកិត្យានុភាព ការលើកស្ទួយនៃអក្សរសាស្ត្រខ្មែរពីជនបរទេសនៅលើឆាកអន្តរជាតិ ដែលអាចឱ្យបរទេសស្គាល់អក្សរខ្មែរកាន់តែច្រើន។ បន្ថែមពីនេះ ក៏បង្ហាញថា ខ្មែរជាជនជាតិមួយដែលមានអក្សរផ្ទាល់ខ្លួន មិនលួចចម្លងពីជាតិសាសន៍ដទៃឡើយ។ លោកបន្តថា នេះក៏ជាឱកាសសម្រាប់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិផ្សេងទៀតឱ្យមកទស្សនា និងស្វែងយល់ពីប្រទេសកម្ពុជាឱ្យកាន់តែច្រើនផងដែរ។

ពាក់ព័ន្ធនឹងកម្មវិធី “សំណេរអង្គរ” លោកសាស្ត្រាចារ្យ យូ សុភា មើលឃើញថា ជាព្រឹិត្តិការណ៍មួយដែលល្អសម្រាប់ឱ្យកូនខ្មែរគ្រប់រូប រួមទាំងជនបរទេសផង ចូលរួមលើកស្ទួយ ឱ្យតម្លៃអក្សរសាស្ត្រខ្មែរ និងពង្រឹងសមត្ថភាពរបស់អ្នកចូលរួមក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធ វេយ្យាករណ៍ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតរបស់ខ្មែរ។ ក្រៅពីនេះ ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយជួយពង្រឹងសមត្ថភាពអ្នកចូលរួមម្នាក់ៗឱ្យយល់ដឹងពីសមត្ថភាពរបស់ខ្លួនកាន់តែច្បាស់ ថាស្ថិតក្នុងកម្រិតណា និងជាកត្តាជំរុញឱ្យមានការយល់ដឹងបន្ថែមទៀត។ លោក យូ សុភា បានផ្តាំផ្ញើដល់កូនខ្មែរគ្រប់រូប សិក្សាស្វែងយល់ឱ្យបានទូលំទូលាយ និងច្បាស់លាស់លើភាសាខ្មែរ ព្រមទាំងហ្វឹកហាត់ការសរសេរ ការអាន ឱ្យក្លាយជាបំណិនជីវិតមួយដែលប្រើប្រាស់ និងចងចាំអក្សរខ្មែរបានច្បាស់។ លោកសង្កត់ធ្ងន់ថា កូនខ្មែរគ្រប់រូប មុននឹងចាប់ផ្តើមរៀនពីភាសាបរទេស ត្រូវចេះ និងយកភាសាជាតិខ្លួនជាមូលដ្ឋាន។

ចំណែក អ្នកស្រីបណ្ឌិត ជា វណ្ណី ក៏បានលើកឡើងមិនខុសពីសាស្ត្រាចារ្យ យូ សុភា ដែរ ដោយលោកស្រីបានបញ្ជាក់ថា អ្នកដែលបានចូលរួម សំណេរអង្គរ បង្ហាញពីការស្រឡាញ់ និងអភិរក្សអក្សរសាស្ត្រខ្មែរ និងបំផុសគំនិត ដល់គ្រប់គ្នាយកចិត្តទុកដាក់ដល់ការប្រើប្រាស់សំណេររបស់ខ្លួនដោយប្រុងប្រយ័ត្ន ជាពិសេសយុវជនជំនាន់់ក្រោយ ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នងការសិក្សាភាសានិងអក្សរសាស្ត្រខ្មែរ ដោយសរសេរឱ្យត្រឹមត្រូវលើផ្នែកអក្ខរាវិរុទ្ធ ក្បួនខ្នាតនៃវេយ្យាករណ៍ ក៏ដូចជារបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលជាបំណិនជីវិតដ៏សំខាន់មួយ ពោល គឺលើកកម្ពស់សមត្ថភាពផ្នែកអក្សរសាស្រ្តជាតិ។
លោកស្រី បន្តថា បច្ចុប្បន្ន កម្ពុជាបានយកចិត្តទុកដាក់លើការសរសេរ និងប្រើប្រាស់ភាសាជាតិខ្លួន តាមរយៈសមិទ្ធផលដែលបានធ្វើបច្ចុប្បន្នភាពវចនានុក្រមខ្មែរ ក៏ដូចជាការបង្កើតគណៈកម្មការបច្ចេកសព្ទនានា។ ប៉ុន្តែ លោកស្រី សូមសំណូមពរបន្ថែមទៀត ដល់រដ្ឋាភិបាល ស្ថាប័នជាតិដែលទទួលបន្ទុកខាងភាសា និងអ្នកសិក្សាស្រាវជ្រាវពីអក្សរសាស្ត្រខ្មែរត្រូវយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ ក្បួនច្បាប់អក្សរសាស្ត្រ មានវេយ្យាករណ៍ អក្ខរាវិរុទ្ធ និងរបៀបសរសេរកាន់តែខ្លាំងក្លាថែមទៀត ដោយ ជួយបណ្ដុះយុវជននូវស្មារតីស្រឡាញ់អក្សរសសាស្រ្តជាតិ ពង្រីកចំណេះដឹងពង្រឹងសមត្ថភាពខាងការប្រើប្រាស់ភាសាជាតិខ្លួន និងចំណេះដឹងជំនាញថ្មីៗ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានរំលេចនៅក្នុងពិធីបើកកម្មវិធី សំណេរអង្គរ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។ លោកបណ្ឌិត លើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ឱ្យរៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការរៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្រ្តខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហាន ទំនុកចិត្ត និងទទួលយកការពិតអំពីសមត្ថភាពពិតប្រាកដដែលខ្លួនមាន ព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងពង្រឹងការអាន សរសេរ និងនិពន្ធបន្ថែមទៀត សម្រាប់ត្រៀមខ្លួនក្នុងការប្រឡងប្រណាំងនានាក្នុងពេលខាងមុខ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់