Connect with us

ព័ត៌មានជាតិ

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

បានផុស

នៅ

ភ្នំពេញ ៖ បណ្តា​សហជីព​នៅ​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹងលើវិធានការពង្រឹង​ការធ្វើអធិការកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើរោងចក្រ សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥នេះ ដើម្បីធានាឱ្យបាននូវការគោរពច្បាប់ការងារ, ការអនុវត្តប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត ពីសំណាក់និយោជក ជៀសវាងមានការតវ៉ា ឬវិវាទការងារកើតឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា យន្តការ​ពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារគឺជារឿងល្អណាស់សម្រាប់រក្សាឱ្យបាននូវការគោរពសិទ្ធិ និងតាមដានការអនុវត្តការផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតពីសំណាក់និយោជក ដើម្បីធានាបានថា ម្ចាស់រោងចក្រ សហគ្រាសទាំងនោះមិនកេងប្រវ័ញ្ញ និងផ្តល់អត្ថប្រយោជន៍បានពេញលេញតាមច្បាប់ការងារដែលមានចែងជាធរមាន ជាពិសេសលើប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ។

ប្រធានសហភាពការងារកម្ពុជាមួយនេះ បានគូសបញ្ជាក់បន្ថែមថា ការធ្វើបែបនេះមិនត្រឹមតែលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិតប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដើម្បីរក្សាឱ្យបាននូវបរិយាកាសវិនិយោគនៅក្នុងស្រុកមួយ ដែលធានាបាននូវផលិតភាពនិងស្ថិរភាព ពីព្រោះកាលណានៅក្នុងស្រុកមានការគោរពច្បាប់បានត្រឹមត្រូវ នោះកម្មករកាន់តែមានផលិតភាពការងារ ដោយឡែកអ្នកវិនិយោគថ្មីក៏មានការចាប់អារម្មណ៍លើប្រទេសកម្ពុជា ខណៈដែលស្ថានភាពការងារកាន់តែប្រសើរឡើង។ ដូច្នេះហើយការពង្រឹងច្បាប់ និងការអនុវត្តច្បាប់គឺពិតជារឿងសំខាន់ណាស់សម្រាប់បរិបទការវិនិយោគ។

ប្រធាន​សហភាព​ការងារ​កម្ពុជា​រូប​នេះ​ ក៏បានគូសបញ្ជាក់ផងដែរថា យន្តការ​ពង្រឹង​ការ​ធ្វើ​អធិការ​កិច្ច​របស់​ក្រសួងការងារនាពេលនេះ ជាមួយ​ផ្នែក​ចូល​រួម​យ៉ាង​សំខាន់​ដើម្បី​ធានា​ឱ្យនូវគោលនយោបាយថ្នាក់ជាតិគឺប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយផងដែរ។

លោកក៏សង្កត់ធ្ងន់ផងដែរថា បណ្តាសហជីពមូលដ្ឋាន និងនិយោជកត្រូវរួមគ្នាធ្វើការដោះស្រាយនូវបញ្ហាផ្សេងៗឱ្យបានទាន់ពេល ប្រសិនរកដំណោះស្រាយមិនបាន ត្រូវបញ្ជូនមកក្រសួងការងារ ដែលជាសេនាធិការខាងការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរកដំណោះស្រាយ ជៀសជាងខ្ទប់រឿង ហើយ​ឈានដល់ការបង្កើតជម្លោះនៅទីតាំងផ្ទាល់ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម។

ដោយឡែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ផងដែរថា លោកគាំទ្រយ៉ាងពេញទំហឹងលើយន្តការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារពីព្រោះដើម្បីត្រួតពិនិត្យ និងធ្វើឱ្យបណ្តាម្ចាស់រោងចក្រ សហគ្រាស អនុវត្តបានពេញលេញ និងត្រឹមត្រូវនូវប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតដល់កម្មករនិយោជិតនៅកម្ពុជា។ កិច្ចការទាំងនេះសុទ្ធសឹងតែជាអ្វីដែលកម្មករនិយោជិតចង់បាន និងទាមទារការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ។

ប្រធានសម្ព័ន្ធសហជីពជាតិរូបនេះមើលឃើញថា តាំងពីពេលមុនៗរហូតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅ រួមទាំងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត ដូច្នេះហើយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលត្រូវតែផ្តល់ឱ្យដល់កម្មករ តាមរយៈការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិឱ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុតពីសំណាក់និយោជក។

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំ និងក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដោយត្រូវទូទាត់ចំនួន ២ដង ក្នុង១ខែ។

ទន្ទឹមនឹងនេះ ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន ២ដង ក្នុង១ឆ្នាំ រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារកើតឡើង អធិការការងារនឹងចាត់វិធានការផាកពិន័យសហគ្រាស គ្រឹះស្ថាននោះ យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន។

ក្នុងករណីសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ សូមបងប្អូនកម្មករនិយោជិត ឬសហជីពដែលជាតំណាងរបស់បងប្អូនកម្មករនិយោជិតជូនដំណឹងមកអធិការការងារ តាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ ១២៩៧ ឬ ១២៨៦ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន ជៀសវាងការយកជម្រើសតវ៉ាតាមរយៈការបិទផ្លូវសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានដល់ការប្រព្រឹត្តល្មើសច្បាប់ជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច១០ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម២១ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម