ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃឱ្យអាជ្ញាធរភ្នំពេញរំដោះចិញ្ចើមផ្លូវ ខណៈនៅតែមានការរំលោភយកធ្វើឱ្យកកស្ទះ
ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា ណែនាំទៅកាន់អាជ្ញាធររាជធានីភ្នំពេញឱ្យខិតខំរិះរកមធ្យោបាយ ដើម្បីរំដោះយកចិញ្ចើមផ្លូវមកវិញ ខណៈចិញ្ចើមផ្លូវនៅតែត្រូវបានប្រជាពលរដ្ឋរំលោភយក ដែលលោកអះអាងថា ប្រការនេះ បាននាំឱ្យផ្លូវរួមតូច បង្កការកកស្ទះ និងគ្រោះថ្នាក់។

ការណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតកាងាររបស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដែលនៅក្នុងវេទិកានេះ ឧបនាយករដ្ឋមន្ត្រី ស សុខា បានផ្ដល់ការណែនាំមួយចំនួនទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យបន្តរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីធានាបាននូវសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បញ្ហាដែលលោករដ្ឋមន្ត្រីមហាផ្ទៃសង្កត់ធ្ងន់នៅភូមិសាស្ត្ររាជធានីភ្នំពេញ គឺបញ្ហាក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងការរំលោភចិញ្ចើមផ្លូវ។ លើបញ្ហាក្មេងទំនើង លោកបានលើកទឹកចិត្តឱ្យអាជ្ញាធររដ្ឋបាលរាជធានី បង្កើនសកម្មភាពផ្សារភ្ជាប់ជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ឱ្យចូលរួមអប់រំទូន្មានប្រៀនប្រដៅដល់កូនចៅ និងសិស្សានុសិស្ស។
ខណៈបញ្ហាចរាចរណ៍ និងសណ្ដាប់ធ្នាប់តាមផ្លូវ លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា នៅតែបន្តជាចោទ ព្រោះតែភាគច្រើនប្រជាពលរដ្ឋបានធ្វើសកម្មភាពតៗគ្នា ដោយរំលោភយកចិញ្ចើមផ្លូវ ធ្វើឱ្យផ្លូវរួមតូច បាត់ផ្លូវថ្មើរជើង នាំឱ្យមានការកកស្ទះ និងគ្រោះថ្នាក់។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំរដ្ឋបាលខណ្ឌទាំង១៤ ដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។

ចេញពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងពីការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយបានកោតសរសើររដ្ឋបាលរាជធានី ដែលបានដឹកនាំរដ្ឋបាលខណ្ឌចំណុះអនុវត្តការងារនេះប្រកបដោយការទទួលខុសត្រូវ ជាពិសេសយន្តការច្រកចេញចូលតែមួយ។
លោក ក៏បានឆ្លៀតកោតសរសើរ និងថ្លែងអំណរគុណក្រសួងអប់រំ ក្រសួងសុខាភិបាល និងបណ្ដាក្រសួងផ្សេងទៀតដែលបានផ្ទេរមុខងាររបស់ខ្លួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយគុណភាព។ ជាក់ស្ដែង មុខងារវិស័យអប់រំ ដែលផ្ទេរទៅឱ្យរដ្ឋបាលក្រុងស្រុកខណ្ឌ ត្រូវបានពង្រឹងប្រកបដោយគុណភាព ស្របពេលមុខងារសុខាភិបាល ក៏បានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលទ្ធភាពចាត់ចែងក្នុងដែនសមត្ថកិច្ច។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក ផ្សេងទៀត យកចិត្តទុកដាក់លើការពង្រឹងគុណភាពធនធានមនុស្ស ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសសិទ្ធិ អំណាច មុខងារ ធនធានដែលថ្នាក់ជាតិបានផ្តល់ទៅឱ្យ ដោយបានបន្ថែមថា ក្រសួងមហាផ្ទៃចាប់ពីពេលនេះតទៅការផ្តល់ក្របខ័ណ្ឌថ្មី គឺទុកកម្រិតក្រសួងត្រឹមតែ២០%ប៉ុណ្ណោះ ក្រៅពីនេះគឺនៅថ្នាក់ក្រោមជាតិ។
ឧបនាយករដ្ឋមន្ត្រី ថែមទាំងបានផ្តាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្រុមប្រឹក្សានៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ពង្រឹងការដឹកនាំតម្រង់ទិសលើការងាររៀបចំផែនការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាផ្សេងៗក្នុងមូលដ្ឋាន ព្រមទាំងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារអនាម័យ និងបរិស្ថាន៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី